website_news:2022291103

កម្ពុជា និង ថៃ ប្ដេជ្ញារួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់តាមទូរសព្ទ

https://www.khmertimeskh.com/501192376//?p=1192376 November 28, 2022ហង្ស ពណ្ណរាយ

ភាគីកម្ពុជា និងភាគីថៃ បានប្ដេជ្ញាធ្វើការរួមគ្នាដោយបង្កើនទំនាក់ទំនងផ្នែកយោធាឱ្យកាន់តែប្រសើរ ដើម្បី បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរមនុស្ស ការបោកប្រាស់តាមទូរសព្ទ និងបង្កើនសហប្រតិបត្តិការផ្នែកយោធាប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណកម្មការព្រំដែនទូទៅថៃ-កម្ពុជា លោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃសុក្រ បានចូលរួមក្នុងកិច្ចប្រជុំលើកទី១៥ នៃគណកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលធ្វើឡើងនៅទីក្រុងបាងកក។ សារព័ត៌មានបាងកកប៉ុស្ដិ៍ កាលពីថ្ងៃសៅរ៍ បានចេញផ្សាយថា កម្ពុជា និងប្រទេសថៃ បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាមួយនឹងគ្នា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមអុីនធឺណិត ជាពិសេស លុបបំបាត់ការបោកប្រាស់តាមទូរសព្ទ នៅប្រទេសទាំងពីរ។ សារព័ត៌មានបញ្ជាក់ថា សហប្រតិបត្តិការរវាងគ្នានេះ គឺបង្រ្កាបអ្នកបោកប្រាស់ជនជាតិថៃ ឱ្យមកធ្វើការខុសច្បាប់នៅកម្ពុជា ឬបោកប្រាស់ប្រជាជនកម្ពុជា ឱ្យទៅធ្វើការខុសច្បាប់នៅប្រទេសថៃ។ សារព័ត៌មានបន្ថែមថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីជំរុញប្រតិបត្តិការបោសសម្អាតមីននៅតាមព្រំដែនផងដែរ។ ប្រទេសថៃ ក៏បានស្នើឱ្យកម្ពុជា បន្តស្វែងរកជនជាតិថៃ ដែលបានចាញ់បោកគេ ដែលកំពុងរស់នៅខុសច្បាប់នៅកម្ពុជា ដើម្បីបញ្ជូនត្រឡប់ទៅរស់នៅប្រទេសថៃវិញ។

ជំនួបរវាងភាគីទាំងពីរនេះ ក៏បានលើកឡើងពីភាពចាំបាច់សម្រាប់ទំនាក់ទំនងកងកម្លាំងសមត្ថិកិច្ចកម្ពុជា និងថៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។ ភាគីថៃ និងកម្ពុជា បានឯកភាពជាមួយគ្នាបន្ថែមទៀត គឺដោះស្រាយបញ្ហាការជួញដូរគ្រឿងញៀន និងធានាដាក់ឱ្យតំបន់ព្រំដែនតាមដងទន្លេមេគង្គ គឺគ្មានការជួញដូរសារធាតុញៀន។ ជុំវិញបញ្ហានេះ កាសែតខ្មែរថាមស៍ ពុំអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ និងលោក អ៊ុន សុវណ្ណ បាននៅឡើយកាលពីម្សិលម៉ិញ។

កាលពីម្សិលមិញ លោក ទៀ បាញ់ បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថា កិច្ចប្រជុំរវាងកម្ពុជា និងប្រទេសថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ គឺប្រកបទៅដោយជោគជ័យ និងផ្លែផ្កាគួរជាទីមោទនៈ។ លោកបញ្ជាក់ថា៖ «តាមរយៈកិច្ចប្រជុំនេះ នឹងពង្រឹងសាមគ្គីភាព មិត្តភាព ភាតរភាពក្នុងនាមប្រទេសភូមិផងរបងជាមួយ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត»៕

website_news/2022291103.txt · Last modified: 2022/12/07 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki