website_news:2023021003

ឃាត់ខ្លួនបុរសជនជាតិស្វីសម្នាក់ ករណីបៀតបៀនផ្លូវភេទ និងផលិតវីដេអូអាសអាភាសលើកុមារ

https://www.kampucheathmey.com/security/587990 ថ្ងៃសុក្រ ២៩ កញ្ញា ២០២៣ ដោយ Sokhom Khon

បុរសជាជនជាតិស្វីសម្នាក់ ត្រូវបានកម្លាំងក្រុមការងារចម្រុះ FOXTROT23 ដែលបង្កើតឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពការពារកុមារ (CPU) ធ្វើការឃាត់ខ្លួនក្នុងករណីបៀតបៀនផ្លូវភេទលើកុមារ និងផលិតវីដេអូអាសអាភាសនៅរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការឃាត់នេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយបានសង្គ្រោះកុមារចំនួន៣នាក់ពីស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីមានការឃ្លាំមើល និងស៊ើបអង្កេតអស់រយៈពេល២ខែ។

បើតាមក្រុមការងារចម្រុះ FOXTROT23 ករណីនេះ គឺស្ថិតក្នុងចំណោមករណីដែលធំបំផុតសម្រាប់អង្គភាពការពារកុមារ (CPU) ក្នុងរយៈពេល១០ឆ្នាំនៃកិច្ចប្រតិបត្តិការ។ កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា កម្លាំងជំនាញបានអនុវត្តដីកាឆែកឆេរទីលំនៅផ្សេងគ្នាមួយចំនួន និងបានរកឃើញនូវភស្តុតាងជាច្រើនរួមមាន ទូរស័ព្ទដៃ កាមេរ៉ា កុំព្យូទ័រយួរដៃ ភ្លើងបញ្ចាំងធុនធ្ងន់ ទឹករំអឹល និងសារធាតុបំប៉នកម្លាំង។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានលើកឡើងថា ភស្តុតាងដែលត្រូវបានរកឃើញ គឺគួរអោយបារម្ភ ហើយបង្ហាញថាជនសង្ស័យមានការពាក់ព័ន្ធនឹងសកម្មភាពថត ផលិតរូបភាព និងវីឌីអូអាសអាភាសលើកុមារ។ អំពើផលិត និងចែកចាយរូបភាព និងវីឌីអូអាសអាភាសលើកុមារ គឺជាបទល្មើសមួយដ៏គួរអោយស្អប់ខ្ពើម និងមានផលប៉ះពាល់យ៉ាងខ្លាំងទូទាំងពិភពលោក និងក្នុងដំបន់។ លោក James McCabe បន្ថែមថា ក្នុងរយៈពេល១០ឆ្នាំនៃកិច្ចប្រតិបត្តិការ នេះគឺជាលើកទី១ដែលអង្គភាពការពារកុមារ (CPU) ជួបប្រទះជាមួយការរៀបចំដោយមានជំនាញបែបនេះពីជនសង្ស័យ។ ហើយការស៊ើបអង្កេតនេះ នឹងបន្តរហូតដល់ដំណាក់កាលដែលយើងបានកំណត់មុខសញ្ញាបុគ្គលដែលពាក់ព័ន្ធគ្រប់ទាំងអស់។

ក្រុមការងារចម្រុះកំពុងតែប្រើប្រាស់ជំនាញ និងសេវាកម្មបន្ថែមរបស់ស្ថាប័ន្នអនុវត្តច្បាប់អន្តរជាតិ ដែលជាដៃគូ ហើយយើងនឹងមិនឈប់តាមដានឡើយ រហូតដល់បុគ្គលពាក់ព័ន្ធគ្រប់គ្នាត្រូវបានកំណត់អត្តសញ្ញាណ មិនថាគេកំពុងនៅក្នុងប្រទេសណាឡើយ៕

website_news/2023021003.txt · Last modified: 2023/10/02 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki