website_news:2023021002

មន្ត្រីប្រឆាំងការជួញដូរមនុស្ស៖ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទកុមារជាអំពើមិនអាចអត់ឱនឱ្យបាន

https://www.postkhmer.com/national/2023-09-28-1808-254850.html ជា សុខនី | Publication date 28 September 2023 | 18:08 ICT

ភ្នំពេញៈ លោកស្រី ហ៊ុន កុសនី អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដកណ្ដាលបានលើកឡើងថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះក្នុងរូបភាពណាក៏ដោយ ព្រោះវាប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគតផងដែរ។

ការលើកឡើងរបស់លោកស្រី ហ៊ុន កុសនី ដូចនេះបានធ្វើឡើងនៅក្នុងអំឡុងពេលបើកវគ្គ បណ្តុះបណ្តាលសេវាគាំទ្រកុមាររងគ្រោះ នៃការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញជូនដល់ មន្ត្រីជួរមុខប្រមាណ៥៦នាក់ដែលមកពីមន្ទីរសង្គមកិច្ចខេត្ត ក្រុង និងស្រុកចំនួន៥ ក្នុងខេត្តកណ្តាលកាលពីថ្ងៃទី២៧ ខែកញ្ញា។ វគ្គបណ្តុះបណ្តាលនេះសហការរៀបចំដោយអាជ្ញាធរខេត្តកណ្តាលនិងអង្គការ APLE ដើម្បីផ្តល់ចំណេះដឹងដល់មន្ត្រីជួរមុខឱ្យយកចំណេះដឹងនេះទៅផ្សព្វផ្សាយជូនកុមារនិងពលរដ្ឋនៅតាមមូលដ្ឋាន។នេះបើតាមរដ្ឋបាលខេត្តកណ្តាល។

លោកស្រី ហ៊ុន កុសនី ដែលជាអភិបាលរងខេត្តកណ្តាលផងនោះបានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារគឺជាបញ្ហាសកល ដែលបង្កផលវិបាកធ្ងន់ធ្ងរមិនត្រឹមតែប៉ះពាល់ស្ទើរពេញមួយជីវិតនៃជនរងគ្រោះនោះទេប៉ុន្តែដល់សង្គមជាតិទាំងមូលទៀតផង។ លោកស្រីបញ្ជាក់ថា៖«វគ្គនេះគឺមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់ការយល់ដឹងបន្ថែមអំពីហានិភ័យ ដែលអាចកើតមានឡើងចំពោះកុមារ ដូចជា ការកេងប្រវ័ញ្ចនិងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញជាដើម។ ដូច្នេះហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅផ្សព្វផ្សាយបន្តជូនកុមារ គ្រួសារ ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវខ្ពស់»។

លោកស្រី បានបន្ថែមថា ស្រី្តនិងកុមារនៅតែជាបញ្ហាអាទិភាពដែលក្រុមការងារកិច្ចការពារកុមារខេត្តកណ្តាលត្រូវយកចិត្តទុកដាក់និងគាំទ្រ ថ្វីបើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពកិច្ចការពារកុមារនៅខេត្តនេះមានភាពល្អប្រសើរជាងមុនក៏ដោយ ប៉ុន្តែនៅតែមានកុមារមួយចំនួនប្រឈមនឹងបញ្ហាផ្សេងៗនៅឡើយ។ លោកស្រីបានបន្ដថាដើម្បីឆ្លើយតបនិងចូលរួមដោះស្រាយបញ្ហានេះ គឺត្រូវប្តេជ្ញាចិត្តរួមគ្នាខិតខំផ្សព្វផ្សាយលើកកម្ពស់បង្កើនការយល់ដឹង និងបង្ការទប់ស្កាត់និងការឆ្លើយតបលើគ្រប់ទម្រង់ នៃការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារក្នុងខេត្តនេះ។

យោងតាមរបាយការណ៍ថ្មីមួយឈ្មោះថា ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា(Disrupting Harm in Cambodia)ដែលចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២កន្លងមក បានរកឃើញថា ១៦ភាគរយនៃកុមារ ត្រូវបានទទួលរងការបញ្ចេញមតិទាក់ទងនឹងផ្លូវភេទរបស់ពួកគេ ដែលកើតឡើងជាចម្បងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម(Social Media)១៦ភាគរយទៀតនៃកុមារត្រូវបានផ្ញើសាររូបភាពផ្លូវភេទនិង៩ភាគរយនៃកុមារទទួលបានការស្នើសុំចែករំលែករូបភាពផ្លូវភេទរបស់កុមារទាំងនោះ។

ដោយឡែកនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំនេះ អាជ្ញាធរខេត្តកណ្តាលបានបន្តចុះផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានជូនដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាង៣០០នាក់ នៅឃុំព្រែកថ្មី ស្រុកកោះធំផងដែរ៕

website_news/2023021002.txt · Last modified: 2023/10/02 11:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki