website_news:2023020503

អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅតែជាបញ្ហាសកលរួមទាំងកម្ពុជា

https://news.btv.com.kh/article/22714 2023/04/28 11:19:17 am

ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីកុមារដែលហៅកាត់ថា APLE បានឲ្យដឹងថា អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅតែជាបញ្ហាសកល រួមទាំងកម្ពុជាផងដែរ បើទោះបីជារារដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការការពារ និងទប់ស្កាត់ក៏ដោយនោះ។

ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី«ការអនុវត្តបែបកុមារមេត្រី ដើម្បីការការពារកុមាររងគ្រោះនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទក្នុងនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ» នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះនៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា នៃក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន ជាច្រើនទៀតក្នុងជូររាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិនោះ លោក ផៃ សុភ័ក្រ្ត ប្រធានកម្មវិធីរបស់អង្គការសកម្មភាព ដើម្បីកុមារ បានឲ្យដឹងថា ការរំលោភបំពានលើកុមារ នៅតែជាបញ្ហាចោទ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នាបង្ការ និងទប់ស្កាត់បន្ថែមទៀត។

លោកបញ្ជាក់ថា«អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅតែជាបញ្ហាសកល និង នៅព្រះរាជាណាចក្រកម្ពុជា។ ហើយកុមារនៅតែកំពុងប្រឈម នឹងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេង ប្រវ័ញ្ចភ្លូវភេទក្នុងរូបភាពផ្សេងៗគ្នា ដែលកើតមាននៅក្នុងគ្រួសារ សហគមន៍ កន្លែងកំសាន្ត និងកេងប្រវ័ញ្ច ផ្លូវភេទតាមប្រព័ន្ធអនឡាញជាដើម ដែលស្ថានភាពទាំងនេះកំពុងបន្តកើតឡើងគួរឲ្យព្រួយបារម្ភ»។ លោក ផៃ សុភ័ក្រ្ត បានបន្តទៀតថា ដោយហេតុថា ភាពរងគ្រោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្លូវ កាយ ផ្លូវចិត្ត និងអារម្មណ៍របស់កុមារ។កម្រិតនៃការប៉ះពាល់ទង្គិតផ្លូវចិត្តរបស់កុមាររងគ្រោះដោយអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ គឺពិបាកក្នុងការវាស់វែង។

លើសជាងនេះទៅទៀត យោងទៅតាមភស្តុតាងនៃការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា កុមារងគ្រោះភាគច្រើនមានអារម្មណ៍ពិបាកក្នុងការទុកចិត្តអ្នកដ ទៃអស់សង្ឃឹម បាក់ទឹកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាច ដែលការប៉ះទង្គិចទាំងអស់នេះ ទាមទារ ការព្យាបាលរយៈពេលវែង ឬខ្លីតាមទំហំនៃភាពរងគ្រោះ ដែលផលពិបាកទាំងនេះអាចធ្វើឲ្យពួកគេ បាត់បង់ អនាគត និងក្លាយជាបន្ទុកដ៏ធំសម្រាប់គ្រួសារ និងសង្គមជាតិយើងទាំងមូលផងដែរ។ ទោះជាយ៉ាងណាក៏ដោយទាក់ទងនឹងបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំយកចិត្តទុកដាក់យ៉ាងសកម្មបំផុតដើម្បីបង្ការទប់ស្កាត់នូវអំពើដ៏យង់ឃ្នងនេះ ដោយរាជរដ្ឋាភិបាលបានកំពុងធ្វើសេចក្តី ព្រាងច្បាប់ដើម្បីការពារ និងលើកកម្ពស់សិទ្ធិកុមារនេះផងដែរ៕អត្ថបទ៖ បាន ចក់

website_news/2023020503.txt · Last modified: 2023/05/02 08:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki