website_news:2022290902

ក្រុមអ្នកឃ្លាំមើលសាទរចំណាត់ការរដ្ឋាភិបាលក្នុងការបង្ក្រាបករណី ជួញដូរមនុស្ស ដើម្បីរក្សាលំហូរវិនិយោគនិងភ្ញៀវទេសចរមកកម្ពុជា

https://www.postkhmer.com/national/2022-09-27-1817-241460.html សំបាន ច័ន្ទដារ៉ា | Publication date 27 September 2022 | 18:17 ICT

ភ្នំពេញៈ អ្នកជំនាញឃ្លាំមើលបញ្ហាសង្គមបានសាទរលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនាពេលកន្លងមក និងយល់ស្របឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់លើករណីជួញដូរមនុស្ស ជាពិសេសការរឹតបន្តឹងលំហូរចូលនូវជនបរទេស ពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងវែកមុខអ្នកពាក់ព័ន្ធឃុបឃិតដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិឱ្យមានទំនុកចិត្តលើកម្ពុជាឡើងវិញ។ ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើបញ្ហាជួញដូរមនុស្សឬបោកបញ្ឆោតតាមអនឡាញនៅបន្តកើតមាន នោះនឹងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាដែលអាចប្រឈមមុខនឹងទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ការស្រុតចុះនូវលំហូរវិនិយោគទុន ជំនួយមូលនិធិអភិវឌ្ឍន៍ប្រទេស និងធ្លាក់ចុះវិស័យទេសចរណ៍។ល។

លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលើកឡើងថា បទល្មើសជួញដូរមនុស្សជាបញ្ហាធំរបស់ពិភពលោក ដែលគេកំពុងយកចិត្តទុកដាក់ឃ្លាំមើល និងត្រួតពិនិត្យ ជាពិសេសបណ្តាប្រទេសដែលមានប្រព័ន្ធច្បាប់ និងការអនុវត្តច្បាប់ធូររលុង។ លោកបានបន្តថា ការអនុវត្តច្បាប់អន្តោប្រវេសន៍នៅមានចន្លោះប្រហោងខ្លាំង ដែលបង្កភាពងាយស្រួលដល់ឧក្រិដ្ឋជនយកកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសជួញដូរមនុស្សបាន ដោយលោកសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលមិនបានចាត់វិធានការឱ្យមានប្រសិទ្ធភាពទេនោះ អាចនឹងមានទណ្ឌកម្មពីសហគមន៍អន្តជាតិនានាបន្ថែមទៀត ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា។ លោក មាស នី បានបញ្ជាក់ថា៖ «ការជួញដូរមនុស្សនេះ ជាការរំលោភសិទ្ធិមនុស្ស ហើយកាលណាចូលដល់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយ យើងអាចនឹងទទួលរងទណ្ឌកម្មអន្តរជាតិ បើយើងមិនបានត្រួតពិនិត្យដើម្បីកាត់បន្ថយវា» ។ លោកបានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយករណីនេះឱ្យមានភាពប្រសិទ្ធទេនោះ ទីក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងម៉ាហ្វីយ៉ា សម្រាប់ឧក្រិដ្ឋជន ដែលនឹងប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងស្រុក និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងការបទេសអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីខ្មៅរបស់ខ្លួនលើផ្នែកជួញដូរមនុស្ស ដែលចាត់ថ្នាក់កម្ពុជាក្នុងលំដាប់ទី២ ក្នុងការតាមដាន ហើយសហរដ្ឋអាមេរិកអះអាងថា ការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងជាលំដាប់ ។

ចំពោះលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ករណីជួញដូរមនុស្សនៅកម្ពុជា សហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជាក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់ដែលក្នុងរូបភាពបែបនេះ វាបានប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជាពិសេសលំហូរវិនិយោគទុនពីបរទេសដោយផ្ទាល់នៅក្នុងស្រុក ដែលអ្នកវិនិយោគទាំងនោះមានការខ្លាចរអាក្នុងការបោះទុនវិនិយោគនៅកម្ពុជា។ លោក គិន ភា បានគូសបញ្ជាក់ពីនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយមុខមាត់ប្រទេសឡើង វិញ ដូច្នេះថា៖ «ជានយោបាយការបរទេស រដ្ឋាភិបាលកម្ពុជាបានបង្ហាញទៅកាន់អន្តរជាតិថា បញ្ហាជួញដូរមនុស្សនេះ កម្ពុជាមិនបានគាំទ្រឡើយ ហើយរដ្ឋាភិបាលក៏មានក្របខ័ណ្ឌនយោបាយប្រាកដប្រជាក្នុងការប្រយុទ្ធប្រឆាំងដែរ ព្រមទាំងសុច្ឆន្ទៈក៏ដូចជាការខិតខំប្រឹងប្រែងរួចហើយលើករណីជួញដូរមនុស្ស និងការបង្ក្រាបល្បែងអនឡាញជាដើមនេះ»។ លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកវិញនៅតែបន្តព្រួយបារម្ភពីករណីជួញដូរមនុស្ស ក៏ដូចជា ការលាងលុយកខ្វក់ផងដែរ ដែលរឿង២នេះគឺមានចំណងពាក់ព័ន្ធគ្នា។ លោកថា បញ្ជីប្រផេះចំពោះការលាងលុយកខ្វក់ដែលវាធ្វើឱ្យអ្នកវិនិយោគភាគច្រើនមិនហ៊ានមករកស៊ីនៅកម្ពុជា ជាពិសេសអ្នកវិនិយោគក្នុងប្រទេសលោកសេរីដោយពួកគេមិនអាចរកស៊ីក្នុងប្រទេស ដែលមានចំណាត់ថ្នាក់អាក្រក់លើការរំលោភសិទ្ធិមនុស្ស និងស្រុតចុះប្រជាធិបតេយ្យបានឡើយនិងមួយវិញទៀតគឺពួកគេភ័យខ្លាចពីសុខសុវត្ថិភាពផង ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យបង្ហាញឆន្ទៈពិតប្រាកដលើការទប់ស្កាត់ករណីជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនទំនុកចិត្តពីសហគមន៍អន្តរជាតិ និងជាពិសេសការបើកលំហសេរីភាព និងប្រជាធិបតេយ្យឡើងវិញ។ ចំពោះលោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) វិញបានគូសបញ្ជាក់ថា រដ្ឋាភិបាលនៃបណ្តាប្រទេសខ្លះបានអំពាវនាវឱ្យប្រជាជនខ្លួនប្រុងប្រយ័ត្នជាមួយកម្ពុជាផង ដែលវាជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍កម្ពុជា ការវិនិយោគ មិនតែប៉ុណ្ណោះ វាអាចប៉ះពាល់ជំនួយ និងមូលនិធិអភិវឌ្ឍន៍ប្រទេសផង។ ប៉ុន្តែលោកសង្កេតឃើញថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្តបន្ទាប់រួចហើយ ហើយលោកសង្ឃឹមថា វិធានការទាំងអស់នោះនឹងមានប្រសិទ្ធភាពពិតប្រាកដ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ធ្លាប់បានសម្តែងការព្រួយបារម្ភថា បើកម្ពុជារអិលធ្លាក់ក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់ កម្ពុជាអាចនឹងជួបវិបត្តិនានាមិនថាវិស័យនយោបាយ និងវិស័យធនាគារ ពាក់ព័ន្ធលើយន្តការផ្ទេរប្រាក់តាមយន្តការអន្តរជាតិជាដើម។ រាជរដ្ឋាភិបាលកម្ពុជាបានសង្គ្រោះជន ដែលត្រូវគេជួញដូររាប់រយនាក់ក្នុងយុទ្ធនាការបង្ក្រាបការជួញដូរមនុស្សនៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃក៏បានប្រកាសលេខទូរស័ព្ទទទួលពាក្យបណ្ដឹងបន្ទាន់ជុំវិញករណីជួញដូរមនុស្សនេះដែរ ដោយកាលពីខែកន្លងទៅក្រសួងជំនាញមួយនេះទទួលពាក្យបណ្ដឹងប្រមាណជាង ២០០ ករណីពីជនរងគ្រោះ៕

website_news/2022290902.txt · Last modified: 2022/09/30 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki