website_news:2023030404

តុលាការខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួនប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង និងបក្ខពួក៣នាក់ ពីបទឆបោក

https://www.kampucheathmey.com/security/488038 ថ្ងៃសុក្រ ៣១ មីនា ២០២៣ដោយ Sokhom Khon

ប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់ និងបក្ខពួក៣នាក់ទៀត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនហើយ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោកស្រីប្រធានក្រុមហ៊ុន រាជ្យសុផាន់ភួង រួមនឹងបក្ខពួក៣នាក់ទៀតត្រូវបានតុលាការសម្រេចឃុំខ្លួនហើយនៅវេលាម៉ោង១២ព្រឹក ថ្ងៃទី៣១ ខែមីនានេះ។ នៅក្នុងសំណុំរឿងឆបោកនេះ គឺក្រុមហ៊ុន រាជ្យសុផាន់ភួង បានឆរបោកយកលុយពីពលករ២៣នាក់ ជាដើមបណ្ដឹងអស់ ១៤៧.៥០០ដុល្លារ ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសអូស្ត្រាលី។ ប៉ុន្តែចាំបាត់ៗ១ខែជា២ ខែមិនឃើញបញ្ជូនពួកគាត់ទៅប្រទេសអូស្ត្រាលីតាមការសន្យា ទើបបងប្អូនពលករដាក់ពាក្យប្ដឹងទៅស្នងការនគរបាលខេត្តចំណាត់ការតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋជាពលករ និងជាជនរងគ្រោះចាញ់បោកក្រុមហ៊ុនខាងលើនេះសុំសំណូមពរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយចំណាត់ការតាមផ្លូវច្បាប់ យកលុយពីក្រុមហ៊ុននេះ ឬលក់ឡៃឡុងរថយន្តម៉ាកហ្វត ពណ៌ខ្មៅទំនើប របស់ប្រធានក្រុមហ៊ុននេះមកសងពលកររងគ្រោះផង។ យ៉ាងហោចណាស់ក៏សងបានពលករ ២៣នាក់បានពាក់កណ្ដាលផងដែរ ព្រោះរថយន្តនេះមានតម្លៃប្រមាណ៨ម៉ឺនដុល្លារ។ ដោយឡែក ឮថាមានបងប្អូនពលករមួយក្រុមទៀតក៏កំពុងដាក់ពាក្យបណ្ដឹងប្ដឹងប្រធានក្រុមហ៊ុនមួយនេះពីបទឆបោកដូចគ្នាផងដែរទៅកាន់តុលាការ។ ប៉ុន្តែមិនទាន់ដឹងមានចំនួនប៉ុន្មាននាក់ និងឆរបោកយកប្រាក់អស់ប៉ុន្មានដុល្លារនោះឡើយ៕ ឈៀង ថារិទ្ធ

website_news/2023030404.txt · Last modified: 2023/04/03 09:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki