website_news:2022300904

សម្ដេចតេជោ ៖ ការជួញដូរមនុស្ស មិនមែនមានតែនៅកម្ពុជាទេ គឺមានលើពិភពលោក

https://dap-news.com/national/2022/09/29/281902/ ByTR110Posted on September 29, 2022

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការជួញដូរមនុស្ស មិនមែនកើតឡើងតែនៅកម្ពុជាមួយទេ គឺមាននៅគ្រប់ប្រទេសនៅទូទាំងពិភពលោក ដែលបាននិងកំពុងកើតឡើង ហើយអាជ្ញាធរត្រូវបន្ដទប់ស្កាត់ឲ្យទាន់ពេលវេលា កុំឲ្យកម្ពុជាក្លាយជាគោលដៅសុវត្ថិភាពរត់ពន្ធមនុស្ស។

ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយមានការរត់ពន្ធមនុស្សចូលកម្ពុជា ឬរត់ពន្ធមនុស្សចេញពីកម្ពុជាទៅប្រទេសផ្សេងៗ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនការស្រាវជ្រាវ បង្ក្រាប ហើយអនុវត្តច្បាប់ដោយស្មើភាព និងម៉ឹងម៉ាត់ ដោយគ្មានការលើកលែងចំពោះទីតាំង និងបុគ្គល ពាក់ព័ន្ធនឹងអំពើជួញដូរ និងរត់ពន្ធមនុស្សគ្រប់ទម្រង់ នៅកម្ពុជា។ នាឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាមិនល្អឥតខ្ចោះនោះទេ តែក៏មិនអាក្រក់ ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និងវាយតម្លៃនោះដែរ លើបញ្ហាទាំងឡាយដែលកម្ពុជាមានឆន្ទៈ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្ស។

សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំ វាយតម្លៃស្ថានភាពរួមលើពិភពលោក ទាក់ទងទៅនឹងបញ្ហាការជួញដូរមនុស្ស ឬក៏ឧក្រិដ្ឋដែលបានកើត ការធ្វើចំណាត់ស្រុក មិនមែនមានប្រទេសកម្ពុជាមួយទេ ដែលបាននិងកំពុងកើតឡើងបញ្ហាទាំងនេះ។ យើងក្រឡេកមើលសហរដ្ឋអាមេរិក និងតំបន់អាមេរិក រហូតដល់អតីតប្រធានាធិបតី ដូណា ត្រាំ ចង់ធ្វើរបបរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ិក សំដៅដោះស្រាយអ្វី? គឺដោះស្រាយកុំឲ្យមានមនុស្សរត់ពីបណ្ដាប្រទេសអាមេរិកខាងជើង និងប្រទេសដ៏ទៃទៀតនៅតំបន់នោះទៅកាន់សហរដ្ឋអាមេរិក»។

សម្ដេចតេជោបន្ដថា ការរត់ពន្ធមនុស្សពីប្រទេសមួយ ទៅប្រទេសមួយ ក្លាយជារឿងអកុសលសម្រាប់ប្រជាជនក្រីក្រ ក៏ប៉ុន្ដែក៏ជាឱកាសនៃពួកទុច្ចរិតដែលធ្វើការងារនេះ សំដៅបម្រើផលប្រយោជន៍របស់ពួកគេ។ សម្ដេចថា ការរត់ពន្ធមនុស្សនៅកម្ពុជា បើប្រៀបធៀបជាមួយបណ្ដាប្រទេសមួយចំនួន មិនទាន់ធំហួសឡើយ ប៉ុន្ដែបើមិនទប់ស្កាត់ទេ នឹងក្លាយជាគោលដៅសុវត្ថិភាពពួកឧក្រិដ្ឋជន រត់ពន្ធមនុស្សចូលមកកម្ពុជា ឬរត់ពន្ធមនុស្សពីកម្ពុជា ទៅអាមេរិក ដូច្នេះរួមគ្នាបន្ដប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

website_news/2022300904.txt · Last modified: 2022/10/02 16:28 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki