website_news:2023021101

ឯកឧត្តម កើត រិទ្ធ ណែនាំឲ្យមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ម៉ឺងម៉ាត់ តឹងរ៉ឹងចំពោះ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់និង ក្មេងទំនើង

https://information.gov.kh/articles/117041 ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ណែនាំឲ្យមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ម៉ឺងម៉ាត់ តឹងរ៉ឹងចំពោះ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់ និង ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងរបស់ឯកឧត្តម ឌិន ស៊ីវុទ្ធី ជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ជំនួស ឯកឧត្តម យ៉ា ណារិន ដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងឯកឧត្តម កែវ សុធា ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ជេត ខេមរា ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីក្រសួងយុត្តិធម៌ បានឲ្យដឹងដា ឯកឧត្តម កើត រិទ្ធ បានណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញាថ្មី ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ដូចខាងក្រោម៖

(១)-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់, ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។

(២)-នៅពេលជំនុំជម្រះក្តី ចៅក្រមត្រូវរក្សាភាពមិនលំអៀង ដោយវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។

(៣)-ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ, រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។

(៤)-ត្រូវពង្រឹងគុណភាពនៃការតាក់តែងសាលក្រម/សាលដីកា ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ត្រូវមានសំអាងហេតុ និងសំអាងច្បាប់ជាមូលដ្ឋានរឹងមាំ ងាយយល់ ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ជាសាលក្រម/សាលដីកាគំរូ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ស្នើសុំឱ្យមន្រ្តីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាផ្តល់កិច្ចសហការពេញលេញ ធានាឱ្យសេចក្តីសម្រេចរបស់តុលាការត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពដើម្បីរួមចំណែកក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋនៅកម្ពុជា។

(៥)-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ជាពិសេស ការត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងការបង្ហាញនូវភាពជាអ្នកដឹកនាំ ដើម្បីចូលរួមអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ។ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ផ្អែកតាមមការប្រគល់ភារកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នូវកិច្ចការអាទិភាពគឺ

(ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័សនិង (ទី៣)-ការត្រួតពិនិត្យ និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត គឺ៖

(ទី១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, (ទី២)-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង(ទី៣)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជារួម យុទ្ធនាការដ៏មានសារៈសំខាន់ទាំង ៣ នេះមានសសរស្តម្ភ ចំនួន ២ គឺ សសរស្តម្ភទី១-ការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងសសរស្តម្ភទី២-ការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលសសរស្តមទាំងពីរនេះមាននៅក្នុងច្បាប់ ហើយស្របច្បាប់៕ ដោយ៖ កន ចំណាន

website_news/2023021101.txt · Last modified: 2023/11/02 08:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki