website_news:2022310803

សមត្ថកិច្ចចុះពិនិត្យទីតាំងមួយនៅខេត្តព្រះសីហនុ រកឃើញជនជាតិថៃ១៩នាក់ ដែលចូលមកកម្ពុជាដោយខុសច្បាប់

http://freshnewsasia.com/ 2022-08-29 09:36am

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយ នៅភូមិ៦ សង្កាត់៤ ក្រុង សីហនុ ដោយបានរកឃើញជនជាតិថៃ ១៩នាក់ ដែលចូលមកកម្ពុជាដោយខុសច្បាប់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចុះស្រាវជ្រាវខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ អនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ដោយស្នើសុំជួយសង្រ្គោះជនជាតិថៃ១៩ នាក់ ដែលត្រូវបង្ខាំងឱ្យធ្វើការ នៅខេត្តព្រះសីហនុ ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនជាតិថៃដែលចូលមកកម្ពុជាខុសច្បាប់ទាំង១៩ នាក់ (ស្រី ៨នាក់) មាន១៥ នាក់ (ស្រី ៦ នាក់) មានដីការ តាមចាប់ខ្លួន ពីតុលាការថៃ ពាក់ព័ន្ធ បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណែក៤នាក់ទៀត ដែលពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសក្នុងប្រទេសថៃ បានស្ម័គ្រចិត្តសុំត្រទ្បប់ទៅប្រទេសថៃវិញ។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ, ជនជាតិថៃទាំង ១៩នាក់នេះមានអត្តសញ្ញាណបណ្ណសញ្ញាតិថៃ ប៉ុន្តែពុំមានលិខិតឆ្លងដែនទេ ហើយចូលមកប្រទេសកម្ពុជាតាមច្រកល្បៀងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់៕

website_news/2022310803.txt · Last modified: 2022/08/31 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki