website_news:2023021004

ស្ត្រីថៃជាប់ពាក់ព័ន្ធនឹងករណីឆបោកដ៏គួរឱ្យរន្ធត់ត្រូវចាប់ខ្លួននៅព្រំដែនកម្ពុជា

https://www.khmertimeskh.com/501368811// Khmer Times September 29, 2023

ស្ត្រីអាយុ២២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅច្រកទ្វារអន្តោប្រវេសន៍អារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ខណៈត្រឡប់មកពីប្រទេសកម្ពុជាវិញ ពាក់ព័ន្ធនឹងករណីឆបោកដ៏សាហាវ។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ភ្លាមៗបន្ទាប់ពីស្ត្រីឈ្មោះ Jirapinya Naeyued បានឆ្លងព្រំដែនតាមច្រកបានខ្លងលូក (Ban Khlong Luk) ពីក្រុងប៉ោយប៉ែតក្នុងប្រទេសកម្ពុជា។ ស្ត្រីរូបនេះត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទឃុបឃិតគ្នា ក្នុងការក្លែងបន្លំបញ្ចូលព័ត៌មានមិនត្រឹមត្រូវទៅក្នុងប្រព័ន្ធកុំព្យូ ទ័របណ្តាលឱ្យខូចខាត និងចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មអន្តរជាតិ។ ការចោទប្រកាន់នេះបានធ្វើឡើងបន្ទាប់ពីស្រ្តីនោះជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកដែលនាំឱ្យមានសោកនាដកម្មមួយនៅខេត្តសាមុតប្រាកាន។ ការចាប់ខ្លួននេះ ធ្វើឡើងតាមព័ត៌មានអំពីជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងក្រុមឆបោក ដែលធ្វើសកម្មភាពក្នុងក្រុងប៉ោយប៉ែត ត្រឡប់មកប្រទេសថៃវិញ តាមច្រកទ្វារបានខ្លងលូក។

ក្រុមឆបោក មានជាប់ពាក់ព័ន្ធជាមួយនឹងហេតុការណ៍ក្នុងគ្រួសារដ៏រន្ធត់មួយនៅខេត្តសាមុតប្រាកាន ដែលបុរសម្នាក់បានសម្លាប់ប្រពន្ធនិងកូនប្រុសពីរនាក់នៅក្នុងផ្ទះរបស់ពួកគេក្នុងសង្កាត់បាងភ្លី (Bang Phli) កាលពីថ្ងៃទី២៨ ខែសីហា។ បុរសរូបនេះបានធ្លាក់ក្នុងភាពអស់សង្ឃឹមបន្ទាប់ពីប្រពន្ធរបស់ខ្លួនបានធ្លាក់ខ្លួនជាជនរងគ្រោះ ដោយការឆបោករបស់ក្រុមឆបោកនោះ ហើយបានជំពាក់បំណុលគេយ៉ាងសន្ធឹកសន្ធាប់ដែលនាំឱ្យបុរសនោះព្យាយាមបញ្ចប់ជីវិតតែមិនបានជោគជ័យ។ក្នុងពេលសាកសួរចម្លើយ Jirapinya បានសារភាពថាជាមនុស្សដែលមានឈ្មោះក្នុងដីកាចាប់ខ្លួន។ នាងត្រូវបានមន្ត្រីអន្តោប្រវេសន៍ឃាត់ខ្លួនដំបូងមុននឹងត្រូវបញ្ជូនទៅនគរបាលបាងកែវ (Bang Kaeo)ក្នុងខេត្តសាមុតប្រាកាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ការចាប់ខ្លួនស្ត្រីរូបនេះ មិនមែនជាករណីដាច់ដោយឡែកឡើយ។ កាលពីថ្ងៃទី២៩ ខែសីហា ស្ត្រីម្នាក់ទៀតដែលបានបើកគណនីធនាគារសម្រាប់ក្រុមឆបោកដូចគ្នាត្រូវបានចាប់ខ្លួននៅពេលនាងត្រឡប់មកប្រទេសថៃពីប្រទេសកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តស្រះកែវ ដែលនាំទៅដល់ការស្វែងរកស៊ីជម្រៅបន្ថែមទៀតនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។

ជាងនេះទៅទៀត កាលពីដើមខែនេះ ជនជាតិថៃ៤នាក់ ក្នុងនោះស្រី៣នាក់ ត្រូវបានចាប់ខ្លួននៅក្រុងប៉ោយប៉ែត។ ពួកគេត្រូវបានគេចោទថាជាប់ពាក់ព័ន្ធនឹងការហៅទូរស័ព្ទឆបោកដែលនាំឱ្យមានសោកនាដកម្មគ្រួសារដូចខាងលើនៅខេត្តសាមុតប្រាកាន។ ការចាប់ខ្លួនជាបន្តបន្ទាប់ទាំងនេះបង្ហាញពីការស៊ើបអង្កេតដែលកំពុងបន្ត និងដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងក្រុមឆបោកដែលពាក់ព័ន្ធនឹងហេតុការណ៍គ្រួសារដ៏គួរឱ្យរន្ធត់នៅខេត្តសាមុតប្រាកាន។ Thaiger

website_news/2023021004.txt · Last modified: 2023/10/02 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki