website_news:2022310804

ទូតខ្មែរនៅកូរ៉េបារម្ភពីអនាគតពលករមួយចំនួនបោះបង់ការងារជាប្រភពចំណូលផ្គត់ផ្គង់គ្រួសារ

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២៩ សីហា ២០២២ដោយ Sophal Tuon

ការវិលត្រឡប់របស់ពលករខ្មែនៅកូរ៉េ ដោយមិនមានការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយប្រឈមនឹងការបាត់បង់ការងារ ផលប្រយោជន៍ កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនដទៃទៀត ទៅថ្ងៃអនាគត។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសឱ្យបងប្អូនខ្មែរកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ និងបោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ចូលកម្ពុជាវិញយ៉ាងតក់ក្រហល់។

ជុំវិញដំណើរវិលត្រឡប់យ៉ាងតក់ក្រហល់នេះ ស្ថានទូត បានអំពាវនាវដល់ពលករខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ សិក្សា នៅសាធារណរដ្ឋកូរ៉េ ចំនួនពីរចំណុច ទី១ ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតរបស់ជនអគតិមួយចំនួន ឱ្យបោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងកសាងអនាគត។ ទី២ ការវិលត្រឡប់ទៅកម្ពុជា យ៉ាងប្រញាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារ និងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ផលិតកម្មរបស់និយោជក កូរ៉េរងនូវផលប៉ះពាល់ផងដែរ។ ស្ថានទូត បានណែនាំឱ្យសាធារណជនទាំងអស់ ពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុលទាំងនោះ នាំឱ្យបាត់បងផលប្រយោជន៍ផ្ទាល់ខ្លួន នាពេលអនាគត។

សូមបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ មានប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះជំនាញ ប្រាក់ចំណូល និងបទពិសោធន៍ការងាររហូតអ្នកខ្លះក្លាយជាសហគ្រិនភាពដ៏ចំណាន។

កម្ពុជា មានពលករចំណាកស្រុកជាង១លាន៣សែននាក់ បានធ្វើការងារនៅប្រទេសចំនួន៧។ យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល បានបង្ហាញថា កាលពីឆ្នាំ២០២១ ពលករទាំងនោះ បានផ្ញើប្រាក់មកស្រុកកំណើតសរុបមានប្រហែល៣ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ពលករខ្មែរ ដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងមានប្រហែល៥ម៉ឺននាក់ ម៉ាឡេស៊ីមានជាង២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់ ខណៈដែលថៃទទួលបានពលករខ្មែរច្រើនជាងគេ មានចំនួនជាង១លាន២សែននាក់៕

website_news/2022310804.txt · Last modified: 2022/08/31 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki