website_news:2023011203

អង្គភាពប្រឆាំងការជួញដូរមនុស្សជំរុញការប្រើប្រាស់មធ្យោបាយវប្បធម៌ដើម្បីផ្សាយសារប្រឆាំងការជួញដូរ

https://www.khmertimeskh.com/501399919// December 1, 2023 តន វិបុល / Khmer Times

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជាលោកស្រី ជូ ប៊ុនអេង បានជំរុញការប្រើប្រាស់មធ្យោបាយវប្បធម៌ ដើម្បីផ្សព្វផ្សាយសារប្រឆាំងការជួញដូរក្នុងស្នាដៃនិពន្ធនិងការសម្ដែងសិល្បៈជាដើម។ ការជំរុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលា ស្ដីពីតួនាទីនៃ វិស័យវប្បធម៌ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំឡើងដោយក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃពុធ ដើម្បីពិនិត្រនិងពង្រឹងឡើងវិញចំពោះរចនាសម្ព័ន្ធ តួនាទី ភារកិច្ចវិស័យវប្បធម៌ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៧។ គោលបំណងដ៏សំខាន់មួយទៀត គឺបញ្ជ្រាបការយល់ដឹងអំពីការបង្ការ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងបង្កើតស្នាដៃថ្មីៗនៃផ្នែកសិល្បៈ ដើម្បីជួយផ្សព្វផ្សាយការលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព រួមចំណែកក្នុងការចូលរួមរក្សាសុខសន្តិភាពនិងការអភិវឌ្ឍសង្គម។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ខ្មែរថាមស៍ពីម្សិលមិញថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជាមានមានក្រសួងស្ថាប័នជាង២០ កំពុងធ្វើការរួមគ្នាជាអន្តរក្រសួងទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកស្រីបន្តថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានតួនាទីសំខាន់លើការជួយផ្សព្វផ្សាយការទប់ស្កាត់អំពីជួញដូរមនុស្សតាមរយៈការដាក់បញ្ចូលខ្លឹមសារអប់រំក្នុងស្នាដៃការតែងនិពន្ធនិងការសម្ដែងជាដើម។ លោកស្រីបន្ថែមថា ការនិពន្ធនិងការសម្ដែងសិល្បៈក្នុងវិស័យវប្បធម៌មិនត្រឹមតែអាចជួយបណ្ដុះស្មារតីស្រឡាញ់ជាតិសាសន៍ប៉ុណ្ណោះ ប៉ុន្តែការដាក់បញ្ចូលខ្លឹមសារពញ្ញាក់ស្មារតីនិងប្រុងប្រយ័ត្នចំពោះសកម្មភាពដែលខុសទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ជាតិ ដើម្បីចៀសវាងការចាញ់បោកបញ្ឆោតឬការអូសទាញរបស់ជនល្មើស។ លោកស្រីបានលើកឡើងថា មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកពាក់ព័ន្ធ សិល្បករ និងសិស្សនិស្សិតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលបច្ចុប្បន្ននេះមិនមែនមានតែកម្ពុជាទេត្រូវប្រុងប្រយ័ត្ន នៅលើពិភពលោកសុទ្ធតែព្រួយបារម្ភចំពោះបញ្ហានេះ។ លោកស្រី ជូ ប៊ុនអេង បាននិយាយថា៖ «មានការចាប់អារម្មណ៍ខ្លាំង ហើយប្រហែលជាអាចមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំជាមួយនឹងវិស័យវប្បធម៌។ យើងចង់បានការសាកសួរគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងបញ្ហានេះ ពីព្រោះវិស័យវប្បធម៌មានវិសាលភាពធំធេងណាស់។ វិស័យវប្បធម៌ជាមូលដ្ឋានគ្រឹះ ជាអត្តសញ្ញាណជាតិ»។ លោកស្របន្តថា នៅក្នុងវិស័យវប្បធម៌ជាតិបច្ចុប្បន្ននេះមានប្រតិបត្តិករផ្នែកវប្បធម៌មានច្រើនណាស់ ហើយឥទ្ធិពលការផ្សព្វផ្សាយវប្បធម៌ជាតិរាប់តាំងពីអក្សរសាស្ត្រ អក្សរសិល្ប៍ ការសម្ដែងរឿង ល្ខោន យីកេរ អាយ៉ៃ ចាប៉ីជាដើម គឺសុទ្ធតែអាចដាក់បញ្ចូលខ្លឹមសារអប់រំ ពន្យល់ ណែនាំពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការចាញ់បោកការអូសទាញដោយជនល្មើសទៅក្នុងអំពើជួញដូរមនុស្ស។

លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា ក្រសួងវប្បធម៌បានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គម។ លោកស្រីលើកឡើងថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយទេទើបអាចយកឈ្នះលើបទល្មើសគួរស្អប់ខ្ពើមនេះបាន។ លោកស្រីបន្តថា៖ «ឥឡូវនេះ យើងមានផែនការសកម្មភាពនិងយុទ្ធសាស្រ្តជាតិ ដែលត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាដាក់បញ្ចូលនូវសម្មភាពពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ រួមគ្នាបង្កើតស្នាដៃថ្មីជាទម្រង់សិល្បៈ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការបង្ការ ទប់ស្កាត់ និងកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស»។

ក្រសួងវប្បធម៌បានបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារនៅឆ្នាំ២០១៩។ យោងតាមផែនការសកម្មភាពរយៈពេល៥ឆ្នាំមកនេះ ក្រុមការងារបានបញ្រ្ចាបការយល់ដឹង ការអប់រំ និងការផ្សព្វផ្សាយខ្លឹមសារច្បាប់ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សដល់មន្រ្តីរាជការ ព្រះសង្ឃ សិល្បករ ពលរដ្ឋ និងបុគ្គលិកបម្រើការងារតាមហាង ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធបានប្រមាណជាង៦ម៉ឺននាក់៕

website_news/2023011203.txt · Last modified: 2023/12/01 13:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki