website_news:2022300601

ក្រសួងរកឃើញករណីបំពានផ្លូវភេទកុមារតាមអ៊ីនធឺណិតនៅកម្ពុជាកើនឡើង

https://www.postkhmer.com/ ឡាយ សាមាន | Publication date 29 June 2022 | 10:13 ICT

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រកឃើញថា ករណីរំលោភបំពានផ្លូវភេទចំពោះកុមារលើ បណ្តាញអ៊ីនធឺណិតនៅកម្ពុជាក្នុងឆ្នាំ ២០២១ មានចំនួនប្រមាណ ៤០ ម៉ឺនករណី គឺកើនលើសទ្វេដងបើធៀបនឹងឆ្នាំ ២០២០ ហើយបានអំពាវនាវគ្រប់តួអង្គទាំងរដ្ឋ និងវិស័យឯកជនចូលរួមទប់ស្កាត់ទាំងអស់គ្នា។

របាយការណ៍ពីករណីនេះ ត្រូវបានដាក់បង្ហាញនៅក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោងស្តីពី “ការជំរុញការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ” នៅពីថ្ងៃទី ២៨ ខែមិថុនា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យាតំណាងអង្គការយូនីសេហ្វ និងអង្គការក្រៅរដ្ឋាភិបាលប្រមាណ ១៥០ រូប។

អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក នាង ម៉ៅ បានថ្លែងថា បន្ទាប់ពីអង្គសិក្ខាសាលានេះ ក្រុមការងារនឹងបន្តធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីសិក្សាស្វែងយល់អំពីលទ្ធភាពក្នុងការបញ្ជ្រាប និងដាក់បញ្ចូលគោលនយោបាយកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញទៅក្នុងដំណើរការប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកបង្កើតមាតិកាព័ត៌មាន។ លោកបន្តថា ការអនុវត្តគម្រោងនេះជាអន្តរាគមន៍បន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងគ្រោះថ្នាក់ដែលកំពុងកើនឡើងយ៉ាងគំហុកលើបណ្ដាញអ៊ីនធឺណិតចំពោះកុមារ និងជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ការរំលោភបំពានកុមារតាមអនឡាញនៅកម្ពុជាកើនឡើងយ៉ាងច្រើនក្នុងពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកុមារបានផ្លាស់ប្ដូរជាច្រើនក្នុងរបៀបរបបរស់នៅ និងការសិក្សារបស់ពួកគេ។ លោកថា៖ «ករណីនៃការរាយការណ៍ពីការរំលោភបំពានផ្លូវភេទចំពោះកុមារលើបណ្តាញអ៊ីនធឺណិត ដែលកើតមាននៅមានក្នុងប្រទេសកម្ពុជា ចំនួនប្រមាណ ៤០ ម៉ឺនករណី គឺកើនលើស ឆ្នាំ ២០២០ ជាងទ្វេដង»។ លោកបានឱ្យដឹងថា ថ្មីៗនេះមានសកម្មភាពជួញដូររូបភាពអាសអាភាសបានកើតឡើងជាបន្តបន្ទាប់តាមបណ្ដាញសង្គមនៅកម្ពុជា។ ខណៈកំណើនចរាចរណ៍លើករណីរំលោភបំពាន និងការផ្សព្វផ្សាយរូបភាពអាសអាភាសរបស់កុមារលើអ៊ីនធឺណិតផងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតធំៗជាច្រើនលើសកលលោកបាននិងកំពុងទប់ស្កាត់ដោយប្រើប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ដូចជា ការប្រើប្រាស់ប្រព័ន្ធបញ្ញានិម្មិត ដើម្បីពិនិត្យលើរូបភាព និងកំណត់អត្តសញ្ញាណជនរងគ្រោះ ជនល្មើស និងទីតាំងជាដើម។ លោកថា៖ «ត្រង់ចំណុចនេះការចូលរួមរបស់វិស័យឯកជន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យា និងអាណាព្យាបាល មានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃករណីរំលោភបំពានផ្លូវភេទលើកុមារ និងការចូលរួមការពារជនរងគ្រោះ»។

លោក Benjamin Wildfire តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងថា អង្គការយូនីសេហ្វបានសិក្សាលើការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញនៅប្រទេសចំនួន ៤ ក្នុងតំបន់អាស៊ានក្នុងនោះមានកម្ពុជាផងដែរ កាលពីឆ្នាំ ២០១៩។ លោកបន្តថា ភាគច្រើននៃកុមារបានប្រើបណ្តាញសង្គម សម្រាប់ប្រាស្រ័យទាក់ទងសម្រាប់ការកម្សាន្ត និងការសិក្សាជាដើម ហើយកុមារទាំង ២ ភេទដែលប្រើអ៊ីនធឺណិតនោះត្រូវបានជនមិនស្គាល់មុខផ្ញើរូបអាសអាភាស វីដេអូ និងមធ្យោបាយផ្សេងៗទាក់ទងការរំលោភបំពានផ្លូវភេទ។ ជាងនេះទៀត ហានិភ័យនេះបានកើនឡើងក្នុងពេលមានកូវីដ ១៩ ដោយសារកុមារប្រើពេលលើអនឡាញសម្រាប់រៀនសូត្រ។ លោកថា៖ «យ៉ាងណាក៏ដោយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់មិនថា វិស័យឯកជន រដ្ឋ អង្គការក្រៅរដ្ឋាភិបាលត្រូវតែបន្តសហការធ្វើការជាមួយគ្នា ដើម្បីឱ្យកុមារទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ជាពិសេសរដ្ឋាភិបាលត្រូវតែមានវិធានការឆ្លើយតបឱ្យទាន់ពេលវេលា»។

លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា ការគិតគូរការពារកុមារលើប្រព័ន្ធអនឡាញមានសារៈសំខាន់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន និងអនាគត ហើយស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ និងការបិទសាលា កុមារកម្ពុជាជាង ៣ លាននាក់មានតម្រូវការប្រើប្រព័ន្ធអនឡាញសម្រាប់ការរៀនសូត្រ កម្សាន្ត ការប្រាស្រ័យទាក់ទងគ្នា។ លោកថា៖ «ស្របពេលជាមួយគ្នានេះហានិភ័យនៃប្រព័ន្ធអនឡាញ និងការគំរាមកំហែង និងការរំលោភបំពានផ្លូវភេទចំពោះកុមារមានចំនួនកើនឡើងគួរឱ្យបារម្ភដែលទាមទារឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ និងការគិតគូរយុទ្ធសាស្ត្រ សម្រាប់រយៈពេលវែងបន្ថែមទៀត»។ ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមដែលបានចូលរួមក្នុងសិក្ខាសាលានេះបានថ្លែងថា ពួកគេនឹងប្រើវេទិកានេះ ដើម្បីចែករំលែកបន្តលើប្រព័ន្ធអនឡាញ និងបង្កើតមាតិកាផ្សេងៗ ដើម្បីបញ្ច្រាបការយល់ដឹងបន្ថែមដល់សាធារណជនឱ្យចូលរួមទប់ស្កាត់។ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ដើម្បីកុមារ លោកស្រី សម្បត្តិ សុគន្ធា បានថ្លែងថា លោកស្រីពិតជាមានមោទនភាព ដោយសាររឿងកុមារនេះមានផ្នែកពាក់ព័ន្ធចូលរួមទប់ស្កាត់ ក្នុងនោះរួមទាំងពីវិស័យឯកជនថែមទៀត។ លោកស្រីបន្តថា៖ «មានន័យថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាជាតិ ដើម្បីកុមារបានធ្វើការងារនេះច្រើនទាក់ទងការរំលោភផ្លូវភេទអនឡាញរហូតយើងមានក្រុមការងារបច្ចេកទេសអន្តរក្រសួងធ្វើការលើរឿងនេះ និងភាគីពាក់ព័ន្ធ»៕

website_news/2022300601.txt · Last modified: 2022/06/30 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki