website_news:2023010302

សមាជិកព្រឹទ្ធសភាហ្វីលីពីន៖ ជនរងគ្រោះជនជាតិហ្វីលីពីននៃការបោកប្រាស់រូបិយប័ណ្ណគ្រីបតូចំនួន ៨ នាក់ត្រូវរង់ចាំដំណើរការនីតិវិធីជាច្រើនសប្តាហ៍មុនពេលធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកម្ពុជា

https://www.khmertimeskh.com/501246753/-3/ Khmer Times February 28, 2023

សមាជិកព្រឹទ្ធសភា Risa Hontiveros បាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈថា ពលករហ្វីលីពីននៅក្រៅប្រទេសដែលត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកប្រាស់រូបិយប័ណ្ណគ្រីបតូនៅកម្ពុជាត្រូវរង់ចាំជាច្រើនសប្តាហ៍មុនពេលពួកគេអាចត្រឡប់ទៅប្រទេសហ្វីលីពីន ដោយសាររដ្ឋាភិបាលកម្ពុជាតម្រូវអោយមាននីតិវិធី និង”ការពិភាក្សាជាច្រើន”។ ក្រសួងការបរទេសហ្វីលីពីន នៅមុននេះបន្តិចបានប្រកាសពីការបញ្ជូនជនរងគ្រោះដែលត្រូវបានជួញដូរចំនួន៨នាក់ត្រឡប់ទៅហ្វីលីពីនវិញកាលពីថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ។ ជនរងគ្រោះត្រូវរង់ចាំជាច្រើនសប្តាហ៍ ហើយមានការពិភាក្សារច្រើន ដោយសារតែរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវអនុវត្តតាមនីតិវិធី មុនពេលជនរងគ្រោះនៃការជួញដូរមនុស្សអាចត្រឡប់ទៅប្រទេសហ្វីលីពីនវិញបាន។ ជាមួយនឹងរបាយការណ៍ស្តីពីការជួញដូរ ពលករហ្វីលីពីននៅបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ក្រសួងការបរទេសនិយាយថា ខ្លួនកំពុងរៀបចំដំណើរការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះហ្វីលីពីនពីការជួញដូរខុសច្បាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី Risa Hontiveros បានបន្តថា “សប្តាហ៍ទាំងនេះពោរពេញទៅដោយការអន្ទះអន្ទែង។ ដោយសារប្រតិបត្តិការបោកប្រាស់គ្រីបតូទាំងនេះ គឺជាបញ្ហាថ្មីក្នុងការជួញដូរមនុស្សនៅតំបន់អាស៊ាន ដូច្នេះ វាហាក់បីដូចជាខ្វះការយល់ស្របលើរបៀបដែលយើងកំណត់ជនរងគ្រោះទាំងនេះ ដោយអ្នកខ្លះគិតថាពួកគេជាពលករខុសច្បាប់ ឬជនអន្តោប្រវេសន៍គ្មានឯកសារ»។ លោកស្រីក៏បានលាតត្រដាងជាលើកដំបូងនូវរបាយការណ៍ស្តីពីពលករហ្វីលីពីននៅបរទេស ដែលត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការក្នុងការបោកប្រាស់គ្រីបតូនៅអាស៊ីអាគ្នេយ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ របាយការណ៍ទាំងនេះបានរកឃើញថា ពលករហ្វីលីពីនទាំងនេះត្រូវបានជួញដូរទៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវបានជ្រើសរើសជាភ្នាក់ងារមជ្ឈមណ្ឌលហៅទូរសព្ទ ឬបុគ្គលិកសម្រាប់ប្រតិបត្តិករហ្គេមនៅក្រៅប្រទេសហ្វីលីពីនតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ហើយប្រតិបត្តិករបោកប្រាស់ត្រូវបានចោទប្រកាន់ថាមានម្ចាស់ជាជនជាតិចិន។ លោកស្រីក៏បានបង្ហាញពីករណីជាច្រើនទៀតដែលជនជាតិហ្វីលីពីនត្រូវបាននាំមកប្រទេសកម្ពុជា ដើម្បីធ្វើការបោកប្រាស់រូបិយប័ណ្ណគ្រីបតូ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ លោកស្រី Hontiveros បានថ្លែងអំណរគុណដល់មន្ត្រីក្រសួងការបរទេស នគរបាលកម្ពុជា អង្គការសង្គមស៊ីវិល និងបុគ្គលដែលបានជួយការិយាល័យរបស់លោកស្រីក្នុងការផ្តលអាហារបន្ថែម និងសម្ភារៈចាំបាច់ដល់ជនរងគ្រោះ ខណៈដែលពួកគេរង់ចាំការធ្វើមាតុភូមិនិវត្តន៍។ ជនរងគ្រោះជាច្រើនត្រូវបានសង្គ្រោះដោយនគរបាលជាតិកម្ពុជាក្នុងខេត្តឧត្តរមានជ័យ និងខេត្តកំពត។ អង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់អាជ្ញាធរកម្ពុជាបានសាកសួរជនជាតិហ្វីលីពីនមុននឹងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

អនុរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុកកិច្ចការពលករចំណាកស្រុក Eduardo de Vega បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី២៦ ខែកុម្ភៈថា ការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍គឺជា “បញ្ហាធ្ងន់ធ្ងរក្នុងតំបន់ ” ។ De Vega បាននិយាយថា “យើងនឹងបន្តចូលរួមជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់សកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមនេះ”។

នៅថ្ងៃទី២៣ ខែកុម្ភៈ ស្ថានទូតហ្វីលីពីននៅរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដល់ប្រជាជនហ្វីលីពីនក្រើនរំលឹកពួកគេអំពីការកើនឡើងនៃករណីជនជាតិហ្វីលីពីនដែលត្រូវបានជ្រើសរើសដោយខុសច្បាប់ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ ស្ថានទូតបានរៀបរាប់លម្អិតអំពីបទពិសោធន៍ដែលជនជាតិហ្វីលីពីនត្រូវបានជួញដូរពីមុនដោយបានឆ្លងកាត់ ដូចជាការបំពានផ្លូវកាយ និងផ្លូវចិត្ត ធ្វើការងារច្រើនម៉ោង ការមិនបើកប្រាក់ឈ្នួល ការរឹបអូសលិខិតឆ្លងដែន ទូរស័ព្ទដៃ និងការជំរិតទារប្រាក់។ «អ្នកខ្លះត្រូវបានគំរាមសម្លាប់ ឬកាត់ដៃចោលប្រសិនបើពួកគេមិនសហការ។ ពេលខ្លះពួកគេត្រូវបានគេគំរាមកំហែងថាគ្រួសាររបស់ពួកគេក្នុងប្រទេសហ្វីលីពីននឹងមានគ្រោះថ្នាក់។ ជនរងគ្រោះមួយចំនួនត្រូវបានលក់ទៅឱ្យក្រុមផ្សេងទៀត ក្នុងទម្រង់ផ្សេងទៀតនៃទាសភាព រួមទាំងទាសភាពផ្លូវភេទផងដែរ»។ ស្ថានទូតបានរំលឹកសារជាថ្មីដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនមួយចំនួនដែលសន្យាផ្តល់ការងារធ្វើការនៅកម្ពុជាដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ។ Rappler.com

website_news/2023010302.txt · Last modified: 2023/03/01 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki