website_news:2023010901

ឆបោកស្នេហាតាមអ៊ីនធើណេត៖ អាជ្ញាធរខ្មែរ ស្នើជនរងគ្រោះក្លាហានស្វែងរកជំនួយ

https://www.rfi.fr/km//20230831-?utm_medium=social&utm_campaign=telegram&utm _source=shorty ចុះផ្សាយនៅថ្ងៃ៖ 31/08/2023 - 12:25

មកដល់ពេលនេះ បណ្ដឹងពីពលរដ្ឋខ្មែរ ដែលរងគ្រោះដោយការឆបោកស្នេហាតាមអ៊ីនធើណេត មានចំនួនទាបនៅឡើយ ដែលបើតាមលោកស្រី ជូ ប៊ុនអេង កត្តាមួយ អាចមកពីជនរងគ្រោះមានភាពខ្មាស់អៀន ក្នុងការរាយការណ៍ទៅកាន់សមត្ថកិច្ច។ នៅចំពោះមុខនេះ គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស អះអាងថានឹងធ្វើការងារនេះជូនជនរងគ្រោះដោយសម្ងាត់ និងដោយលក្ខណៈបច្ចេកទេស។

លោកស្រី ជូ ប៊ុនអេង បានថ្លែងប្រាប់វិទ្យុបារាំងRFI នៅថ្ងៃព្រហស្បត្តិ៍នេះថា ករណីចាញ់បោកតាមបែបស្នេហាក្នុងប្រទេសកម្ពុជា មិនមែនគ្មានសោះនោះទេ ក៏ប៉ុន្តែបណ្ដឹងជុំវិញករណីនេះ ហាក់មិនសូវលេចឮនោះឡើយ។ បើតាមអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរូបនេះ កត្តាមួយ គឺអាចមកពីជនរងគ្រោះ មានភាពអៀនខ្មាស ក្នុងការរាយការណ៍មកកាន់អាជ្ញាធរពាក់ព័ន្ធ។ ដោយឡែក ជនរងគ្រោះក្នុងករណីឆបោកតាមបែបទំនាក់ទំនងស្នេហានេះ ភាគច្រើនជាយុវវ័យ ឬក្មេងស្រីជំទង់ ដែលលោកស្រី លើកទឹកចិត្តឲ្យមានភាពក្លាហានស្វែងរកជំនួយ ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធជួយផ្ដល់កិច្ចអន្តរាគមន៍បាន។

ទន្ទឹមគ្នានេះ លោកស្រី Pia Oberoi ទីប្រឹក្សាជាន់ខ្ពស់ផ្នែកចំណាកស្រុកនិងសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ការឆបោកដែលនិយមលេចឮមួយនោះគឺ ជាការឆបោកដែលត្រូវបានគេឲ្យឈ្មោះថា ‘Pig Butchering Scheme’។ ‘Pig Butchering Scheme’នេះ ជាទូទៅគឺជាការឆបោក ដែលអ្នកឆបោកធ្វើជាបង្កើតទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ រួចហើយល្បួងឲ្យផ្ញើប្រាក់ក្រោមហេតុផលផ្សេងៗ។ ជាក់ស្ដែងបើតាមលោកស្រី Pia Oberoi កាលពីឆ្នាំមុន មានមនុស្សម្នាក់មកពីប្រទេសម៉ាឡេស៊ីបានស្លាប់ ក្រោយបានចាញ់បោក ឲ្យធ្វើដំណើរទៅប្រទេសថៃ ហើយបន្ទាប់មកត្រូវបានគេជួញដូរទៅប្រទេសភូមា។

ស្រដៀងគ្នានឹងលោកស្រីជូ ប៊ុន អេងដែរ លោកស្រី Pia Oberoiថា ជនរងគ្រោះក្នុងបទល្មើសមួយនេះ ភាគច្រើន សុខចិត្តរងគ្រោះ ដោយមិនជ្រើសរើសរាយការណ៍ឡើយ ដោយសារតែភាពអៀនខ្មាស និងខ្លាចរងការមាក់ងាយពីអ្នកដទៃ។ ជនរងគ្រោះ មិនត្រឹមតែរងគ្រោះផ្នែករាងកាយ ឬផ្លូវចិត្តទេ តែនឹងជាប់បំណុលតៗគ្នាយ៉ាងធ្ងន់ធ្ងរថែមទៀត។ មិនតែប៉ុណ្ណោះ លោកស្រីគូសបញ្ជាក់ដែរថា ជាទូទៅ ជនឆបោកតាមប្រព័ន្ធអនឡាញជាច្រើន កើតមានអំឡុងវិបត្តិកូវីដ១៩មក ដែលអំឡុងពេលនោះ មានការរាំងខ្ទប់បិទកាស៊ីណូ ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចតាមតំបន់ជាប់ព្រំដែននិងនៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា ក្នុងឆ្នាំ២០១៩ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ FTC ដែលជាទីភ្នាក់ងារឯករាជ្យអាមេរិកាំង បានប្រកាសថា បទល្មើសឆបោកដែលពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហានេះ បាននាំឲ្យមានការខាតបង់ទឹកប្រាក់ជាច្រើន ជាងទម្រង់នៃការឆបោកដទៃទៀត។ ចំណែក នៅថ្ងៃពុធម្សិលមិញ នគរបាលឥណ្ឌូណេស៊ី បានចាប់ខ្លួនជនជាតិចិនប្រមាណ៩០នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមទូរសព្ទឆ្លងព្រំដែន និងឆបោកបែបស្នេហាតាមប្រព័ន្ធអ៊ីនធើណេតនេះ៕

website_news/2023010901.txt · Last modified: 2023/09/01 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki