website_news:2022310807

សមត្ថកិច្ច ស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង រកឃើញជនជាតិចិន២នាក់

http://freshnewsasia.com/ 2022-08-29 05:00pm

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយរកឃើញជនជាតិចិន២នាក់ ដែលពួកគេចង់ត្រឡប់ទៅស្រុកកំណើតវិញ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមាន បណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថាមានការចាប់បង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ០១ករណី។ លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយបានចុះទៅដល់ទីតាំង និងមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចបានស្វែងរកឃើញបុរសជនជាតិចិន០២នាក់ (ដែលក្នុងបណ្តឹងអះអាងថាជាជនរងគ្រោះ) កំពុងធ្វើការនៅក្នុងក្រុមហ៊ុនខាងលើ ទើបកម្លាំងសមត្ថកិច្ចនាំពួកគេទាំង២នាក់ រួមនិងអ្នកគ្រប់គ្រងជនជាតិចិន ០១នាក់ មកធ្វើការសាកសួរ បន្តនីតិវិធី ។

បុរសជនជាតិចិនទាំង២នាក់ ដែលសមត្ថកិច្ចបានរកឃើញនោះរួមមាន៖ ទី១៖ ឈ្មោះ CHENG XIANMING អាយុ២៨ឆ្នាំ និងទី២៖ ឈ្មោះ HUANG RONGPENG អាយុ៣១ឆ្នាំ។ លោកបានបញ្ជាក់ទៀតថា៖ បន្ទាប់ពីធ្វើការសាកសួរបឋម នៅក្នុងទីតាំងក្រុមហ៊ុន ជនជាតិចិនទាំង០២នាក់ បានឲ្យដឹងថា៖ ពួកគេមិនមានអ្នកណាបង្ខាំង វាយធ្វើបាបដូចបណ្តឹងនោះទេ ដោយពួកគាត់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនជាធម្មតា ពួកគាត់ចង់ឈប់ធ្វើការ ដោយសារលក្ខខណ្ឌការងារតឹងតែង ហើយពួកគាត់ចង់ត្រឡប់ទៅប្រទេសកំណើតវិញ៕

website_news/2022310807.txt · Last modified: 2022/08/31 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki