website_news:2022300901

សម្ដេចតេជោ ៖ មិនអាចយកបញ្ហាជួញដូរមនុស្ស ឬការរៀបការ មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរ បានទេ

https://www.kampucheathmey.com/local-news/383889 ថ្ងៃព្រហស្បតិ៍ ២៩ កញ្ញា ២០២២

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គេមិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរបានទេ ហើយកម្ពុជាមិនទទួលឲ្យដាក់ស្ថានបេសកកម្មណាមួយ តំណាងតៃវ៉ាន់នៅកម្ពុជាឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះថា កន្លងមក មានអ្នកស្នើឲ្យសម្ដេចអនុញ្ញាតឲ្យមាន ស្ថានបេសកកម្មរបស់តៃវ៉ាន់ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាស្ត្រីប្រមាណ ៥ពាន់នាក់ ដែលត្រូវរៀបការទៅតៃវ៉ាន់។ តែឯកសារដែលអ្នកស្នើនោះ យកមកឲ្យត្រូវសម្ដេចគ្រវ៉ាត់ចោល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា គេមិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរ បានទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «មិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្ដី ឬដោយបង្ខំក្ដី យកមកបង្ខំឲ្យកម្ពុជា អនុវត្តនូវគោលនយោបាយចិនពីរបាន ទេ….កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ»។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា «អ្នកកុំយកបញ្ហារឿងស្ដ្រីប៉ុន្មានរយ ប៉ុន្មានពាន់នាក់ យកមកបង្ខំឲ្យខ្ញុំទទួលដាក់បេសកកម្ម ដើម្បីថា មកដោះស្រាយការបញ្ជាក់ចេញពីការិយាល័យរបស់គេ នៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពស្របរស់នៅតៃវ៉ាន់»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កម្ពុជា មិនឲ្យមានតំណាងតៃវ៉ាន់ណាមួយនៅក្នុងប្រទេសកម្ពុជាទេ ដោយទទួលត្រឹមតែអ្នកវិនិយោគតែវ៉ាន់តែប៉ុណ្ណោះ ដែលកម្ពុជាមិនទទួលឲ្យដាក់ស្ថានបេសកកម្មណាមួយតំណាងតៃវ៉ាន់នៅកម្ពុជា នោះទេ៕ អត្ថបទ៖ ឃួន សុភ័ក្រ

website_news/2022300901.txt · Last modified: 2022/09/30 14:51 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki