website_news:2022310809

អាជ្ញាធរខេត្តព្រះសីហនុសង្គ្រោះជនបរទេសប្រមាណ ៧០ នាក់ពីការបង្ខាំងទុក

https://khmer.voanews.com/ 29 សីហា 2022

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ អាជ្ញាធរខេត្តព្រះសីហនុបានជួយសង្គ្រោះជនបរទេសដែលបានចាញ់បោកមេខ្យល់មកធ្វើការនៅកម្ពុជា ប្រមាណ ៧០ នាក់ ខណៈពួកគេត្រូវបានបង្ខាំងទុកក្នុងអគារមិនឱ្យមានសេរីភាព និងបង្ខំឱ្យធ្វើការជាង ១០ ម៉ោងក្នុងមួយថ្ងៃ និងឈានទៅជំរិតទារប្រាក់ទៀតផង។ នេះបើតាមមន្ត្រីពាក់ព័ន្ធ។ ស្របពេលជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុក៏បានដាក់ចេញវិធានការច្បាប់លើជនល្មើស និងបញ្ជាឱ្យបិទអាជីវកម្មទាំងនោះជាដាច់ខាត និងនាំយកជនល្មើសនិងអ្នកសមគំនិត ទៅផ្តន្ទាទោសតាមច្បាប់។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា កាលពីថ្ងៃទី ២៦ ខែសីហា អាជ្ញាធរខេត្តព្រះសីហនុបានជួយសង្គ្រោះជនជាតិចិនចំនួន ៤០ នាក់។ លោកបន្ថែមថា ជនរងគ្រោះបានចាញ់បោកមេខ្យល់ឱ្យបម្រើការងារអនឡាញនៅក្រុមហ៊ុនកាស៊ីណូ ក្នុងខេត្តព្រះសីហនុ ដោយក្រុមហ៊ុនបានដកយកលិខិតឆ្លងដែននិងដកទូរស័ព្ទដៃទុក ហើយបានបង្ខំឱ្យធ្វើការរហូតដល់ ១៧ ទៅ ១៨ ម៉ោងក្នុងមួយថ្ងៃ។ បើតាមលោក ខៀវ សុភ័គ ជនបរទេសទាំងនោះទទួលបានប្រាក់ខែប្រមាណ ១.០០០ដុល្លារអាមេរិក ហើយពួកគេបានលេងល្បែងនៅកន្លែងធ្វើការអស់លុយ និងបានជំពាក់លុយក្រុមហ៊ុននោះ។ លុះដល់ពួកគេចង់ឈប់ពីក្រុមហ៊ុន ក្រុមហ៊ុនតម្រូវឱ្យបង់សងក្រុមហ៊ុនចំនួន ២ ម៉ឺន ២ ពាន់ដុល្លារអាមេរិក។ លោក ខៀវ សុភ័គ បានលើកឡើងអំពីករណីមួយទៀតស្រដៀងគ្នានេះថា នៅថ្ងៃទី ២៨ ខែសីហានេះ អាជ្ញាធរខេត្តព្រះសីហនុក៏បានជួយសង្គ្រោះជនជាតិថៃចំនួន ១៩ នាក់ផងដែរ ដែលបានចូលមកកម្ពុជាដោយខុសច្បាប់ ហើយត្រូវបានក្រុមហ៊ុនបង្ខាំងទុកឱ្យធ្វើការផងដែរ។ លោកថា ជនជាតិថៃ ១៥ នាក់ ក្នុងចំណោមជនជាតិថៃទាំងអស់នេះ មានដីកាតាមចាប់ខ្លួនរបស់ប្រទេសថៃ ពាកព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Scam។

បើតាមលោក ខៀវ សុភ័គ ជនរងគ្រោះទាំងនោះបានចាញ់បោកការអូសទាញរបស់មេខ្យល់ដែលបានសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ដែលការបោកបញ្ឆោតនេះ អាចក្លាយទៅជាការជួញដូរមនុស្ស។ ហើយការជួយសង្គ្រោះទាំងនេះ គឺដោយសារមានការចុះពិនិត្យតាមអគារជនបរទេសរស់នៅ និងមានកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាង។ លោកថ្លែងថា៖ «មានករណីអ៊ីចឹងមែន មិនខុសគ្នាទេ គឺការស្វែងរកដើម្បីប្រាក់ឈ្នួលខ្ពស់ មានមេខ្យល់អូសទាញមក ទាំងមេខ្យល់ក្នុងស្រុកផង ហើយមេខ្យល់ប្រទេសសាមីផង ទាក់ទាញយកមក ចូលធ្វើការដោយខុសច្បាប់ ចូល [មកកម្ពុជា] ដោយខុសច្បាប់ [ហើយ] យកមកសន្យាថា មានប្រាក់ខែខ្ពស់អ៊ីចឹងទៅ ដល់ហើយក៏ជាប់នៅហ្នឹងទៅ»។ លោកបន្ថែមថា៖ «ដល់មកធ្វើការជាមួយបើកប្រាក់ខែឱ្យ ក៏លេងល្បែងអ៊ីចឹងទៅ ក្លាយខ្លួនទៅជាអ្នកជំពាក់លុយថៅកែវិញ ព្រោះចូលល្បែងស៊ីសង អាហ្នឹងកាស៊ីណូ។ លេងចុះលេងឡើង ចាញ់ជំពាក់លុយថៅកែ ថៅកែឱ្យសងលុយ [ហើយ] សងលុយមិនបាន [ឬ] រកលុយសងមិនបាន [គឺ] ធ្វើការ។ ហើយការការសងលុយចេះតែមានបន្តៗទៀតទៅ ហើយថៅកែបង្ខាំងមិនឱ្យចេញ ចេះតែឱ្យរកលុយសងឱ្យគ្រប់ ឬថៅកែជួនកាលលក់ទៅឱ្យក្រុមហ៊ុនណាមានលុយអ៊ីចឹងទៅ។ វាអាចអ៊ីចឹង ដូចជាការជួញដូរ [មនុស្ស] វិញ»។ ដោយឡែកចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហានេះ អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះ ក៏បានជួយសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន ៩ នាក់ ពីការបង្ខាំងមិនឱ្យចេញពីក្រុមហ៊ុន ការបង្ខាំងដោយខុសច្បាប់និងប្រើហិង្សា ការកំហែងយក និងជួញដូរកម្លាំងពលកម្ម និងកាន់កាប់អាវុធដោយខុសច្បាប់ជាដើម។ នេះបើតាមព័ត៌មានបង្ហោះលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែសីហា។

បើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ការជួយសង្គ្រោះនេះ គឺនៅទីតាំង ៣ កន្លែងផ្សេងគ្នា ដោយបញ្ជាក់តែទីតាំង ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនទាំងនោះទេ តែអាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យទាំង ៣ ទីតាំង សរុបចំនួន ១៣ នាក់ មកធ្វើការសាកសួរ ដែលរួមមានជនជាតិចិន ៩ នាក់ និងជនជាតិខ្មែរ ២ នាក់ និងអ្នកគ្រប់គ្រងជនជាតិម៉ាឡេស៊ី ២ នាក់។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បញ្ជាក់បន្ថែមថា ករណីបង្ក្រាបកន្លងមក គឺអាជ្ញាធរកំពុងតែដំណើរការតាមនីតិវិធីច្បាប់។ លោកប្រាប់វីអូអេថា៖ «ចំពោះម្ចាស់ទីតាំងដែលចូលរួមសមគំនិតនៅក្នុងការប្រព្រឹត្តបទល្មើស ទិញលក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ រដ្ឋបាលខេត្តនឹងបិទទីតាំង បិទអាជីវកម្ម និងនាំយកម្ចាស់ទីតាំងទាំងនោះ ទៅផ្តន្ទាទោសតាមច្បាប់។ អ៊ីចឹងចំពោះករណីបង្ក្រាបកន្លងមក យើងកំពុងតែដំណើរការក្នុងនីតិវិធី។ ហើយបើសិនជាយើងរកឃើញ យើងនឹងអនុវត្តតាមច្បាប់»។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ករណីបង្ខាំងមនុស្សឱ្យធ្វើការនេះ គឺជាការជួញដូរមនុស្ស ហើយក្រសួងការងារកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ។ លោកបញ្ជាក់ជាអក្សរតាមបណ្តាញតេឡេក្រាមថា៖ «នេះគឺជាករណីជួញដូរមនុស្ស។ ក្រសួងកំពុងធ្វើការសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស»។

កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងឆបោកតាមប្រព័ន្ធអ៊ីនធើណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។

ក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីសប្តាហ៍មុនថា ចាប់តាំងពីដើមខែមករា រហូតដល់ចុងខែសីហា ឆ្នាំ ២០២២ នេះ អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនបរទេស ដែលត្រូវបានរាយការណ៍ថាជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្សជាង ៩០០ នាក់។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក កត់សម្គាល់ថា អាជ្ញាធរកម្ពុជាក៏បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការជួញដូរមនុស្សនេះផងដែរ។ ក៏ប៉ុន្តែលោកថា ការអនុវត្តច្បាប់ និងការចាត់វិធានការ មិនទាន់បានល្អប្រសើរនៅឡើយទេ។ ដូច្នេះលោកថា អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ និងអនុវត្តចំណាត់ការ និងវិធានការឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបញ្ជាក់អំពីមន្ទិលសង្ស័យរបស់សហគមន៍អន្តរជាតិ។ លោកថ្លែងថា៖ «បើសិនជាចំណាត់ការណាមួយធ្វើឡើងដោយមានការយកចិត្តទុកដាក់ ហើយដោះស្រាយបញ្ហាហ្នឹងបាន ក៏យើងអាចលាងជម្រះមន្ទិលសង្ស័យ និងផ្តល់នូវជំនឿចិត្តពីសហគមន៍អន្តរជាតិវិញដែរ។ ប៉ុន្តែបើសិនជាការអនុវត្ត និងចំណាត់ការ ឬវិធានការរបស់ប្រទេសកម្ពុជាយើងមិនអាចធ្វើបានដោយមានការជឿទុកចិត្តបានពីសហគមន៍អន្តរជាតិទេ យើងមានការព្រួយបារម្ភអំពីបញ្ហាដែលប្រទេសកម្ពុជាអាចរងនូវវិធានការផ្សេងៗពីសហគមន៍អន្តរជាតិបន្តទៀត»។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេថា បទល្មើសជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងកើតមានឡើងនៅគ្រប់តំបន់ និងបានរីកសាយភាយ «ប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញ »។ ដូចនេះការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសជាច្រើន។ លោកបន្ថែមថា ក្រសួងការបរទេសតែងតែសម្របសម្រួល បញ្ជូនសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេស ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានយ៉ាងឆាប់រហ័ស ដើម្បីពិនិត្យ និងធ្វើកិច្ចអន្តរាគមន៍៕

website_news/2022310809.txt · Last modified: 2022/08/31 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki