website_news:2022310105

សមត្ថកិច្ចជំនាញ ទទួលការបណ្ដុះបណ្ដាល ពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញ

https://news.btv.com.kh/ 01/28/2022 04:01 PM

ភ្នំពេញ៖ ស្នងការ ស្នងការរង និងវត្តមានរបស់មន្ត្រីជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលការបណ្ដុះបណ្ដាលបន្ថែម ពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេត តាមប្រព័ន្ធអនឡាញ។ ការបណ្ដុះបណ្ដាលនេះ គឺមានវត្តមានវាគ្មិនជាមន្ត្រីជាន់ខ្ពស់ តំណាងអង្គការយូនីសេហ្វ តំណាងក្រុមហ៊ុនហ្វេសប៊ុក ក៏ដូចជាវត្តមានរបស់តំណាងប៉ូលីសសហព័ន្ធអូស្ត្រាលីផងដែរ។

អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបន្តរៀបចំ វគ្គបណ្ដុះបណ្ដាលជូនមន្ត្រីជំនាញដែលធ្វើការពាក់ព័ន្ធដល់កិច្ចការពារកុមារ។ ជាក់ស្ដែងសម្រាប់ថ្ងៃនេះ គឺជាការបណ្ដុះបណ្ដាលជូនដល់ស្នងការ ស្នងការរង ២៥រាជធានី-ខេត្ត និងមន្ត្រីជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងបន្ថែមពីបទល្មើសដែលកើតមានឡើងក្នុងបណ្ដាញសង្គមដែលមានហានិភ័យចំពោះកុមារ ជំរុញការអនុវត្តយន្តការដែលមានស្រាប់ និងកំណត់នូវវិធានការរួមដើម្បីក្នុងការជំរុញការអនុវត្តនីតិវិធីប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការទប់ស្កាត់បទល្មើសកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញ។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ គឺមានការចូលរួំជាវាគ្មិនពីមន្ត្រីជាន់ខ្ពស់ បណ្ដាអង្គការធំៗ វត្តមានតំណាងក្រុមហ៊ុនហ្វេសប៊ុក ក៏ដូចជាវត្តមាន តំណាងប៉ូលីសសហព័ន្ធអូស្ត្រាលី។ វាគ្មិននីមួយៗ បកស្រាយពន្យល់ទៅតាមជំនាញរៀងខ្លួន។ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានេះ ពុំមែនជារឿងងាយស្រួលនោះទេ។ នេះជាការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ជា ពៅ ជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ឯកឧត្តមថា ជាការទប់ស្កាត់និងបង្ក្រាបបទល្មើសនេះគឺទាមទារឱ្យមន្ត្រីជំនាញ ពង្រីកចំណេះដឹងជាពិសេសផ្នែកបច្ចេកវិទ្យាផ្ទាល់តែម្ដង។

មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច និងតំណាងអង្គការជាដៃគូ បានលើកឡើងក្នុងឱកាស បើកវគ្គបណ្ដុះបណ្ដាលថា បទល្មើសការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញ ជារឿងស្មុគស្មាញ ដែលទាមទារគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួម។ បទល្មើសនេះក៏កំពុងកើតឡើងជាច្រើនផងដែរខណៈពេលដែល ការបច្ចេកវិទ្យា ទូរស័ព្ទវៃឆ្លាត និងការប្រើប្រាស់បណ្ដាញសង្គមកាន់តែមានកំណើន ជាពិសេសក្នុងកំឡុងពេលដែល វិបត្តិកូវីដ-១៩ ដែលកិច្ចការជាច្រើនត្រូវពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យា៕អត្ថបទ៖ គឹមហុក

website_news/2022310105.txt · Last modified: 2022/01/31 08:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki