website_news:2023010801

អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការ លើការគាំពារពលករចំណាកស្រុកក្នុងតំបន់អាស៊ាន

https://www.postkhmer.com/national/2023-07-30-1856-252903.html រី សុចាន់ | Publication date 30 July 2023 | 18:56 ICT

ភ្នំពេញៈ ប្រតិភូជាង ៥០ នាក់ ដែលជាជនបង្គោល នៃគណៈកម្មាធិការអាស៊ាន ស្តីពីការអនុ វត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការគាំពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW)នៃរដ្ឋសមាជិកអាស៊ានទាំង ១០ ប្រទេស និងលេខាធិការដ្ឋានអាស៊ានបានចូលរួមកិច្ចប្រជុំលើកទី១៦ នៃ ACMW កាលពីថ្ងៃទី២៦-២៧ ខែកក្កដា តាមរយៈប្រព័ន្ធវីដេអូនៅប្រទេសឥណ្ឌូនេស៊ី។ អ្នកចូលរួមដែលជាជនបង្គោលរបស់ទីម័រខាងកើត ក៏បានចូលរួមជាអ្នកសង្កេតការណ៍ជាលើកដំបូងផងដែរនៅក្នុងកិច្ចប្រជុំនេះ។

សេចក្តីប្រកាសព័ត៌មានលេខាធិការដ្ឋានអាស៊ាន បញ្ជាក់កាលពីថ្ងៃទី២៧ ខែកក្កដាថា កិច្ចប្រជុំនេះបានពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគាំពារ និងលើកកម្ពស់សិទ្ធិពលករចំណាកស្រុក។ លទ្ធផលសំខាន់ៗ និងបញ្ហាប្រឈមនៃគំនិតផ្តួចផ្តើមដែលបានបិទបញ្ចប់ ក៏ដូចជាការអនុវត្តគម្រោងដែលកំពុងបន្ត និងផែនការនៃគម្រោងត្រូវបានពិភាក្សាផងដែរ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «កិច្ចប្រជុំក៏បានពិនិត្យមើលលទ្ធផលនៃស្វ័យវាយតម្លៃលើកទី២ របស់រដ្ឋសមាជិកអាស៊ាន ស្តីពីការអនុវត្តការកិច្ចព្រមព្រៀងនេះផងដែរ។ វឌ្ឍនភាពប្រកបដោយស្ថិរភាព និងការបង្កើនកិច្ចខិតខំប្រឹងប្រែងត្រូវបានសង្កេតឃើញថា ធ្វើឡើងដើម្បីសម្រេចបានការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងនេះ»។

កិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្តីថ្លែងការណ៍អាស៊ាន ដែលបានអនុម័តនាពេលថ្មីៗនេះ ទាក់ទងនឹងការគាំពារពលករចំណាកស្រុក រួមមានសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីចល័តភាពនៃ អត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន, សេចក្តីថ្លែងការណ៍អាស៊ានស្ដីពីការគាំពារពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិតក្នុងស្ថានភាពវិបត្តិ, និងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការបញ្ជូន និងគាំពារអ្នកនេសាទចំណាកស្រុក ក៏ដូចជាការអភិវឌ្ឍបន្តនៃគោលការណ៍ណែនាំដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង។ តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងអង្គការអន្តរជាតិខាងការងារ (ILO) ក៏បានចូលរួមក្នុងកិច្ចពិភាក្សាបើកចំហក្នុងកិច្ចប្រជុំនេះរួមទាំងដៃគូម្ចាស់ជំនួយនីមួយៗ ពីប្រទេសអូស្ត្រាលី កាណាដា និងសហភាពអឺរ៉ុប (EU)។

កិច្ចពិភាក្សាបើកចំហនេះបានបិទបញ្ចប់ដោយតំណាង របស់ ILO និង IOM ដោយបានព្រមព្រៀងពិនិត្យ និងធ្វើបច្ចុប្បន្នភាពភាពជាដៃគូដែលកំពុងដំណើរការ និងស្វែងរកវិស័យអាទិភាពផ្សេងទៀតសម្រាប់កិច្ចសហការនាពេលអនាគត រួមមានការពង្រឹងកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពលករចំណាកស្រុក ក៏ដូចជាការលើកកម្ពស់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងយុត្តិធម៌នៅក្នុងតំបន់។

ក្រៅពីនេះ កិច្ចប្រជុំបានរំឭកឡើងវិញពីការដាក់ឱ្យប្រើប្រាស់ថ្មីៗនូវការណែនាំជាវីដេអូ(AVP) នៃយុទ្ធនាការសាធារណៈស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងយុត្តិធម៌ក្នុងតំបន់អាស៊ាន ដែលរៀបចំដោយប្រទេសហ្វីលីពីនកាលពីថ្ងៃទី៤ ខែកក្កដា នៅទីក្រុងបូរ៉ាកៃ (Boracay) ប្រទេសហ្វីលីពីន។ យុទ្ធនាការនេះត្រូវបានគាំទ្រដោយ EU តាមរយៈឧបករណ៍លើកកម្ពស់កិច្ចសន្ទនា EU-អាស៊ាន ក្នុងតំបន់ និងអង្គការ ILO។ AVP ត្រូវបានផលិតឡើងជាសម្ភារអប់រំ និងលើកកម្ពស់ការយល់ដឹង ដើម្បីផ្តល់ឱ្យពលករចំណាកស្រុកបច្ចុប្បន្ន និងអនាគត នូវព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចទុកចិត្តបាននៅមុនពេលធ្វើដំណើរនិងក្រោយពេលមកដល់ដើម្បីរៀបចំពួកគេឱ្យកាន់តែប្រសើរឡើងសម្រាប់ការធ្វើចំណាកស្រុក និងការពារពួកគេពីការកេងប្រវ័ញ្ចរាល់គ្រប់ទម្រង់។AVPដែលរៀបចំជាភាសាអង់គ្លេសក៏ត្រូវបានបកប្រែជាភាសាជាតិរបស់រដ្ឋសមាជិកអាស៊ានដែលមានភាសាខ្មែរផងដែរ ដើម្បីបង្កើនការយល់ដឹង៕

website_news/2023010801.txt · Last modified: 2023/08/01 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki