website_news:2023020203

ពលរដ្ឋស៊ីឈ្នួលចិញ្ច្រាំដំឡូងមី បានប្រាក់កម្រៃសមរម្យ ចៀសវាងចំណាកស្រុកទៅថៃ

https://kohsantepheapdaily.com.kh/article/1676835.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram ប៉ៃលិន៣១ ខែ មករា ឆ្នាំ ២០២៣ ម៉ោង ១៤:៣៤ ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាពលរដ្ឋធ្វើដំណើរមកពីតាមបណ្តាខេត្តនានាដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ បានចូលមកស៊ីឈ្នួលកាប់ចិញ្ច្រាំ មើមដំឡូងមី នៅក្នុងភូមិប៉ាងរលឹម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ដែលថៅកែបានទិញមើមដំឡូងមីពីតាមចំការប្រជាពលរដ្ឋយកទៅចាក់គរឱ្យពួកគាត់នាំគ្នាកា.ប់ចិញ្ច្រាំដាក់ហាលស្ងួត រួចទើបគេប្រមូលលក់ក្នុងតម្លៃខ្ពស់ជាងមើមដំឡូងមីស្រស់តែម្តង។

បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ព្រំ សុភា រស់នៅខេត្តពោធិ៍សាត់ ស្ត្រីឈ្មោះ ណាវី អាយុ៤៥ឆ្នាំ និងឈ្មោះ ស្រីស អាយុ៣២ឆ្នាំ រស់នៅខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ក្រោយសម្រាកពីការងារស្រែចំការនៅឯស្រុកកំណើតរៀងៗខ្លួន ពួកគាត់បានធ្វើដំណើរចូលមកក្នុងខេត្តប៉ៃលិន ដើម្បីបោះតង់សម្រាក ស៊ីឈ្នួលកា.ប់ចិញ្ច្រាំមើមដំឡូងមីឱ្យថៅកែនៅក្នុងខេត្តប៉ៃលិន បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ តាមប្រភពបន្តទៀតថា ការកាប់ចិញ្ច្រាំមើមដំឡូងមីនេះ ក្នុង១កញ្ឆេទទួលបានប្រាក់កម្រៃ១.០០០រៀល ដោយក្នុង១ថ្ងៃៗ ពួកគាត់ដែលកាប់ចិញ្ច្រាំលឿនទទួលបានថវិកាចាប់ពី៣ទៅ៤ម៉ឺនរៀល អ្នកខ្លះទៀត មានកូនប្រពន្ធ និងប្តី ជួយកា.ប់ចិញ្ច្រាំគ្នា ក៏បានថវិការហូតដល់១ថ្ងៃ ចាប់ពី៨ទៅ៩ម៉ឺនរៀលផងដែរ។

អ្នកខ្លះទៀត ធ្វើការពេលថ្ងៃហើយ រហូតដល់ពេលយប់នាំគ្នាដាក់ភ្លើងអគ្គិសនីបំភ្លឺ កា.ប់ចិញ្ច្រាំបន្ថែម រហូតដល់យប់ជ្រៅ ទើបនាំគ្នាឈប់សម្រាក ដោយទទួលបានប្រាក់កម្រៃកាន់តែច្រើន ព្រោះពួកគាត់មិនចង់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលធ្វើការងារឱ្យគេនៅប្រទេសថៃនោះទេ លំបាកក្នុងការធ្វើដំណើរចេញចូល ត្រូវបង់ថ្លៃលិខិតឆ្លងដែន បើមានបញ្ហាជំងឺរោគាកើតឡើងក៏លំបាកក្នុងការរកពេទ្យព្យាបាល ពិសេសគឺនឹកដល់ផ្ទះសម្បែងផងដែរ។ តាមប្រភពបញ្ជាក់ទៀតថា អ្នកខ្លះ ចូលមកស៊ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមីនេះ អស់រយ:ពេល២ទៅ៣ខែមកហើយ អ្នកខ្លះទៀតតែចូលមកបោះតង់ ស្នាក់នៅលើដី ដែលថៅកែជួលគេ ដើម្បីនាំគ្នាធ្វើការកា.ប់ចិញ្ច្រាំមើមដំឡូងមី រហូតដល់ពេលរដូវធ្លាក់ភ្លៀងនាខែខាងមុខ ទើបពួកគាត់នាំគ្នាឈប់សម្រាកត្រឡប់ទៅធ្វើស្រែឯស្រុកកំណើតរបស់ខ្លួនវិញ។

សូមបញ្ជាក់ផងដែរថា តម្លៃទីផ្សារមើមដំឡូងមីពេលនេះ ឡើងថ្លៃខ្ពស់ខ្លាំង ដោយឈ្មួញទិញ១គីឡូក្រាម តម្លៃ៣.៣បាទ (ប្រាក់ថៃ) ជាង៣០០រៀល លុះកា.ប់ចិញ្ច្រាំហាលស្ងួត លក់បាន១គីឡូក្រាម តម្លៃចាប់ពី៧.៥ទៅ៧.៨បាត ជាង៧០០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះ គេចាត់ទុកថា ឡើងខ្ពស់ ជាងឆ្នាំនានាកន្លងមក ដែលមិនធ្លាប់មានផងដែរ ៕

website_news/2023020203.txt · Last modified: 2023/02/02 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki