website_news:2022300304

CPU បង្ហាញគម្រោងសង់មជ្ឈមណ្ឌលមានតម្លៃ ២០ លានដុល្លារអូស្ត្រាលី ជួយកុមាររងគ្រោះពីការបំពានផ្លូវភេទ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 29 March 2022 | 09:14 ICT

ភ្នំពេញៈ អង្គភាពការពារកុមារ (CPU) បង្ហាញគម្រោងសាងសង់មជ្ឈមណ្ឌលថ្មីមួយនៅចុងឆ្នាំ ២០២៣ ខាងមុខក្នុងទំហំទឹកប្រាក់ប្រមាណ ២០ លានដុល្លារអូស្ដ្រាលី សម្រាប់ជួយដល់កុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ និងមានបំពាក់ដោយទីតាំងជំនាញបច្ចេកទេសផ្សេងៗជាច្រើនទៀតសម្រាប់តាមចាប់ជនសង្ស័យលើករណីនេះ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។ ការបង្ហាញពីគម្រោងសាងសង់មជ្ឈមណ្ឌលថ្មីនេះធ្វើឡើងអំឡុងពេល លោក James McCabe នាយកប្រតិបត្តិ CPU បានជួបប្រជុំជាមួយលោកស្រី យក់ សុខា អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី ២៥ មីនា ដើម្បីប្រគល់ជូននូវរបាយការណ៍ប្រចាំឆ្នាំ និងរៀបរាប់អំពីគម្រោងរបស់ CPU សម្រាប់ ៥ ឆ្នាំខាងមុខនេះ ដែលនឹងមានការបង្កើននូវសេវាកម្ម និងការព្យាបាលជូនជនរងគ្រោះនៃបទល្មើសរំលោភផ្លូវភេទ រួមទាំងការបង្កើននូវសេវាកម្មគាំទ្រ និងសេវាកម្មស៊ើបអង្កេត។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាព CPU និងអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងការស៊ើបអង្កេតបង្ក្រាបបទល្មើសប្រឆាំងនឹងកុមារ និងការបណ្តុះបណ្តាលជំនាញដល់មន្ត្រីនគរបាលជាតិកម្ពុជាផងដែរ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។

យោងតាមរបាយការណ៍របស់ CPU ជម្រាបជូនលោកស្រី យក់ សុខា អំពីគម្រោងសាងសង់មជ្ឈមណ្ឌលថ្មី គឺមានទឹកប្រាក់ប្រមាណ ២០ លានដុល្លារអូស្ត្រាលី ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ ២។ មជ្ឈមណ្ឌលនេះជាទីតាំងសម្រាប់បម្រើការងារផ្សេងៗ រួមមានបន្ទប់សម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា បន្ទប់ស្នាក់នៅសម្រាប់ថែទាំជនរងគ្រោះ បន្ទប់សម្រាប់ប្រឹក្សាផ្នែកច្បាប់ បន្ទប់ធ្វើកោសល្យវិច្ច័យ ពេទ្យចិត្តសាស្ត្រ បន្ទប់ព័ត៌មានវិទ្យា សម្រាប់ទទួលព័ត៌មាន និងទំនាក់ទំនងជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមានអ្នកជំនាញធ្វើកោសល្យវិច័យគ្រឿងអេឡិចត្រូនិកដែលអាចទាញយកឯកសារ ឬរូបភាពចេញពីកុំព្យូទ័រ ទូរស័ព្ទដៃរបស់ជនរងគ្រោះ ឬជនសង្ស័យ។ ក្រៅពីនេះក៏មានបន្ទប់ស្នាក់នៅសម្រាប់កម្លាំងនគរបាលប្រចាំការបំពេញភារកិច្ច និង ចុះប្រតិបត្តិការ ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ។

លោក James McCabe បានឱ្យដឹងថា គម្រោងសាងសង់នេះតាមផែនការត្រូវសាងសង់រួចនៅដើមឆ្នាំ ២០២៤ តែអាចដំណើរការជាបណ្តើរៗនៅចុងឆ្នាំ ២០២៣។ មជ្ឈមណ្ឌលនេះ កើតឡើងដំបូងគេនៅកម្ពុជា ដែលបង្ហាញអន្តរជាតិឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ប្រជាពលរដ្ឋពិសេសជួយដល់កុមាររងគ្រោះ ដែលកិច្ចសហប្រតិបត្តិការនេះមានរយៈពេល ១០ ឆ្នាំទៅមុខទៀត។

លោកស្រី យក់ សុខា បានគាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលថ្មីនេះ ដែលមានបន្ទប់បម្រើតាមជំនាញផ្សេងៗ សម្រាប់ជួយដល់កុមាររងគ្រោះទាន់ពេលវេលា និងចាប់ជនសង្ស័យដោយមានជំនាញធ្វើកោសល្យវិច័យរកភ័ស្តុតាងដាក់បន្ទុកលើជនសង្ស័យ។ លោកស្រីបានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងសហការល្អរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាជាមួយ CPU។

អង្គភាព CPU បានថ្លែង អបអរសាទរទៅដល់រាជរដ្ឋាភិបាល កម្ពុជា និងនគរបាលជាតិកម្ពុជាចំពោះកិច្ចការដ៏ល្អប្រសើរក្នុងឆ្នាំ ២០២១ ក្នុងការស៊ើបអង្កេតទៅលើរាល់បទល្មើសលើកុមារ។ ខណៈអត្រាឃាត់ខ្លួន ៨៥% ក្នុងករណីសរុបចំនួន ៣១៣ ករណី គឺជាសមិទ្ធផលដ៏អស្ចារ្យ ហើយក៏បង្ហាញពីភាពប្តេជ្ញា និងការខិតខំប្រឹងប្រែងក្នុងការប្រឆាំងបទល្មើសលើកុមារ។ CPU បានបង្ហាញការប្តេជ្ញាក្នុងការផ្តល់ជូននូវសេវាកម្មល្អបំផុតជូនទៅដល់រាល់កុមារដែលបានរងគ្រោះពីបទល្មើស និងផ្តល់ជូននូវសេវាកម្មគាំទ្រ និងសេវាកម្មស៊ើបអង្កេតដែលល្អបំផុត។

លោក Jamesថ្លែងថា៖ «កិច្ចការ និងបេសកកម្មស៊ើបអង្កេតជាច្រើនត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០២១ ដែលនាំមកនូវលទ្ធផលដ៏ល្អប្រសើរ ហើយ CPU មានភាពរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរទាំងនេះបន្តទៅមុខទៀត»៕

website_news/2022300304.txt · Last modified: 2022/03/31 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki