website_news:2023010905

អ.ស.ប រកឃើញថា មនុស្សប្រមាណ ១សែននាក់ត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមអនឡាញនៅកម្ពុជា

https://www.rfa.org/khmer/news/human-rights/un-report-about-100k-people-forced-into-online-fraud-in-cambodia-08312023092834.html ដោយ សេក បណ្ឌិត2023.08.31

អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ចេញផ្សាយរបាយការណ៍ថ្មីមួយរកឃើញថា មានមនុស្សរាប់សែននាក់ត្រូវបានក្រុមឧក្រិដ្ឋជនបង្ខំឱ្យធ្វើការងារតាមប្រព័ន្ធអ៊ីនធឺណិតនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះនៅកម្ពុជាផងដែរ។ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា រឿងនេះជាហានិភ័យមួយសម្រាប់កម្ពុជាដែលរដ្ឋាភិបាលគួរតែដោះស្រាយជាបន្ទាន់។

រូបភាពនៃការបោកប្រាស់ទាំងនោះរួមមាន តាមរយៈស្នេហា ការវិនិយោគ និងការក្លែងបន្លំតាមរយៈការលេងល្បែងខុសច្បាប់ជាដើម។ របាយការណ៍របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សចុះផ្សាយ កាលពីថ្ងៃទី២៩ សីហា ឱ្យដឹងថា ជនរងគ្រោះប្រឈមមុខនឹងការរំលោភបំពានធ្ងន់ធ្ងរជាច្រើន រួមទាំងការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខ ហើយមនុស្សជាច្រើនបានទទួលរងការធ្វើទារុណកម្ម និងប្រព្រឹត្តិដោយឃោរឃៅ អមនុស្សធម៌ និងថោកទាប ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក វ៉លគើ ទើក (Volker Türk) ឱ្យដឹងនៅក្នុងរបាយការណ៍ថា អ្នកដែលត្រូវបានគេបង្ខិតបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការបោកប្រាស់ទាំងនោះ ស៊ូទ្រាំនឹងការប្រព្រឹត្តដោយអមនុស្សធម៌ ខណៈដែលពួកគេត្រូវបានគេបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។

អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) លោក ជេរឺមី ឡូរែនស៍ (Jeremy Laurence) ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៩ ខែសីហា ថា នៅភូមា និងនៅកម្ពុជា មានជនរងគ្រោះមិនតិចជាង ១សែននាក់ឡើយក្នុងប្រទេសនីមួយៗ។ លោក ជេរឺមី ឡូរែនស៍៖ «របាយការណ៍លើកឡើងថា ភាពធំធេងនៃការជួញដូរការបោកប្រាស់តាមអនឡាញនៅអាស៊ីអាគ្នេយ៍គឺពិបាកនឹងប៉ាន់ស្មាន ដោយសារតែលក្ខណៈបែបលាក់កំបាំង និងភាពចន្លោះប្រហោងក្នុងការឆ្លើយតបជាផ្លូវការ។ ប្រភពដែលអាចជឿទុកចិត្តបាន បង្ហាញថា យ៉ាងហោចណាស់មនុស្ស ១សែន២ម៉ឺននាក់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ាអាចត្រូវបានឃុំខ្លួនក្នុងស្ថានភាពដែលពួកគេត្រូវបានគេបង្ខំឱ្យអនុវត្តការបោកប្រាស់តាមអនឡាញ។ ជាមួយគ្នានេះ ការប៉ាន់ប្រមាណស្រដៀងគ្នានៅក្នុងប្រទេសកម្ពុជាបង្ហាញថា ជនរងគ្រោះមានចំនួនប្រហែល ១សែននាក់»។

ប្រភពដដែលឱ្យដឹងទៀតថា សកម្មភាពទាំងនេះបានជះឥទ្ធិពលខ្លាំងក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ ដែលពេលនោះមានវិធានការសុខភាពសាធារណៈបានបិទកាស៊ីណូនៅក្នុងប្រទេសជាច្រើន ហើយជាការឆ្លើយតប ប្រតិបត្តិករកាស៊ីណូបានផ្លាស់ប្តូរប្រតិបត្តិការទៅកាន់កន្លែងដែលមិនសូវមានការគ្រប់គ្រង រួមទាំងតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយជម្លោះ និងតំបន់សេដ្ឋកិច្ចពិសេស ។

របាយការណ៍រកឃើញទៀតថា ឧក្រិដ្ឋជនបានកំណត់គោលដៅចំពោះជនចំណាកស្រុកក្នុងស្ថានភាពងាយរងគ្រោះ ដែលបានជាប់គាំងនៅក្នុងប្រទេសទាំងនោះ និងគ្មានការងារធ្វើដោយសារតែការបិទព្រំដែន និងការបិទអាជីវកម្ម ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនងាយស្រួលប្រតិបត្តិការឧក្រិដ្ឋកម្ម ក្រោមរូបភាពការក្លែងបន្លំផ្តល់ការងារពិតដល់ពួកគេ។ របាយការណ៍បន្ថែមថា ក្រុមឧក្រិដ្ឋជនឆបោកនេះអាចរកចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា របាយការណ៍នេះឆ្លុះបញ្ចាំងការពិត និងជាហានិភ័យដ៏ធំធេង ដែលរដ្ឋាភិបាលគួរតែដោះស្រាយជាបន្ទាន់។ លោក សន ជ័យ៖ «យើងចង់ឃើញវិធានការបន្ទាន់ហើយមានប្រសិទ្ធភាព ដើម្បីឆ្លើយតបធ្វើយ៉ាងណាយកចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់នេះជាវិធានការសម្រាប់ការបង្ក្រាប។ រីឯវិធានការបង្ការវិញយើងចង់ឱ្យមានការត្រួតពិនិត្យការចេញចូល ការស្នាក់នៅរបស់ជនបរទេស។ ឧទាហរណ៍ថា ជនបង្កនឹងភាគច្រើនជាជនជាតិចិនគឺត្រូវមានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមួយទៅលើការរស់នៅរបស់ជនជាតិចិននៅកម្ពុជាឱ្យបានហ្មត់ចត់»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៊ុណ្ណា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣១ សីហា។

ប៉ុន្តែរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការលើកឡើងរបស់អង្គការសហប្រជាជាតិនេះ មិនឆ្លុះបញ្ចាំងការពិតនោះទេ ហើយអ្នកស្រីថា រឿងនេះជាការធ្វើឱ្យកម្ពុជាបាក់មុខមាត់នៅលើអន្តរជាតិ។ ទោះបីជាយ៉ាងណា កន្លងទៅអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់ទទួលស្គាល់ថា កម្ពុជាជាកន្លែងរងគ្រោះនៃបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ដែលកើតនៅកម្ពុជា គឺពុំមែនជនជាតិខ្មែរជាអ្នកប្រព្រឹត្តនោះទេ។ ផ្ទុយទៅវិញ អ្នកប្រព្រឹត្តនិងមេខ្យល់ គឺជាជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ទោះយ៉ាងណា លោក ស ខេង ថា នេះជាក្ដីបារម្ភមួយដែលអាជ្ញាធរត្រូវដោះស្រាយឱ្យបានហ្មត់ចត់។ របាយការណ៍បន្តថា មនុស្សភាគច្រើនដែលត្រូវបានជួញដូរក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតគឺជាបុរស ហើយបើទោះបីជាស្ត្រី និងក្មេងជំទង់ក៏ស្ថិតក្នុងចំណោមជនរងគ្រោះដែរ ហើយជនរងគ្រោះភាគច្រើនមានចំណេះដឹង ដោយចេះកុំព្យូទ័រ និងភាសាបរទេស។ ប្រភពដដែលថា ជនរងគ្រោះភាគច្រើនមកពីទូទាំងតំបន់អាស៊ាន រួមមានប្រទេសឥណ្ឌូណេស៊ី(Indonesia) ឡាវ ម៉ាឡេស៊ី(Malaysia) មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី (Singapore) ថៃ និងវៀតណាម(Vietnamese)។ក្រៅពីនេះក៏ប្រទេសចិនដីគោក(Chinese) ហុងកុង (Hong Kong) និងតៃវ៉ាន់ (Taiwan) អាស៊ីខាងត្បូង ជាដើម។

ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា ការដែលមានមនុស្សរាប់ម៉ឺននាក់ ត្រូវបានឧក្រិដ្ឋជនបង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅ កម្ពុជានេះដោយសារការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរខ្មែរ។ លោក អ៊ុំ សំអាន៖ «ព្រោះខ្ញុំយល់ថាប្រាកដជាមានមន្ត្រីធំមួយចំនួនពាក់ព័ន្ធក្នុងរឿងនឹងបានអត់ហ៊ានចាត់ការកន្លងមក។ ដូច្នេះត្រូវហ៊ានអាសាច់ចោល ទោះបីអ្នកនឹងកូនអ្នកធំខ្សែអ្នកធំមន្ត្រីធំប៉ុនណាក៏ដោយ ត្រូវតែចាត់វិធានការ។ហើយតុលាការនឹងឯករាជ្យទៅប្រាកដជាអាចចាត់វិធានការនឹងបាន ជាពិសេសគឺបំបាត់នូវបក្ខពួកនិយមគ្រួសារនិយមហើយនឹងអំពើពុករលួយនឹងជារឿងសំខាន់»។

របាយការណ៍ថា បញ្ហាទាំងនេះកើតឡើងដោយសារ ការអនុវត្តមិនមានស្តង់ដារអន្តរជាតិដែលធ្វើឱ្យមិនឆ្លើយតបឱ្យបានគ្រប់បរិបទ។ ជនរងគ្រោះនៃការជួញដូរ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀតត្រូវបានកំណត់អត្តសញ្ញាណដោយខុសឆ្គងថា ជាឧក្រិដ្ឋជន ឬជាជនល្មើសអន្តោប្រវេសន៍ ជាជាងត្រូវបានការពារ និងផ្តល់សិទ្ធិក្នុងដំណើរការស្តានីតិសម្បទា និងសំណងដែលពួកគេត្រូវការ ពួកគេត្រូវបានទទួលរងនូវការកាត់ទោសព្រហ្មទណ្ឌ ឬការពិន័យអន្តោប្រវេសន៍។

មន្ត្រីអង្គការសហប្រជាជាតិឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហានេះប្រទេសដែលរងផលប៉ះពាល់ទាំងអស់ត្រូវមានឆន្ទៈនយោបាយដើម្បីពង្រឹងសិទ្ធិមនុស្ស និងកែលំអអភិបាលកិច្ច និងនីតិរដ្ឋ រួមទាំងការដោះស្រាយអំពើពុករលួយ៕

website_news/2023010905.txt · Last modified: 2023/09/01 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki