website_news:2023020504

អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការវីនរ៉ក់អន្តរជាតិចុះ MoU ធ្វើការពង្រឹងសមត្ថភាពមន្ត្រីនគរបាលក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2023-04-27-1754-249453.html រី សុចាន់ | Publication date 27 April 2023 | 17:54 ICT

ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការវីនរ៉ក់អន្តរជាតិ (Winrock International)ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលជាតិ។ ការចុះMoU នេះធ្វើឡើងនាថ្ងៃទី២៧ ខែមេសា រវាងលោក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ាក ថេយ៍លឺរ៍ (MarkTaylor) ប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានៃអង្គការ Winrock International នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ក្រោយពិធីចុះ MoU នេះថា៖ «ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ[លោក ជីវ ផល្លី] បន្តថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU)នេះ គឺសំដៅទៅលើការពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលជាតិ ទាំងនៅនាយកដ្ឋាន និងរាជធានី-ខេត្តដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្មក្នុងគ្រប់រូបភាព ពិសេសអំពើកេងប្រវ័ញ្ចពលកម្មលើកុមារនិងអាជីវកម្មផ្លូវភេទ»។ គេហទំព័រដដែលបញ្ជាក់ថា លោក ថេយ៍លឺរ៍ បានថ្លែងអំណរគុណដល់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសលោក ជីវ ផល្លី ដែលបានសហការជាមួយអង្គការវីនរ៉ក់អន្តរជាតិ ដើម្បីបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

គេហទំព័រដដែលបានដកស្រង់សម្តី លោកថេយ៍លឺរ៍ ថា អង្គការវីនរ៉ក់អន្តរជាតិ បានប្តេជ្ញាចិត្តថា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីផ្ដួចផ្ដើមសកម្មភាពបង្ការទប់ស្កាត់តាមរយៈការផ្សព្វផ្សាយ ពីព័ត៌មានហានិភ័យ នៃករណីពលកម្មដោយបង្ខំ និងការគំរាមកំហែងនានា នៃអំពើជួញដូរមនុស្ស ដូចជាការកេងប្រវ័ញ្ចពលកម្មនៅតាមឡឥដ្ឋ ក្រុមហ៊ុនជ្រើសរើសពលករ ដែលរំលោភកិច្ចសន្យា និងបោកប្រាស់លុយកាក់»។ លោក ថេយ៍លឺរ៍ ត្រូវបានស្រង់សម្តីទៀតថា សកម្មភាពបង្ការអាចរាប់បញ្ចូលទាំងជំនួយក្នុងសកម្មភាពផ្សព្វផ្សាយច្បាប់ គោលការណ៍ សេចក្ដីណែនាំ ប្រកាស និងអនុក្រឹត្យពាក់ព័ន្ធ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព។

លោក ជីវ ផល្លី បានថ្លែងថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន គឺជាសេនាធិការសហការគ្នាក្នុងការកសាងសមត្ថភាពលើការប្រមូលភ័ស្តុតាងទាក់ទងនឹងបទល្មើសនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចពលកម្មនិងពលកម្មដោយបង្ខំលើបុរស ស្ត្រី និងកុមារ។ លោកបន្តថា អង្គការវីនរ៉ក់អន្តរជាតិត្រូវសម្របសម្រួល ជាមួយតំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងការរៀបចំប្រធានបទបណ្តុះបណ្តាលដល់មន្រ្តីជំនាញ រួមមាន បច្ចេកទេសស៊ើបអង្កេត ប្រមូលភ័ស្តុតាង ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់ផ្សេងៗទៀត។ លោក ជីវ ផល្លី លើកឡើងថា កិច្ចសហការក្នុងការពង្រឹងសមត្ថភាពរួមមានការពង្រឹងសមត្ថភាពដល់មន្ត្រីស៊ើបអង្កេតនៃការិយាល័យប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជននៅនាយកដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្តារាជធានី-ខេត្តអាទិភាព ដែលមានការចង្អុលបង្ហាញថា ជាតំបន់គោលដៅនៃករណីជួញដូរមនុស្ស។

លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេ នាថ្ងៃទី២៧ ខែមេសា។ អង្គការវីនរ៉ក់អន្តរជាតិ កំពុងអនុវត្តគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (CTIP) នៅកម្ពុជាដែលផ្តល់មូលនិធិដោយទីភ្នាក់ងារជំនួយអាមេរិក USAID ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ នៅក្នុងខេត្តចំនួន៨ ដែលត្រូវបានវាយតម្លៃថា ជាគោលដៅនៃការជួញដូរមនុស្សដោយសហការជាមួយរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

កាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិកបានប្រកាសដាក់ឱ្យអនុវត្តគម្រោង CTIP ដែលមានរយៈពេល៥ឆ្នាំនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាឫសគល់ នៃការជួញដូរមនុស្ស ការពារជនងាយរងគ្រោះ ពីការជួញដូរ និងជួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងគាំទ្រជនរងគ្រោះបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព៕

website_news/2023020504.txt · Last modified: 2023/05/02 08:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki