website_news:2022310101

កម្លាំងព្រំដែនកម្ពុជា-ថៃ ជួបពិភាក្សាគ្នាលើបញ្ហាបទល្មើសតាមព្រំដែន

https://m.postkhmer.com/ ភ្នំពេញ ប៉ុស្តិ៍28 January 2022 | 09:59 ICT

បាត់ដំបងៈ កម្លាំងនគរបាលការពារព្រំដែនកម្ពុជា និងថៃជាង ២០ នាក់ បានជួបគ្នាកាលពីថ្ងៃទី ២៧ ខែមករា នៅក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដើម្បីពិភាក្សាគ្នាលើបញ្ហាបទល្មើសផ្សេងៗ និងលើកកម្ពស់ទំនាក់ទំនងល្អជាមួយគ្នា។

ជំនួបនេះត្រូវបានធ្វើឡើងរវាងកម្លាំងប៉ុស្តិ៍ព្រំដែនភ្នំព្រឹកចំនួន ៧ នាក់ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក មួន លន នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣, វរសេនាតូចលេខ ១ ចំនួន ៤ នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ួន សុខឿន មេបញ្ជាការកងអនុសេនាធំ ហើយនឹងភាគីថៃមានតម្រួតព្រំដែនថៃ ចំនួន ៧ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សុំដេត ស៊ិនស៊ិរិ មេបញ្ជាការរងនៃអធិការដ្ឋានប៉ូលិសព្រំដែនលេខ ១២, កម្លាំងទាហានទិសបូព៌ាចំនួន ៤ នាក់ ដែលមកប្រចាំការនៅស្រុកខ្លងហាត ដឹកនាំដោយលោកអនុសេនីយ៍ឯក ឆាក់ណុន វ៉ៃសាប់ មេបញ្ជាការផ្នែកជំនួយការនៃវរសេនាធំលេខ ២ កងកម្លាំងទិសបូព៌ា។

យោងតាមនគរបាលជាតិបានឱ្យដឹងថា ភាគីទាំង២បានធ្វើការពិភាក្សាគ្នាលើរបៀបវារៈចំនួន ៣ ដែលរួមមាន៖ «ភាគីថៃបានស្នើសុំភាគីកម្ពុជាឱ្យជួយទប់ស្កាត់ប្រជាពលរដ្ឋលួចជីកមាស, លួចកាត់ឈើយ៉ាងខុសច្បាប់ក្នុងទឹកដីថៃបន្តទៀត, ភាគីកម្ពុជាបានស្នើទៅភាគីថៃថា បើចាប់ប្រជាពលរដ្ឋខ្មែរឆ្លងខុសច្បាប់បានសុំជួយផ្តល់ដំណឹងផង និងចុងក្រោយគឺការបន្តការទំនាក់ទំនងគ្នាឱ្យកាន់តែល្អថែមទៀត»។ ភាគីទាំង២បានឯកភាពគ្នាលើរបៀបវារៈនិងសំណូមពរក្នុងជំនួបពិភាក្សានេះ។ កម្លាំងព្រំដែនកម្ពុជាក្នុងខេត្តបាត់ដំបងក៏បានទទួលពលករខ្មែរជាង ២០០ នាក់ ពីប្រទេសថៃផងដែរនៅថ្ងៃដដែលនោះ៕

website_news/2022310101.txt · Last modified: 2022/01/31 08:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki