website_news:2022300801

ក្រសួងមហាផ្ទៃ បង្ហាញពីលទ្ធផលនៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេសចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែសីហា នៅខេត្តព្រះសីហនុ

http://freshnewsasia.com/ 2022-08-27 06:18pm

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផលនៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេស តាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារ សម្ដេចក្រឡាហោម ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ គិតចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ដើម្បីបម្រើការងារឲ្យក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ករណីទី១ បានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន១នាក់ ជាស្ត្រីជនជាតិម៉ាឡេស៊ី ឈ្មោះ KHOO AI LEE អាយុ២៧ឆ្នាំ ពីក្នុងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ព្រះសីហនុ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងសាកសួរ ជនរងគ្រោះបានឲ្យដឹងថា ខ្លួនត្រូវបានគេចាប់បង្ខាំងដោយខុសច្បាប់ ប្រើហិង្សា កំហែងយក ជួញដូរកម្លាំងពលកម្ម និងអាវុធ ដោយខុសច្បាប់។ ក្នុងកិច្ចប្រតិបត្តិកាតនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៨នាក់ជាបន្តបន្ទាប់ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតបានអាវុធខ្លីម៉ាក ZORAKI ចំនួន១ដើម ។ សមត្ថកិច្ចក៏បន្តស្រាវជ្រាវពីប្រភពអាវុធខ្លីនោះ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១ និង៣០នាទី រំលងអាធ្រាត្របានឈានដល់ការស្រាវជ្រាវបង្ក្រាបជនសង្ស័យជួញដូរអាវុធ បានចំនួន៣នាក់ ភេទប្រុស ( ខ្មែរ២ ចិន១) និងដកហូត បានវត្ថុតាងអាវុធមួយចំនួនបន្ថែមទៀត។

ក្នុងករណីនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន១១នាក់ ភេទប្រុស ជនជាតិចិន៩នាក់ និងជនជាតិខ្មែរ២នាក់។វត្ថុតាងដកហូតបានរួមមាន អាវុធវង២ដើម (ម៉ាក PPSH41 និងម៉ាក កាលីតឌូ «KARATAY») បង់ត្រឡោកចំនួន១, បង់អាវុធវែងAK ចំនួន១, អាវុធខ្លីចំនួន៤ដើម (ម៉ាក ZORAKI ចំនួន៣ដើម និងម៉ាក SIG SAURER១ដើម) គ្រាប់កាំភ្លើងសរុបចំនួន ២៦៥គ្រាប់, រថយន្តចំនួន៤គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួន, ដោយឡែកជនរងគ្រោះសំណូមពរឱ្យជនសង្ស័យសងលុយវិញ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តការស្រាវជ្រាវតាមនីតិវិធីជំនាញ ដើម្បីស្វែងរកបក្សពួកដែលនៅសេសសល់កំពុងរត់គេចខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ករណីទី២ ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ និង៤០នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន៣នាក់ ជាជនជាតិម៉ាឡេស៊ី ភេទប្រុស នៅក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រង១នាក់ ភេទប្រុស ជនជាតិ ម៉ាឡេស៊ី យកមកធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ សាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រង បានឲ្យដឹងថា ករណីនេះមិនមែនជាករណីបង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេ ដោយជនរងគ្រោះ បានចូលធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា តែដោយគាត់មិនពេញចិត្តនិងការងារ និងមិនអាចចេញដើរហើរទៅខាងក្រៅក្រុមហ៊ុនដោយសេរីបាន ទើបពួកគាត់ប្តឹងស្នើសុំឲ្យយកពួកគាត់ចេញ ពីក្រុមហ៊ុន ដែលពួកគាត់កំពុងធ្វើ ការ ដើម្បីអាចត្រឡប់ទៅប្រទេសកំណើតវិញ។ ពួកគេបានសំណូមពរចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

ករណីទី៣ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធHotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំង ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានខិតខំព្យាយាមធ្វើការស្រាវជ្រាវ និងទាក់ទងទៅអ្នកដែល បានប្ដឹង ដើម្បីទទួលបានពត៌មានបន្ថែម អំពីទីតាំងរបស់ជនរងគ្រោះ តែមិនមានការឆ្លើយតប(សាម៉ីខ្លួន ព្យាយាម មិនសហការជាមួយសមត្ថកិច្ច) កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវ។

ករណីទី៤ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥៖១៥នាទី ដោយអនុវត្តតាមបណ្ដឹងរាយការណ៍ចូល ប្រព័ន្ធ Hotline ក្រុមការងារសម្ដេចក្រឡាហោម ស ខេង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរំដោះបានជនរងគ្រោះចំនួន៥នាក់ (ស្រី១) ជាជនជាតិម៉ាឡេស៊ី នៅក្រុមហ៊ុនមួយកន្លែងស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងធ្វើការឃាត់ខ្លួនអ្នកគ្រប់គ្រង១នាក់ ភេទប្រុស ជនជាតិម៉ាឡេស៊ី យកមកធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការស្រាវជ្រាវ សាកសួរជនរងគ្រោះ និងអ្នកគ្រប់គ្រង បានឲ្យដឹងថាករណីនេះមិនមែនជាករណី បង្ខាំង ឬជួញដូរមនុស្សដោយខុសច្បាប់នោះទេ ដោយជនរងគ្រោះបានចូលធ្វើ ការនៅក្នុងក្រុមហ៊ុនជាធម្មតា តែដោយគាត់មិនពេញចិត្តនិងការងារ និងមិនអាចចេញដើរហើរទៅខាងក្រៅក្រុមហ៊ុន ដោយសេរីបាន ទើបពួកគាត់ប្តឹងស្នើសុំឲ្យយកពួកគាត់ចេញ ពីក្រុមហ៊ុន ដែលពួកគាត់កំពុងធ្វើការ ដើម្បីអាចត្រឡប់ទៅប្រទេសកំណើតវិញ។ ពួកគេក៏បានសំណូមពរចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

ចំពោះជនរងគ្រោះ និងជនសង្ស័យពាក់ព័ន្ធនឹងការណីទាំង៤នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានកំពុងបន្តអនុវត្តទៅតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

website_news/2022300801.txt · Last modified: 2022/08/31 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki