website_news:2023010802

កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំខែកក្កដា របស់លេខធិការដ្ឋាន នៃគណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

https://www.information.gov.kh/articles/110262 ចេញផ្សាយ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣

នៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បើកកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក មន្ត្រីនគរបាលយុត្តិធម៌ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ធ សរុប ៦០នាក់ ស្រី ២៩នាក់។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីរួមមាន៖ ១.ពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ ២. ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្សឆ្លងដែន កិច្ចការពារជនរងគ្រោះដោយការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែន ខុសច្បាប់ជាដើម។ល។

នៅក្នុងសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់លេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានបង្ហាញពីចំណុចខ្លាំងដោយបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ព្រមទាំងមានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តតាម បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារសហប្រជាជាតិផងដែរ។

លើសពីនេះកិច្ចប្រជុំក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយសារការរត់ពន្ធឆ្លងដែនជាដើម។ អង្គប្រជុំបានពិភាក្សាលើករណីប្រជាពលរដ្ឋដែលបានស្នើឱ្យអាជ្ញាធរធ្វើការបញ្ជាក់អំពីទំនាក់ទំនងរវាងពលរដ្ឋខ្មែរចំនួន ១នាក់ ថាជាកូនចិញ្ចឹមរបស់គ្រួសារជនជាតិជប៉ុន ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនដោយមិនចាំបាច់ចំណាយលើការបង់ពន្ធ ប៉ុន្តែពុំត្រូវបានអាជ្ញាធរធ្វើការបញ្ជាក់ជូនឡើយ ដោយពុំមានលិខិតបទដ្ឋានគតិយុត្តិណាមួយ ត្រឹមត្រូវតាមច្បាប់សម្រាប់ធ្វើការបញ្ជាក់បាននោះទេ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានផ្តល់ជាអនុសាសន៍ថា ករណីខាងលើនេះអាជ្ញាធរមូលដ្ឋានមិនមានសមត្ថកិច្ចបញ្ជាក់អះអាងថាជាកូនចិញ្ចឹមឬជាកូនសុំបានទេ(ស្មុំកូន) គប្បីប្រើនីតិវិធីស្នើសុំទៅតុលាការ ដើម្បីបំពេញបែបបទពាក់ព័ន្ធទៅតាមលក្ខ័ណ្ឌលើការស្នើសុំ របស់ភាគីអ្នកស្នើសុំ និងកូនស្មុំ។

បន្ថែមពីនោះអង្គប្រជុំក៏បានធ្វើការពិភាក្សាលើទៅបញ្ហាពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយបានស្នើដល់មន្រ្តីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ជាពិសេសមន្រ្តីនៅមូលដ្ឋានផ្ទាល់តែម្តង នៅពេលដែលទទួលបានករណីដែលសង្ស័យថាមានជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឬ អំពើរំលោភបំពាននានា សូមឱ្យធ្វើការកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ទៅតាមទម្រង់ ដែលក្រុមការងារបានធ្វើការបណ្តុះបណ្តាលកន្លងមក ជៀសវាងការកំណត់មិនបានត្រឹមត្រូវធ្វើឱ្យសមត្ថកិច្ចជំនាញពិបាកក្នុងការបង្ក្រាប ក៏ដូចការផ្តល់សេវាមិនបានសមស្រប។

ទន្ទឹមនឹងការផ្តល់សេវាឱ្យសមស្រប លោកស្រី យូ សុភា អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានជំរុញឱ្យមន្ទីរសង្គមកិច្ច ពង្រឹងទៅលើការធ្វើអធិការកិច្ចនៅតាមមណ្ឌលថែទាំជំនួសនៅក្នុងខេត្តឱ្យបានគ្រប់មណ្ឌល និងត្រូវមានវិធានការឱ្យម៉ឺងម៉ាត់ចំពោះមណ្ឌលថែទាំណាមិនអនុវត្ត ឬគោរពទៅតាមគោលការណ៍ និងបទដ្ឋានអប្បបរិមាដែលក្រសួងបានកំណត់។ ស្របតាមបរិបទឌីជីថល ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមរបស់ប្រជាពលរដ្ឋបាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំងនោះ នៅក្នុងខេត្តរបស់យើងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបាននូវករណីរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញបានមួយចំនួនផងដែរ។

ដើម្បីឆ្លើយតបទៅបញ្ហានេះ សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់ថ្នាក់ និងអង្គការដៃគូទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងសហការទប់ស្កាត់តាមរយ:ការងារអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងប្រើប្រាស់គ្រប់លទ្ធភាព និងធនធាន ពិសេសនៅតាមគ្រិះស្ថានសិក្សា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាកលអំពីការជួញដូរ ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ធដទៃទៀតឱ្យបានដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវ័យក្នុង និងក្រៅសាលារៀន និងជនដែលងាយរងគ្រោះ៕ លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន

website_news/2023010802.txt · Last modified: 2023/08/01 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki