website_news:2023020102

សម្តេចតេជោ ទទួលសំណើរពីប្រធានអង្គការអាហ្វេស៊ីប ដោយមិនអនុញ្ញាតិឲ្យកុមាររងគ្រោះពីការរំលោភបំពានឡើងតុលាការ

https://www.kampucheathmey.com/local-news/440322 ថ្ងៃអាទិត្យ ១ មករា ២០២៣ដោយ Sokhom Khon

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកសំណើររបស់ប្រធានអង្ការអាហ្វេស៊ីប (AFESIP) ដែលស្នើសុំកុំឲ្យយកកុមាររងគ្រោះដែលមានអាយុ៥ឆ្នាំ រងគ្រោះដោយការរំលោភបំពានទៅតុលាការទៀតឡើយ ដោយឲ្យមេធាវីការពារក្ដីជាអ្នកជំនួស។

មានប្រសាសន៍ក្នុងពីធីសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ស្ថាប័នតុលាការ សូមមានការយោគយល់។ សម្ដេចតេជោ បានលើកឡើងថា ការយកក្មេងរងគ្រោះឡើងតុលាការ គឺស្មើនឹងបំបាក់ស្មារតីបន្ថែម ការភ័យក្លាចកាន់តែធ្ងន់ អញ្ចឹងតុលាការគួរតែយល់ពីបញ្ហានេះ។ សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា តុលាការគឺជាកន្លែងដែលក្មេងរងគ្រោះភ័យក្លាច។ សម្ដេចតេជោ ក៏បានអំពាវនាវដល់ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឲ្យតុលាការមានការយោគយល់ ហើយសម្ដេចក៏បានបញ្ជូនមេធាវីការពារក្ដីរបស់សម្ដេចដើម្បីតតាំងក្ដីជូនជនរងគ្រោះ។

សូមបញ្ចាក់ថា ក្នុងពីធីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់កុមារី យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី លោកស្រីប្រធានមជ្ឈមណ្ឌល បានស្នើសុំសម្ដេចតេជា ហ៊ុន សែន កុំឲ្យយកកុមាររងគ្រោះដោយការរំលោភបំពានដែលមានអាយុ៥ឆ្នាំឡើងតុលាការ ព្រោះក្រោយពីកុមាររងគ្រោះត្រឡប់មកពីតុលាការវិញ គឺពួកគេមានការភ័យក្លាចខ្លាំង៕ សុខុម

website_news/2023020102.txt · Last modified: 2023/01/02 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki