website_news:2022300913

ការបង្អើលរឿង«វះយកគ្រឿងក្នុង» គឺជាល្បិចបំភ័យរបស់ក្រុមជួញដូរមនុស្សនៅកម្ពុជា

https://www.khmertimeskh.com/501159135//?p=1159135 គង់ អារី និង ស៊ុត គឹមសឿន September 29, 2022

ខណៈដែលមានករណីបង្រ្កាបការជួញដូរមនុស្ស និង កម្លាំងពលកម្មកំពុងបន្តធ្វើក្នុងប្រទេសកម្ពុជា ក្នុងនោះករណី ជួយសង្រ្គោះចុងក្រោយលើជនរងគ្រោះចំនួន៤៦៩នាក់ក្នុង ខេត្តព្រះសីហនុនោះ ក៏មានការអះអាងថា មានការជួញដូរសរីរាង្គមកលើជនបរទេស ដែលត្រូវបានមេខ្យល់ក្រុមជួញដូរបានឆបោកក្រោមរូបភាពផ្តល់ការងារដែរ។ ការអះអាងដែលថាការជួញដូរសរីរាង្គត្រូវបានគេរាយការណ៍ថា ត្រូវបានលើកឡើងដោយ ជនរងគ្រោះនៃអំពើជួញដូរមនុស្ស ត្រូវបានផ្សព្វផ្សាយទូលំទូលាយក្នុងតំបន់ និងបង្កឲ្យមានការភ័យខ្លាចនិងការរារែកក្នុងការធ្វើដំណើរមកកាន់កម្ពុជាក្នុងចំណោមជនបរទេស។ យ៉ាងណាក៏ដោយ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា ការចោទប្រកាន់ទាំងអស់នោះគឺជាការគំរាមកំហែងដែលក្រុមជួញដូរមនុស្សប្រើ ដើម្បីដាក់គំនាបឱ្យជនរងគ្រោះស្តាប់តាមការបង្គាប់របស់ពួកគេ។ ពាក្យចចាមអារ៉ាមនេះបានលេចឡើងបន្ទាប់ពីមានការសាយភាយនៃឃ្លីបវីដេអូនៅក្នុងប្លុក និងគេហទំព័រជាច្រើនទៀតដែលលើកឡើងពីករណីជួញដូរមនុស្ស ដែលជនរងគ្រោះជាជនបរទេសមកពីក្រៅស្រុក ត្រូវបានទាក់ទាញឱ្យមកធ្វើការនៅកម្ពុជា និងប្រទេសពីរទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាថ្នូរនឹងប្រាក់ខែច្រើនគិតជាប្រាក់ដុល្លារ ឬអត្ថប្រយោជន៍គួរឱ្យទាក់ទាញជាច្រើន ប៉ុន្តែក្រោយមកបែរជាត្រូវបានគេជួញដូរឱ្យធ្វើការឱ្យក្រុមខុសច្បាប់ទៅវិញ។

មន្រ្តីប៉ូលិសនៅក្នុងប្រទេសអាស៊ានបានប្រាប់សារព័ត៌មានខ្មែរថាមស៍ក្នុងលក្ខខណ្ឌបញ្ចេញឈ្មោះថា ការចោទប្រកាន់ទាំងនោះបណ្តាលឲ្យប៉ះពាល់និងបំផ្លាញប្រទេសកម្ពុជា និងដល់ប្រទេសពីរផ្សេងទៀត ខណៈការករណីជួញដូរមនុស្សសម្រាប់ការងារល្បែងស៊ីសងតាមអនឡាញនិងការបោកបញ្ជោតផ្សេងទៀត កំពុងកើតឡើងយ៉ាងហោចណាស់ក្នុងពាក់កណ្តាលនៃបណ្តាប្រទេសអាស៊ាន។ មន្រ្តីប៉ូលិសមួយរូបបាននិយាយថា៖ « ករណីជួញដូរមនុស្ស ទាំងនេះត្រូវបានគូសបញ្ជាក់ដោយបណ្តាប្រទេសដទៃទៀត ក៏ដូចជាបណ្តាប្រព័ន្ឋផ្សព្វផ្សាយ ។ ទោះជាយ៉ាងក៏ដោយកម្ពុជារងគ្រោះដោយអយុត្តិធម៌ និងនិរន្តភាពចំណាត់ការប៉ូលិសក្នុងការបង្រ្កាបករករណីឆបោកដែលបានបង្រ្កាបករណីជនសង្ស័យរាប់រយនាក់ដែលទទួលបានការឆ្លើយតបតិចតួចនៅពេលប្រៀបធៀបទៅនឹងការចោទប្រកាន់»។ មន្រ្តីប៉ូលិសរូបនោះបានឲ្យដឹងទៀតថា៖ « ការស៊ើបអង្កេតរបស់យើងបង្ហាញថា ការលើកឡើងពីការវះយកគ្រឿងក្នុងគឺជាការបំភិតបំភ័យដែលធ្វើឡើងដោយក្រុមជួញដូរដើម្បីឱ្យជនរងគ្រោះស្តាប់បង្គ្រាប់របស់ពួកគេ ដោយគិតមកដល់ពេលនេះ ពុំទាន់មានភស្តុតាងណាមួយបង្ហាញពីការជួញដូរសរីរាង្គនោះឡើយ»។

លោកបានបន្ថែមថា ចំនុចសំខាន់គឺស្ថិតនៅត្រង់ខាងប្រទេសដើមរបស់ជនរងគ្រោះដែលត្រូវបានជួញដូរមនុស្ស ជាកន្លែងដែលពួកគេត្រូវបានជ្រើសរើសក្លាយជាជនរងគ្រោះ ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយនិងលុបបំបាត់ក្រុមជួញដូរខុសច្បាប់ទាំងនេះ។ លោកបានបន្តថា៖ « ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Datuk Eldeen Husaini Mohd Hashim ថ្លែងថា ក្រុមការងារអាស៊ានរួមគ្នាអាចជាចម្លើយ ខណៈការចែករំលែកព័ត៌មាន និងការស៊ើបការណ៍សម្ងាត់ ការសម្របសម្រួល និងការវិភាគអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ទេចក្រុម ទាំងនេះ»។

កាលពីខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិកបានទម្លាក់កម្ពុជាមកនៅចំណាត់ថ្នាក់ទី ៣ ដែលជាចំណាត់ថ្នាក់ទាបបំផុតលើសន្ទស្សន៍ការជួញដូរមនុស្សរបស់ខ្លួន បន្ទាប់ពីចោទប្រកាន់កម្ពុជាថា បានបរាជ័យក្នុងការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព។

ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានលើកឡើងថា៖ « រហូតដល់ ៩៩.៩៥% នៃមេខ្លោងនៃឧក្រិដ្ឋកម្ម មិនមែនជាជនជាតិខ្មែរទេ។ អ្នកដែលរៀបចំផែនការបញ្ជូនមនុស្សពីប្រទេសផ្សេងមកកម្ពុជាមិនមែនជាជនជាតិខ្មែរទេ»។ នៅឆ្នាំ ២០១៧ ជនជាតិខ្មែរពីរនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅតុលាការពីបទជួញដូរផ្នែករាងកាយ ក្នុងករណីដែលជនជាតិខ្មែរត្រូវបានបញ្ចុះបញ្ចូល និងសូកប៉ាន់ឱ្យធ្វើដំណើរទៅប្រទេសឥណ្ឌាដើម្បីលក់ក្រលៀន ឬសរីរាង្គសំខាន់ៗផ្សេងទៀត។ នៅឆ្នាំ ២០១៦ រដ្ឋសភាបានអនុម័តច្បាប់ហាមឃាត់ការប្តូរសរីរាង្គក្នុងគោលបំណងទប់ស្កាត់ការជួញដូរនៅក្នុងទម្រង់ពាណិជ្ជកម្មដែលគេហៅថា «ទីផ្សារក្រហម»។

ប៉ូលីសបាននិយាយថា វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា ការជួញដូរសរីរាង្គ និងការជួញដូរមនុស្សសម្រាប់ការយកចេញសរីរាង្គគឺខុសគ្នា ហើយ ករណីជាញឹកញាប់ត្រូវបានយល់ច្រឡំទាំងស្រុង។ ការជួញដូរមនុស្សដើម្បីយកសរីរាង្គចេញ កើតឡើងនៅពេលដែលមនុស្សត្រូវបានបង្ខំ ឬបោកបញ្ឆោតឱ្យបោះបង់ចោលសរីរាង្គណាមួយ នៅពេលដែលពួកគេយល់ព្រមលក់សរីរាង្គមួយ ប៉ុន្តែត្រូវបានគេបោកប្រាស់ ឬនៅពេលដែលមនុស្សត្រូវបានចាប់ពង្រត់ និងប្រើប្រាស់គ្រឿងញៀន ហើយក្រោយមកត្រូវដកសរីរាង្គរបស់ពួកគេចេញ។

មន្ត្រីក្រុមការងារបានលើកឡើងថា ចំណុចសំខាន់ដែលត្រូវបញ្ជាក់គឺថា មិនមានករណីបែបនេះនៅកម្ពុជាដែលពាក់ព័ន្ធនឹងការជួញដូរផ្នែកសរីរាង្គមនុស្សដោយក្រុមអ្នកជួញដូរមនុស្សឡើយ។ ជាមួយគ្នានេះ ក្នុងប្រតិបត្តិការបង្រ្កាបជាបន្តបន្ទាប់ទៀត អាជ្ញាធរខេត្តព្រះសីហនុ បានជួយសង្គ្រោះជនរងគ្រោះដោយសារការជួញដូរមនុស្ស ឬជួញដូរផ្លូវភេទចំនួន៤៦៩នាក់ ក្នុងអំឡុងការបង្ក្រាបនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា។

ជនរងគ្រោះស្ថិតក្នុងចំណោមជនបរទេសចំនួន ១ ៤៨០ នាក់ (ស្រី ១៩៩ នាក់) ដែលត្រូវបានឃុំខ្លួនក្នុងកំឡុងប្រតិបត្តិការជួញដូរមនុស្ស ការឃុំខ្លួនខុសច្បាប់ ការជួញដូរផ្លូវភេទ និងល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់ផងដែរ។ ក្នុងចំណោមជនបរទេសទាំង ១ ៤៨០នាក់ មាន ៥៨៨នាក់ (ស្រី ៧០នាក់) បានស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ដោយគ្មានលិខិតឆ្លងដែន ប័ណ្ណការងារ និងឯកសារផ្លូវច្បាប់ផ្សេងៗ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍កាលពីថ្ងៃអង្គារថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា អាជ្ញាធរបានឆ្មក់ចូលអគារចំនួន៣នៃក្រុមហ៊ុន Pao Yong Technology ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលអាជ្ញាប័ណ្ណអាជីវកម្ម និងការងាររបស់ជនបរទេស ព្រមទាំងស៊ើបអង្កេតប្រសិនបើមានការឃាត់ខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់កំពុងត្រូវបានអនុវត្ត។ អាជ្ញាធរបានរកឃើញជនបរទេសចំនួន៥៩៧នាក់ ក្នុងនោះ១៨៤នាក់ (ស្រី២១នាក់) ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសចំនួន៣។ ជនជាតិចិនចំនួន ១០០នាក់ (ស្រី២នាក់) វៀតណាម ៧៩នាក់ (ស្រី១៨នាក់)និងម៉ាឡេស៊ី ៥នាក់ (ស្រីម្នាក់) ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនិរទេសចេញពីកម្ពុជា។ លោកបន្តថា ជនបរទេសចំនួន៣៥៧នាក់ទៀត (ស្រី៤៩នាក់) ត្រូវបានរកឃើញថា ធ្វើការដោយគ្មានប័ណ្ណការងារ ហើយត្រូវបាននគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការផាកពិន័យ រួចអនុញ្ញាតឲ្យដាក់ពាក្យសុំប័ណ្ណការងារពីមន្ទីរការងារខេត្ត។ លោកបានបន្តថា ការស៊ើបអង្កេតរបស់នាយកដ្ឋានប្រឆាំងល្បែងស៊ីសងពាណិជ្ជកម្ម និងនាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតនៃអគ្គស្នងការនគរបាលជាតិ មិនបានរកឃើញសញ្ញានៃការចាប់ឃុំឃាំង ការធ្វើទារុណកម្ម ការជួញដូរមនុស្ស និងល្បែងស៊ីសងតាមប្រព័អ៊ិនធឺណេតខុសច្បាប់នោះទេ ប៉ុន្តែពួកគេពាក់ព័ន្ធករណីផ្សេង ដូចជាការប្រើប្រាស់ពលកម្មបរទេសខុសច្បាប់។

ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា អាជ្ញាធរបានឆ្មក់ចូលអគារចំនួន ៣ របស់ Galaxy World ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុផងដែរដោយគេបានរកឃើញជនបរទេសចំនួន ៤១៤ នាក់ (ស្រី ៤២ នាក់) នៃ ៥ សញ្ជាតិនៅកន្លែងនោះ។ ក្នុងនោះមានជនជាតិចិនចំនួន៣៥១នាក់ (ស្រី៣០នាក់) ឡាវ២នាក់ វៀតណាម៤៦នាក់ ម៉ាឡេស៊ី១០នាក់ និងឥណ្ឌា១០នាក់ (ស្រី៥នាក់)។ ក្នុងនោះ ១៦៨នាក់ (ស្រី១៧នាក់) ត្រូវបានរកឃើញរស់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ និង២០៨នាក់ (ស្រី២៣នាក់) ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិន័យជាប្រាក់សរុបប្រមាណ ២ម៉ឺនដុល្លារ ដោយសារមិនមានប័ណ្ណការងារ។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា អាជ្ញាធរបានឆ្មក់ចូលអគារចំនួន ៨ របស់ក្រុមហ៊ុន Jing Chhay Technology ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ អាជ្ញាធរបានជួយសង្គ្រោះជនបរទេសចំនួន ៤៦៩ នាក់(ស្រី ៧៥ នាក់) ដែលជាជនរងគ្រោះនៃការជួញដូរមនុស្ស និងការជួញដូរផ្លូវភេទដែលពាក់ព័ន្ធនឹងក្រុមល្បែងអនឡាញ។ ជនរងគ្រោះមានជនជាតិចិន ២៧៤នាក់ (ស្រី៣៣នាក់) តៃវ៉ាន់៦នាក់ វៀតណាម ១៥៨នាក់ (ស្រី៣៤នាក់) ម៉ាឡេស៊ី ១៥នាក់ (ស្រី២នាក់) ឥណ្ឌូណេស៊ី ៣នាក់ (ស្រី២នាក់)ឥណ្ឌា៤នាក់ ថៃ៣នាក់ (ស្រី១នាក់) បង់ក្លាដែស ១នាក់ និងមីយ៉ាន់ម៉ាម្នាក់ និងស្ត្រីជនជាតិរុស្ស៊ីពីរនាក់។ លោក ភារម្យ បាននិយាយថា នគរបាលប្រឆាំងការជួញដូរមនុស្សខេត្ត កំពុងស៊ើបអង្កេតករណីជួញដូរមនុស្ស និងពេស្យាចារ បានបញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការ ហើយកំពុងបន្តស៊ើបអង្កេតលើករណីលាងលុយកខ្វក់ផងដែរ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានមានប្រសាសន៍ថា អាជ្ញាធរនឹងបន្តចុះត្រួតពិនិត្យទីតាំងអាជីវកម្មដែលសង្ស័យគ្មានច្បាប់អនុញ្ញាត។ លោកមានប្រសាសន៍ថា វិធានការច្បាប់តឹងរ៉ឹងចំពោះម្ចាស់អាជីវកម្មក្នុងករណីបទល្មើស នឹងត្រូវចាត់វិធានការរហូតដល់ខេត្តព្រះសីហនុទាំងមូលលែងមានបញ្ហាបែបនេះតទៅទៀត។ នៅពេលចោទសួរថា តើមានការអះអាងពីការប្រមូលផលសរីរាង្គក្នុងពេលសាកសួរជនរងគ្រោះឬអត់នោះ លោកឧត្តមសេនីយ៍ ណារិន បដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោកឧត្តមសេនីយ៍ ណារិន មានប្រសាសន៍ថា៖ « ខ្ញុំមិនអាចផ្តល់ព័ត៌មានលម្អិតអំពីជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបង្ក្រាបបានទេ ព្រោះការស៊ើបអង្កេតកំពុងបន្ត»។ លោកមានប្រសាសន៍ថា៖ « ខ្ញុំក៏មិនអាចផ្តល់ព័ត៌មានលម្អិតអំពីជនរងគ្រោះដែរ ហើយគ្រាន់តែអាចបង្ហាញពីការបង្ក្រាបប៉ុណ្ណោះ»៕

website_news/2022300913.txt · Last modified: 2022/09/30 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki