website_news:2022310102

កម្ពុជានឹងបញ្ជូនពលករMOUជាង២០០នាក់ ទៅធ្វើការនៅថៃនៅដើមខែក្រោយនេះ

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២៩ មករា ២០២២ដោយ Kang Tola

ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងចាប់ផ្តើមបញ្ជូនពលករ MOU ជាង២០០នាក់ទៅធ្វើការនៅប្រទេសថៃនៅដើមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីបានខកខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី២៩មករានេះថា នៅថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ កម្ពុជានឹងបញ្ជូនពលករចំនួន២២០នាក់តាមប្រព័ន្ធMOU ទៅធ្វើការនៅរោងចក្រសាច់មាន់ PANUSPOULTRY GROUP CO., LTD. នៅខេត្តឈុនបុរីប្រទេសថៃ ដោយទទួលបានប្រាក់ខែពី៥០០ទៅ៧០០ដុល្លារក្នុង១ខែ។ លោកបានបន្តថា នេះជាលើកដំបូងហើយដែលកម្ពុជាបានបញ្ជូនពលករMOUទៅធ្វើការនៅប្រទេសថៃបន្ទាប់ពីមានអាក់ខានបញ្ជូនអស់រយៈពេល២ឆ្នាំកន្លងមកនេះដោយសារវិបត្តិជំងឺកូវីដ១៩។ លោកបានបន្តទៀតថា មានតែពលករកម្ពុជាទេដែលបានទៅធ្វើការនៅប្រទេសថៃមុនពលករភូមានិងឡាវ ដោយសាររដ្ឋាភិបាលថៃមានទំនុកចិត្តមកលើពលករខ្មែរយើងព្រោះពួកគេបានចាក់វា់ក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬ ដូសទី៣និងដូសទី៤ហើយវ៉ាក់សាំងដែរចាក់សុទ្ធតែវ៉ាក់សាំងមានគុណភាពដូចជាអាស្ត្រាហ្សេនេកា វ៉ាក់សាំងម៉ូដេណានិងវ៉ាក់សាំងហ្វាយហ្សឺរដែលធ្វើឲ្យកម្រិតហានិភ័យនៃការឆ្លងមានកម្រិតទាបបំផុត។

លោក អន ប៊ុនហាក់បានបន្ថែមថា ពលករដែលត្រូវបញ្ជូនទៅថៃនីថ្ងៃទី០១ខែកុម្ភៈខាងមុននេះគឺបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវហើយមានការទៅទទួលដោយផ្ទាល់ពីមន្ត្រីក្រសួងការបរទេសថៃ ក្រសួងការងារថៃនិងអភិបាលខេត្តស្រះកែវផងដែរ។ លោកបានបញ្ជាក់ថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃនេះ រដ្ឋាភិបាលថៃបានតម្រូវឱ្យនិយោជកថៃត្រូវទិញប័ណ្ណធានារ៉ាប់រងសម្រាប់ទុកចំណាយទៅលើការព្យាបាលពេលដែលពលករខ្មែរមានឆ្លងជំងឺកូវីដ១៩ព្រោះថា រាល់ការព្យាបាលជាបន្ទុករបស់និយោជកទាំងស្រុង។លោកបានបន្តទៀតថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ១៩រយៈពេល៧២ម៉ោងតាមម៉ាស៊ីនPCRឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ១៩។ ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្តហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃ និងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតហើយលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ គួរបញ្ជាក់ថា តាមគម្រោងកម្ពុជានឹងបញ្ជូនពលករខ្មែរMOUទៅធ្វើការនៅប្រទេសថៃនៅក្នុងកំឡុងខែមករានេះ ប៉ុន្តែត្រូវបានពន្យារពេលវិញដោយសារការរាតត្បាតជំងឺអូមីក្រុងនៅកន្លែងដែលពលករត្រូវធ្វើចត្តាឡីស័កតែម្តង៕ ដោយ ៖ សំអឿន

website_news/2022310102.txt · Last modified: 2022/01/31 08:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki