website_news:2023021006

ស្ថាប័នពាក់ព័ន្ធ បន្តសកម្មភាពផ្សព្វផ្សាយពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅខេត្តបាត់ដំបង

https://www.postkhmer.com/national/2023-09-30-0806-254889.html សុខ រក្សា | Publication date 30 September 2023 | 15:06 ICT

ស្ថាប័នពាក់ព័ន្ធ បន្តសកម្មភាពផ្សព្វផ្សាយពីការចំណាកស្រុក ប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋ និងចូលរួមទប់ស្កាត់ការជួញដូរកម្លាំងមនុស្សដោយខុសច្បាប់។

កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីការិយាល័យអប់រំមីន និងស្តារទំនាក់ទំនង បានអមដំណើរ ប្រតិភូគណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី)ប្រចាំទីក្រុងភ្នំពេញ និងប្រតិភូអាយ (អាយ.ស៊ី.អរ.ស៊ី) ប្រចាំទីក្រុងហាណូយ ចុះពិនិត្យការងារផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការជួញដូរមនុស្ស នៅស្រុកកំរៀង និងសេវាកម្មស្តារទំនាក់ទំនងគ្រួសារ នៅមូលដ្ឋានខេត្តបាត់ដំបង។ ទន្ទឹមនឹងនោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំទីក្រុងភ្នំពេញ និងទីក្រុងហាណូយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារអប់រំផ្សព្វផ្សាយពីចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការងារស្តារទំនាក់ទំនងគ្រួសារ របស់មន្ត្រីស្តារទំនាក់ទំនងគ្រួសារ ដែលធ្វើបានយ៉ាងល្អប្រសើរ ដោយសង្កេតឃើញថាប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។

ជាមួយគ្នានោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី និងក្រុមការងារបានចុះពិនិត្យការចែកលិខិតដំណឹងគ្រួសាររបស់មន្ត្រីស្តារទំនាក់ទំនងគ្រួសារប្រចាំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅតាមខ្នងផ្ទះដោយផ្ទាល់ និងបានវាយតម្លៃខ្ពស់ចំពោះការសហការរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាន ដែលបានជួយសម្រួលការងាររហូតទទួលបានជោគជ័យ។ ក្នុងឱកាសនោះដែរ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី បានពិនិត្យឃើញថា លិខិតដំណឹងគ្រួសាររបស់កាកបាទក្រហមកម្ពុជា ពិតជាមានសារៈសំខាន់ក្នុងការជួយផ្តល់ដំណឹងរវាងក្រុមគ្រួសារ និងជនជាប់ឃុំ។

ប្រភពខាងលើបញ្ជាក់ថា៖ «ជាក់ស្តែង ក្នុងនោះមានមួយករណី ដែលគ្រួសារបានបាត់ដំណឹងបងប្រុស អស់រយៈពេល ១០ ឆ្នាំ ស្មានតែបងប្រុសបានទទួលមរណភាពទៅហើយ មិននឹកស្មានថាបងប្រុសជាប់នៅពន្ធនាគារនោះទេ ។ ពេលដែលបានទទួលដំណឹងនេះក្រុមគ្រួសាររបស់គាត់ពិតជាសប្បាយចិត្តជាខ្លាំង និងបានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ដំណឹងអំពីបងប្រុសរបស់គាត់ ដែលបាត់ដំណឹងអស់ជាច្រើនឆ្នាំ តាមរយៈលិខិតដំណឹងគ្រួសារកាកបាទក្រហមកម្ពុជា»។

គូសបញ្ជាក់បន្ថែមថា ការចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីនៅតាមសាខា គឺជាសកម្មភាពមួយដែលមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីជួយពង្រឹងការអនុវត្តសកម្មភាពការងារឱ្យកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលតាមផែនការរំពឹងទុក។ លើសពីនេះទៀត ប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំទីក្រុងហាណូយ បានទទួលនូវសារគន្លឹះសំខាន់ៗពីកាកបាទក្រហមកម្ពុជា សម្រាប់យកទៅអនុវត្តសកម្មភាពស្តារទំនាក់ទំនងគ្រួសារនៅក្នុងប្រទេសវៀតណាម ឱ្យសម្រេចបានលទ្ធផលដូចកាកបាទក្រហមកម្ពុជា ធ្វើកន្លងមកផងដែរ៕

website_news/2023021006.txt · Last modified: 2023/10/02 12:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki