website_news:2023010303

មន្ត្រីអង្គការសង្គមស៊ីវិលរកឃើញថា ពលករខ្មែររាប់រយនាក់ដែលធ្វើការនៅប្រទេសថៃ បានបាត់បង់ការងារនៅដើមឆ្នាំ ២០២៣ នេះ

https://www.postkhmer.com/national/2023-02-27-1736-247430.html ជា សុខនី | Publication date 27 February 2023 | 17:36 ICT

ភ្នំពេញៈ មន្ត្រីអង្គការសង្គមស៊ីវិលរកឃើញថា ពលករខ្មែររាប់រយនាក់ដែលធ្វើការនៅប្រទេសថៃត្រូវបាត់បង់ការងារនៅដើមឆ្នាំ ២០២៣ នេះ។ មន្ត្រីអង្គការសង់ត្រាល់ប្រចាំប្រទេសថៃថា នៅដើមឆ្នាំ ២០២៣ នេះ មានរោងចក្រជាច្រើននៅប្រទេសថៃ បានផ្អាកដំណើរការ រួមទាំងវិស័យសំណង់ ដែលជាហេតុធ្វើឲ្យពលករខ្មែរដែលធ្វើការនៅនោះ ត្រូវបានបញ្ឈប់ពីការងារ និងពិបាកក្នុងការស្វែងរកការងារថ្មី។

លោក ឡឹង សុផុន មន្ត្រីគម្រោងប្រចាំនៅប្រទេសថៃនៃអង្គការសិទិ្ធការងារកម្ពុជាសង់ត្រាល់បានឲ្យដឹងថា នៅដើមឆ្នាំ២០២៣នេះ ចំនួនរោងចក្រនៅប្រទេសថៃ ដែលបានបញ្ឈប់ពលករខ្មែរពីការងារ មានការកើនឡើងច្រើន ខណៈដែលពលករនៅវិស័យសំណង់ ក៏រងការបញ្ឈប់ពីការងារផងដែរ។ លោកបន្តថា ពលករខ្មែរមួយចំនួនទៀត ត្រូវបានថៅកែផ្ដល់ប្រាក់ឈ្នួលឲ្យមិនទៀងទាត់តាមពេលវេលាជាដើម ជាហេតុនាំឱ្យមានពលករមួយចំនួនបានទាក់ទងទៅស្ថានទូត អង្គការសង្គមស៊ីវិល និងមូលនិធិផ្សេងៗ ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគាត់។ លោកលើកឡើងថា ចាប់តាំងពីដើមខែកុម្ភៈមក មានរោងចក្រជាច្រើននៅប្រទេសថៃបានចាប់ផ្ដើមបញ្ឈប់ពលករខ្មែរដោយមិនបានធ្វើការជូនដំណឹងទុកជាមុន ក្រោមហេតុផលមិនមានអ្នកបញ្ជាទិញ ដូច្នេះមានពលករខ្មែរមួយចំនួនបានមកទំនាក់ទំនងមកស្ថានទូត សុំអន្តរាគមន៍ និងមួយចំនួនទៀត កំពុងស្វែងរកការងារថ្មី។

លោកឡឹង សុផុន បញ្ជាក់ថា៖ «តាំងពីចូលមកដើមឆ្នាំ២០២៣នេះ ឃើញថា បងប្អូនមួយចំនួនច្រើន គឺពួកគាត់បានត្អូនត្អែរពីភាពលំបាកក្នុងការស្វែងរកការងារធ្វើអ៊ីចឹង ហើយការបញ្ឈប់នេះ គឺមិនមែនតែរោងចក្រទេ សូម្បីតែខាងពលករដែលធ្វើំការកសាង ធ្វើសំណង់ហ្នឹង ក៏ត្រូវបានបញ្ឈប់ដែរ។ កន្លែងខ្លះពួកគាត់ត្រូវបានផ្អាកពីការងារ ត្រូវបានគេពន្យារពេលក្នុងការបើកប្រាក់ឈ្នួល ដែលធ្វើឲ្យពលករគាត់លំបាក អ៊ីចឹងហើយបានជាពួកគាត់ខ្លះប្ដូរការងារអ៊ីចឹងទៅ»។ លោកបន្តថា ទោះបីជារោងចក្រនៅប្រទេសថៃមានចំនួនច្រើនក៏ដោយ ប៉ុន្តែមានរោងចក្រខ្លះបានបញ្ឈប់ពលករដោយបើកប្រាក់ឈ្នួលឲ្យ និងមានរោងចក្រខ្លះទៀតមិនបានបើកប្រាក់ឈ្នួលឲ្យពលករខ្មែរទាំងនោះ ដែលជាហេតុនាំឲ្យពួកគាត់មានការព្រួយបារម្ភលើជីវភាពរស់នៅ។

លោក សេង ហុក ជាពលករធ្វើការរោងចក្រនៅខេត្តឈុនបុរីប្រទេសថៃ។ លោកប្រាប់ថាលោកមានស្រុកកំណើតនៅខេត្តកំពត ហើយលោកធ្វើការនៅប្រទេសថៃអស់រយៈពេល៤ឆ្នាំមកហើយ។លោកសេង ហុក ឱ្យដឹងថា លោកបានបាត់បង់ការងារតាំងពីខែមករា ដើមឆ្នាំនេះ ប៉ុន្តែលោកគ្រោងនឹងចូលធ្វើការវិញនៅដើមខែមិនាខាងមុខ។

លោក សេង ហុក៖ ថ្លែងថា៖«ខ្ញុំធ្វើការងារនៅរោងចក្រ តាមរយៈក្រុមម៉ៅការការងារដេរ តែពេលធ្វើៗគេប្រាប់ថាអស់ការងារយើងក៏អត់អីធ្វើអ៊ីចឹងទៅ។ ដេកហូបជាង១ខែហើយ ទើបបងប្អូនគេហៅទៅធ្វើនៅជិតបាងកក នឹងចូលធ្វើនៅថ្ងៃទីមួយខែ៣នេះហើយ»។ លោក សេង ហុក បានបន្ថែមថា៖«យើងនៅស្រុកគេអុីចេះ? បើអស់ការងារធ្វើមិនយូរមិនឆាប់ច្បាស់ជារត់ទៅវិញព្រោះអត់លុយចំណាយទេ ពិតជាមិនស្រួលឡើយ»។

ឆ្លើយតបជាមួយបញ្ហាប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ថ្មីៗនេះក៏បានចុះជួយអន្តរាគមន៍ដោះស្រាយក្នុងការស្វែងរកការងារថ្មីជូនពលករទាំងនោះ ខណៈដែលមានពលករខ្មែរបានទៅរាយការណ៍ប្រាប់ស្ថានទូត។

ទាក់ទិនរឿងនេះមន្ត្រីអនុព័ន្ធការងារនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ គឺលោក ជុំ សម្ភស្ស មិនទាន់ឆ្លើយតបចំពោះបញ្ហាដែលសង្គមស៊ីវិលសង្កេតឃើញនេះទេ ខណៈដែលអ្នកនាំពាក្យក្រសួងការងារក៏មិនអត្ថាធិប្បាយពីបញ្ហាទាំងនេះដែរ។

តាមរបាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា ពលករខ្មែរដែលកំពុងធ្វើការងារ នៅក្នុងប្រទេសថៃមានប្រមាណជាង២លាននាក់ក្នុងនោះអ្នកមិនមានឯកសារស្របច្បាប់ដោយផុតសុពលភាពការងារនិងឆ្លងដែនខុសច្បាប់មានប្រមាណ១លាននាក់។ អង្គការនេះបញ្ជាក់ថា អ្នកដែលមិនមានឯកសារស្របច្បាប់ប្រឈមមុខច្រើនដូចជា រងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ៕

website_news/2023010303.txt · Last modified: 2023/03/01 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki