website_news:2023030303

ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃមានជីវភាពខ្វះខាតក្រោយពីអត់ការងារធ្វើជិតមួយខែ

https://www.rfa.org/khmer/news/social-economy/a-group-khmer-workers-in-thailand-living-with-hardship-after-losing-jobs-03012023212935.html ដោយ ឡេង ម៉ាលី2023.03.01

ពលករខ្មែរមួយក្រុម ធ្វើការនៅទីក្រុងបាងកក ប្រទេសថៃ ប្រឹងត្រដររស់នៅទាំងវេទនា ក្រោយពីអត់ការងារធ្វើអស់រយៈពេលជិត ១ខែ។ មន្ត្រីសង្គមស៊ីវិលថា បញ្ហាពលករអត់ការងារធ្វើកើតមានស្ទើរតែគ្រប់កន្លែង និងស្នើដល់អាជ្ញាធរខ្មែរ គួរតែជួយស្វែងរកដោះស្រាយជូនពលករឱ្យបានឆាប់ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលករ ។

ពលករខ្មែរមួយក្រុមនេះមានគ្នាជាង ៣០នាក់ សព្វថ្ងៃនេះ កំពុងស្នាក់នៅប្រទេសថៃដោយខុសច្បាប់។ ពួកគាត់អះអាងថា ថៅកែបានសន្យានឹងជួយធ្វើឯកសារឱ្យពួកគាត់ឱ្យបានឆាប់ៗ ដើម្បីបានធ្វើការឡើងវិញ។ ពួកគាត់ថា ថៅកែបានទារលុយពីពលករក្នុងម្នាក់ជាង ១ម៉ឺនបាត (១០.០០០បាត) ដែលស្មើជាង ១លានរៀល(១.០០០.០០០៛) ដើម្បីយកទៅធ្វើប័ណ្ណការងារ។ នៅក្នុងបន្ទប់តូចចង្អៀត ដែលមានទំហំជាង ៣ម៉ែត្របួនជ្រុង ពោរពេញដោយខោអាវ និងឆ្នាំងចាន។ ពលករទាំងនោះ ភាគច្រើនមកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប។ ពួកគាត់មកជាមួយ ប្ដីប្រពន្ធ និងកូន ដើម្បីរកការងារធ្វើនៅប្រទេសថៃ។ អស់រយៈពេលជិត ១ខែនេះ ពួកគាត់មិនហ៊ានដើរចេញក្រៅ ឆ្ងាយពីកន្លែងដែលខ្លួនស្នាក់នៅឡើយ ព្រោះខ្លាចប៉ូលិសថៃចាប់ពួកគាត់បញ្ជូនមកខ្មែរវិញ ខណៈដែលខ្លួនពុំមានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវឡើយ។ ចំណែកការចំណាយលើការហូបចុកវិញ ពួកគាត់មិនមានលុយសម្រាប់ទិញបាយហូបនោះទេ ដូច្នេះជារៀងរាល់ព្រឹក ល្ងាច ពួកគាត់ទៅទិញស្បៀងអាហារបន្លែត្រីសាច់ជំពាក់គេ នៅកន្លែងលក់ឥវ៉ាន់មួយក្បែរនោះយកមកហូបចុកប្រចាំថ្ងៃ។ ពួកគាត់សន្យាថា នឹងសងលុយគេវិញ ពេលបានចូលធ្វើការវិញ។

ពលករខ្មែរម្នាក់រស់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប លោកស្រី ស៊ូ រៀន ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីមកធ្វើការនៅប្រទេសថៃនេះ តាំងពីដើមខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែនៅដើមខែកុម្ភៈនេះ ថៅកែឱ្យក្រុមពួកលោកស្រី ដែលមានគ្នា ១១នាក់ សម្រាកពីការងារជាបណ្ដោះអាសន្ន ព្រោះឯកសារការងារធ្វើមិនទាន់ហើយ។ លោកស្រីថា បើសិនជាពួកគាត់បន្តធ្វើការទៀត ប៉ូលិសនឹងចុះចាប់។ លោកស្រី ស៊ូ រៀន៖ «បារម្ភ ពិបាក អត់ហ៊ានចេញទៅណាទេ នៅក្នុង ខិម [បន្ទប់]នេះ នៅតែក្នុងនេះអត់ហ៊ានចេញទៅណាទេ ព្រោះយើងខ្លាចអត់មានស្អី [លិខិតឆ្លងដែន] កាន់នៅក្នុងដៃ។ អត់ហ៊ានទៅខាងក្រៅដូចពួកគាត់មកលេងទីនេះ អត់ហ៊ានចេញទៅទេ តាំងពីទើបនឹងចូលនៅទីនេះមុន ពីម៉ៃ [ឆ្លងឆ្នាំ] កាលពីឆ្នាំ២០២២»។

ស្រដៀងគ្នានេះពលករម្នាក់ទៀត លោក លឿង រដ្ឋា ដែលមកធ្វើការនៅប្រទេសថៃជិត ១០ឆ្នាំជាមួយប្រពន្ធរបស់ខ្លួន លើកឡើងថា លោកធ្លាប់អត់ការងារធ្វើជាច្រើនដងមកហើយ ភាគច្រើន គឺបញ្ហាធ្វើលិខិតឆ្លងដែន និងប័ណ្ណការងារ។ លោកថា ដោយសារតែការធ្វើឯកសារយឺតយ៉ាវ និងស្មុគស្មាញ ស្របពេលដែលការចំណាយថវិកាវិញក៏ច្រើន ដែលធ្វើឱ្យលោកជំពាក់បំណុលធនាគារកាន់តែច្រើន នៅពេលធ្វើឯកសារម្ដងៗ។ លោកថា ពលករទាំងអស់ពុំមាននរណាចង់ធ្វើការដោយខុសច្បាប់នោះទេ បើសិនជាការរៀបចំឯកសារទាំងនោះមានភាពងាយស្រួលជាងនេះ។ លោក លឿង រដ្ឋា៖ «ចង់ឱ្យទូតកម្ពុជា និងរដ្ឋាភិបាលជួយរៀបចំឯកសារ ដើម្បីងាយស្រួលក្នុងការធ្វើការ ឆាប់បានឱ្យពលករហ្នឹងចូលធ្វើការ ហើយពេលធ្វើដំណើរនៅតាមច្រកព្រំដែន ជួយកាត់បន្ថយការរឿងសេវាឱ្យចំណាយតិចតូចកុំឱ្យសូវច្រើនពេក កុំឱ្យមានបញ្ហា»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ និងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែកុម្ភៈ ដោយសារហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ទោះយ៉ាងណាក្ដី មន្ត្រីកុងស៊ុលខ្មែរ ប្រចាំស្ថានទូតនៅប្រទេសថៃ លោក ផែ លន បដិសេធមិនឆ្លើយតបជុំវិញរឿងនេះ ដោយលោកថា កំពុងជាប់រវល់ចុះជួបពលករខ្មែរ។

លោក ផែ លន៖ «ខ្ញុំរវល់ណាស់ កំពុងតែជួបភ្ញៀវ កំពុងតែជួបបងប្អូនពលករយើងហ្នឹងហើយ អរគុណបាទ!»។ ពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃភាគច្រើន ពួកគាត់អាចរកចំណូលបានក្នុងម្នាក់ ៣០០បាត ទៅ ៥០០បាត ក្នុងមួយថ្ងៃ ដែលស្មើជាង ៣០.០០០រៀល ទៅជាង ៥.០០០រៀល ក្នុងមួយថ្ងៃ។ ពួកគាត់ចូលធ្វើការចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៥ល្ងាច។ ចំណែកពលករ ដែលចង់បានលុយថែមម៉ោង ពួកគាត់អាចបន្តធ្វើការពេលយប់ចាប់ពីម៉ោង ៥ល្ងាចរហូតដល់ ១១យប់ ដែលក្នុងម្នាក់ទទួលបាន ៣០០បាតថែមទៀតក្នុងមួយថ្ងៃ។ ទោះយ៉ាងនេះក្ដី ពួកគាត់ថា ការងារធ្វើការសំណង់នេះ ត្រូវតស៊ូប្រឹងប្រែងដោយលំបាក និងហានិភ័យខ្ពស់ដល់អាយុជីវិត នៅពេលដែលឡើងលើអគារខ្ពស់ៗ។

ជុំវិញរឿងនេះ មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (Central) លោក លឹង សុផុន កត់សម្គាល់ឃើញថា ពលករខ្មែរ ដែលមកធ្វើការនៅប្រទេសថៃខុសច្បាប់ភាគច្រើន ប្រឈមអត់ការងារធ្វើជាបន្តបន្ទាប់។ លោកថា បញ្ហានេះមានស្ទើរតែគ្រប់កន្លែង ជាពិសេស តំបន់ដែលសម្បូរពលករខ្មែររស់នៅ ដូចជា ខេត្តសាមុត ប្រាកាន (Samut Prakan Province) និងខេត្ត ឈុនបុរី (Chonburi) ជាដើម។ លោកថា ប្រសិនបើបញ្ហានេះ អាជ្ញាធរខ្មែរមិនឆាប់ជួយអន្តរាគមន៍ដល់ពួកគាត់ទេ នោះ នឹងធ្វើឱ្យជីវភាពពលករខ្មែរ កាន់តែលំបាក។ លោក លឹង សុផុន៖ «អ៊ីចឹងបើសិនជាស្ថានពាក់ព័ន្ធដែលបានដឹងដំណឹង ឬក៏បានយល់ពីបញ្ហានេះហើយគួរដោះស្រាយដោយវិធីណាហើយ មានវិធានការដើម្បីកែប្រែខ្ញុំគិតថាវាជារឿងល្អ ឬក៏យើងមានវិធានការបណ្ដុះបណ្ដាលអប់រំតាមអ្វីដែលយើងអាចធ្វើបាន នេះវាជារឿងល្អប្រសើរ តែបើសិនជាយើងមិនធ្វើអ៊ីចឹងទេ បងប្អូនពលករនៅថៃហ្នឹងកាន់តែក្លាយជាជនរង់គ្រោះច្រើនទៅៗ»។

ចាប់តាំងពីខែមករា ដល់ខែកុម្ភៈនេះ អ្នកឃ្លាំមើលបញ្ហាពលករខ្មែរនៅប្រទេសថៃឱ្យដឹងថា មានពលករខ្មែរជាង ២០០នាក់ ហើយនៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសថៃ ពួកគាត់ដាច់ស្បៀង និងអត់ការងារធ្វើដោយសារតែពុំមានឯកសារត្រឹមត្រូវសម្រាប់ធ្វើការ។ មិនតែប៉ុណ្ណោះពួកគាត់ក៏ត្រូវបានមេខ្យល់ និងថៅកែថៃបោកប្រាស់កម្លាំងពលកម្ម។ បញ្ហាទាំងនេះធ្វើឱ្យពលករខ្មែរទាំងនោះប្រឹងត្រដររស់នៅដោយវេទនា។ ពួកគាត់ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ឱ្យបានឆាប់ ដើម្បីពួកគាត់មានលទ្ធភាពអាចចូលធ្វើការឡើងវិញ រកប្រាក់ដោះស្រាយជីវភាពគ្រួសារ៕

website_news/2023030303.txt · Last modified: 2023/03/03 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki