website_news:2022311004

កាសែតវៀតណាម៖ ត្រឹមពេល២ថ្ងៃ វៀតណាមធ្វើការខុសច្បាប់នៅកម្ពុជាជាង៨០០នាក់ បានត្រលប់ទៅប្រទេសកំណើតវិញ

https://www.rfi.fr/km//20221030-ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 30/10/2022 - 07:33

ពលរដ្ឋវៀតណាមប្រមាណជាង៨០០នាក់ បានសម្រុកចូលស្រុកវិញតែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ តាមច្រកព្រំដែនគោកភាគខាងត្បូងនៃខេត្តតៃនិញ។ នេះជាការចុះផ្សាយដោយការសែតវៀតណាមនៅចុងសប្តាហ៍នេះ និងឱ្យដឹងថា ពលរដ្ឋវៀតណាមទាំងអស់នោះ ភាគច្រើនគឺជាអ្នកបំពេញការងារនៅកាស៊ីណូនិងអាជីវកម្មខុសច្បាប់ ឬត្រូវបានគេបោកបញ្ឆោតឱ្យមកធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ប្រភពដែលជាមេកងកម្លាំងការពារព្រំដែនវៀតណាមនៃខេត្តតៃនិញ បានបញ្ជាក់ប្រាប់សារព័ត៌មានវៀតណាម VN Express ថា មានពលរដ្ឋវៀតណាមដល់ទៅជាង៨០០នាក់ បានវិលទៅស្រុកកំណើតវិញ ចាប់តាំងពីថ្ងៃទី២៥តុលាមក ពោលគឺតែរយៈពេល២ថ្ងៃ។ ចំនួននេះ គឺរាប់តែនៅតាមច្រកព្រំដែនភាគខាងត្បូងប្រទេសនៃខេត្តតៃនិញប៉ុណ្ណោះ។

តាមកងកម្លាំងការពារព្រំដែនខេត្តតៃនិញ លំហូរវិលចូលស្រុកវិញរបស់ពលរដ្ឋវៀតណាមពីប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ បានកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែកម្ពុជាកំពុងអនុវត្តវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រតិបត្តិការចុះត្រួតពិនិត្យបណ្ណការងារខុសច្បាប់ និងប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្សគ្រប់ទម្រង់នានា។

តាមការចុះផ្សាយនៅថ្ងៃទី២៧តុលាកន្លងទៅនេះ VN Express សរសេរទៀតថា ក្រៅតែពីខេត្តតៃនិញ ច្រកព្រំដែនភាគខាងត្បូងប្រទេសវៀតណាមផ្សេងទៀតគឺខេត្តឡុងអាន និងខេត្តអានហ្កាង ក៏បាននិងកំពុងទទួលពលរដ្ឋវៀតណាមត្រលប់មកពីប្រទេសកម្ពុជាយ៉ាងច្រើនសម្បើមណាស់ដែរ។ ហើយបើគិតជាសរុប អាចមានជនជាតិវៀតណាមដែលធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ប្រមាណ១៥០០ នាក់ បានវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ចាប់តាំងពីដើមឆ្នាំ២០២២នេះមក ។

ចំណែកឯរបាយការណ៍ពីកម្ពុជាវិញ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញមានជនអន្តោប្រវេសន៍ជាង ២ពាន់នាក់ ដែលបានមកធ្វើការងារខុសច្បាប់ គ្មានបណ្ណការងារនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯតួលេខបណ្តេញចេញពីប្រទេសកម្ពុជាជាសរុប នៅពុំទាន់បានបង្ហាញជាផ្លូវការនៅឡើយទេ។ តែតាមជាក់ស្តែង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសបណ្តេញចេញជនបរទេសធ្វើការងារនិងរស់នៅខុសច្បាប់ម្តងៗរាប់រយនាក់ ជាមួយនឹងបម្រាមហាមចូលកម្ពុជារយៈពេល៣ឆ្នាំ៕

website_news/2022311004.txt · Last modified: 2022/10/31 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki