website_news:2023020302

ឆ្នាំ២០២២ ពលរដ្ឋរងគ្រោះនៅក្រៅប្រទេសជិត ៨ពាន់នាក់ ត្រូវបានជួយសង្គ្រោះ

https://btv.com.kh/article/20703 2023/03/01 03:48:06 pm

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា តាមរយៈស្ថានទូត និងកុងស៊ុលប្រចាំនៅប្រទេសនានា ក្នុងឆ្នាំ២០២២ បានជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋខ្មែរ ដែលបានរងគ្រោះដោយអំពើផ្សេងៗ នៅក្រៅប្រទេស ប្រមាណជិត ៨ពាន់ ឲ្យបានវិលត្រឡប់មកប្រទេសកំណើតវិញ ។ ក្នុងសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១ ខែមីនា នេះ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួង បានឱ្យដឹងថា ឆ្នាំ២០២២ ក្រសួង បានផ្ដោតលើការដ្ឋានធំៗចំនួន៥ ក្នុងនោះ ទី១. ការការពារឯករាជ្យ អធិបតេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ, ទី២. ការការពារបូរណភាពទឹកដីកម្ពុជា, ទី៣. ការការពារផលប្រយោជន៍ពលរដ្ឋខ្មែរ នៅបរទេស, ទី៤. ទំនាក់ទំនងទ្វេភាគី និងទី៥. ទំនាក់ទំនងពហុភាគី ។

ឯកឧត្តម បានបន្តថា ចំពោះការងារការការពារផលប្រយោជន៍ពលរដ្ឋ ក្រសួងបានផ្ដល់ការគាំទ្រ គាំពារ ជួយសង្គ្រោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្ស ចំនួន៧៩៥៣នាក់ ក្នុងប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី ។ ឯកឧត្តម បានបន្ថែមថា លើសពីនេះ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋកម្ពុជារស់នៅជាបរទេស ដូចជា អាមេរិក បារាំង អឺរ៉ុប និងអូស្ត្រាលី ក៏ដូចជាសម្របសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅបរទេស រួមមាន៖ ការផ្ដល់សេវារដ្ឋបាល កុងស៊ុល និងការឧបត្ថម្ភគាំពារផ្សេងៗ ៕ បាន សុខរិទ្ធិ

website_news/2023020302.txt · Last modified: 2023/03/02 09:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki