website_news:2023010904

ឃាតកម្មសម្លាប់១គ្រួសារ៖ មន្រ្តីប៉ូលីសជាន់ខ្ពស់ថៃ ចុះមករួមបង្ក្រាបមេក្លោងឆបោកចិន ក្នុងក្រុងប៉ោយប៉ែត

https://www.rfi.fr/km//20230831-?utm_medium=social&utm_campaign=telegram&utm_ source=shorty ចុះផ្សាយនៅថ្ងៃ៖ 31/08/2023 - 08:00

អគ្គស្នងការរងនគរបាលជាតិថៃ ធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីសហការជាមួយអាជ្ញាធរខ្មែរ បង្ក្រាបមេក្លោងឆបោកជនជាតិចិន ក្នុងក្រុងប៉ោយប៉ែត។ មេក្លោង ឆបោកជនជាតិចិនដែល ត្រូវបានគេជឿជាក់ថា ពាក់ព័ន្ធក្នុងករណីឃាតកម្មសម្លាប់ជនជាតិថៃមួយគ្រួសារ ក្នុងខេត្តសាមុត ប្រាកាន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៣០ខែសីហាម្សិលមិញ អគ្គស្នងការរងនគរបាលជាតិថៃ លោកនាយឧត្តមសេនីយ៍ សុរៈឆេត ហាក់ផាន ឬមានរហ័សនាមថា Big Joke នឹងចុះមកកម្ពុជាដោយផ្ទាល់នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងបេសកកម្ម តាមបង្ក្រាប មេក្លោងឆបោកជនជាតិចិន ក្នុងក្រុងប៉ោយប៉ែត ដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់ជនជាតិថៃមួយគ្រួសារក្នុងខេត្ត សាមុត ប្រាកាន។

ឃាតកម្មដ៏សោកសៅ បានកើតឡើងកាលពីថ្ងៃច័ន្ទ បង្កឡើងបុរសជាប្ដីមានឈ្មោះសានីត ដកម៉ៃ វ័យ៤១ឆ្នាំ ដែលបានសម្លាប់ប្រពន្ធនិងកូនប្រុសៗរបស់ពួកគេទាំង២នាក់។ ឃាតករដែលជាប្ដីក៏បានព្យាយាមធ្វើអត្តឃាត តែមិនបានជោគជ័យឡើយ និងកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

យោងតាមប៉ូលីសថៃ កាលដើមឡើយ ជនបង្កគឺជាអ្នកធានាកម្ចីរបស់មិត្តគាត់ម្នាក់ចំនួន ៤០ម៉ឺនបាត ឬស្មើប្រមាណ១១៤០០ដុល្លារ។ ក្រោយមក មិត្តរបស់គាត់ក៏បានរត់គេចខ្លួន ហើយដែលធ្វើលោកសានីត ត្រូវរ៉ាប់រងសងបំណុលមួយនេះ។ ដោយចង់ជួយសម្រាលបំណុលរបស់ប្ដី អ្នកស្រីវីផាផន រ៉ាឆាដែលជាភរិយាបានទៅស្វែងរកកម្ចីអនឡាញ រួចបានចាញ់អស់ប្រាក់ប្រមាណ១លាន៧សែនបាត ឬស្មើនឹងប្រមាណ៤៨០០០ដុល្លារថែមទៀត។ នៅចំពោះមុខនៃបំណុលវ័ន្តករនេះ ទើបជំរុញឲ្យមានឃាតកម្មសម្លាប់គ្រួសារនេះកើតឡើង ដែលអង្រួនឲ្យមានការចាប់អារម្មណ៍ពីសាធារណជន ស្ដីពីឥទ្ធិពលដ៏គួរឲ្យបារម្ភនៃអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ដោយឡែក មេក្លោងឆបោកជនជាតិចិន ដែលអាជ្ញាធរខ្មែរនិងថៃតាមចាប់នេះ គឺជាជនសង្ស័យដឹកនាំ មនុស្សយ៉ាងតិច១១នាក់ មានជនជាតិថៃចំនួន៩នាក់ ជនជាតិខ្មែរ២នាក់ រួមសហការឆបោកប្រាក់ ពីជនរងគ្រោះដែលជាប្រពន្ធនេះ។

គួរជម្រាបថា ក្នុងឆ្នាំ២០២២ ប៉ូលីសថៃថា ខ្លួនបានទទួលសេចក្ដីរាយការណ៍ ពីករណីចាញ់បោកប្រាក់តាមប្រព័ន្ធអនឡាញសរុបជាង២០ម៉ឺនករណី ស្មើនឹងទឹកប្រាក់ប្រមាណ៣០ពាន់លានបាត ឬ៨៥៥លានដុល្លារ។ អំពើឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាធំមួយ ដែលកំពុងរីកឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មនុស្សយ៉ាងតិច១២ម៉ឺននាក់ ក្នុងប្រទេសភូមា អាចត្រូវបានគេបង្ខំឲ្យធ្វើការឆបោក ខណៈទន្ទឹមគ្នានេះ មនុស្សប្រមាណ១០ម៉ឺននាក់ អាចត្រូវបានគេធ្វើការឆបោកដោយបង្ខំដូចគ្នា ក្នុងប្រទេសកម្ពុជា។

ដោយឡែក ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ដូចជា ឡាវ ហ្វីលីពីន និងថៃ ជារឿយៗក៏ត្រូវបានគេកំណត់ជាទិសដៅដែលជនល្មើសប្រើសម្រាប់ធ្វើការឆបោក ឬជាច្រកចេញចូលផងដែរ៕

website_news/2023010904.txt · Last modified: 2023/09/01 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki