website_news:2023030302

ក្រុមហ៊ុនសំណង់ដ៏ធំរបស់សិង្ហបុរី ប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី

https://www.information.gov.kh/articles/98832 AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣

លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD និងជាក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរីបានប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ ការប្រកាសរបស់នាយកប្រតិបត្តិក្រុមហ៊ុនសិង្ហបុរីនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក Greory Lin បានស្នើសុំកិច្ចសហការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងជាមួយភាគីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ និងគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូនកពលករផ្នែកសំណង់ ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលចាត់ទុកថានេះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា ហើយក្រសួងផ្ទាល់ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែកសំណង់នេះ ដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។

នាឱកាសនោះដែរ លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន បានចែករំលែកនូវព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន ជម្រាបជូនដល់ឯកឧត្តមរដ្ឋមន្ត្រីថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។ លោកបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីឈ្វេងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលមានប្រវត្តិយូរមកហើយ និងមានស្តង់ដារខ្ពស់ខាងផ្នែកសំណង់នេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ពាក់ព័ន្ធកិច្ចសហការលើការងារកម្លាំងពលកម្ម នាពេលកន្លងមក កម្ពុជាបានបញ្ជូនស្រ្តីជំនួយការផ្ទះ ទៅសិង្ហបុរី ប្រមាណជាងមួយពាន់នាក់ ហើយសង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ៕ដោយ៖ រិទ្ធី, ប្រភព៖ ក្រសួងការងារ សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2023030302.txt · Last modified: 2023/03/03 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki