website_news:2023020505

កម្ពុជា ស្នើសុំថៃ ឈប់ដាក់ខ្នោះច្រវ៉ាក់ចំពោះពលករខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់

https://kohsantepheapdaily.com.kh/article/1728080.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ឧត្តរមានជ័យ២៨ ខែ មេសា ឆ្នាំ ២០២៣ ម៉ោង ១៧:៥៦

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមេសានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាស ជម្រាបជូននូវបច្ចុប្បន្នភាពអំពីការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់ ចំពោះពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ដូចតទៅ៖

១. ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ ដោយបានទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន ១៤នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ (ក្នុងនោះ មានស្រីចំនួន ៥នាក់) នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន។

២. នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក ពលករទាំងនោះ ត្រូវបានអាជ្ញាធរ ថៃ ដាក់ខ្នោះច្រវ៉ាក់ ដោយសារខ្លាចរត់គេចខ្លួន ហើយពួកគាត់ ត្រូវបានអាជ្ញាធរថៃ ដោះខ្នោះច្រវ៉ាក់ចេញវិញ ពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ (ទីក្រុងបាងកក)។

៣. តាមការសម្របសម្រួល និងចរចារបស់ស្ថានទូតកម្ពុជា អាជ្ញាធរថៃ នឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំ និងបំពេញសំណុំឯកសារ ចប់សព្វគ្រប់។

៤. បន្ថែមលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើ ទៅកាន់ក្រសួងការបរទេសថៃផងដែរ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃ បន្ថែមទៀត សំដៅជួយពន្លឿនការដោះលែងពលករទាំង ១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ចំពោះពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះពួកគាត់ មិនមែនជាឧក្រិដ្ឋជនទេ។ ជាការឆ្លើយតប តំណាងក្រសួងការបរទេសថៃ បានសន្យាថា នឹងពាំនាំសំណើរបស់ស្ថានទូតកម្ពុជា ជម្រាបជូនតម្រួតអន្តោប្រវេសន៍ថៃ៕

website_news/2023020505.txt · Last modified: 2023/05/02 08:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki