website_news:2023030406

វគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងការបង្ការ ទប់ស្កាត់ អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ!

https://www.information.gov.kh/articles/101009 ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសោមាទេវី ក្រុងសៀមរាប នាយកដ្ឋានគោលនយោបាយ ICT ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយអង្គការ APLE បើកវគ្គបណ្តុះ បណ្តាល ស្តីពីការយល់ដឹងការបង្ការ ទប់ស្កាត់ អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មកពីតាមបណ្ដារាជធានី ខេត្តនានា អង្គការដៃគូរ រួមនឹងវិស័យឯកជនពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប។

លោកស្រី ហ៊ឹម សោភណ្ឌ ប្រធានកម្មវិធីគាំទ្រ និងផ្ដល់ជំនួយសម្រាប់កុមាររងគ្រោះអង្គការ APLE បានបញ្ជាក់ថា វគ្គបណ្តុះបណ្ដាលនាពេលនេះ មានគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីហានិភ័យ ដែលអាចកើតមានឡើងចំពោះកុមារ លើការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានោះដែរ វគ្គបណ្តុះបណ្ដាលនេះ ក៏នឹងធ្វើការពង្រឹងបន្ថែមទៅដល់អ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ឲ្យបាននូវបញ្ហាទាំងអស់នេះ ឲ្យឆ្លើយតបចំពោះហានិភ័យ និងទម្រង់ពាក់ព័ន្ធទាំងនោះ វិធានសុវត្ថិភាពចំពោះកុមារតាមប្រព័ន្ធអនឡាញ Blocking, Filtering, Reporting វិធានការបង្ការ ទប់ស្កាត់ផ្សេងៗទៀត។

បើតាមលោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយ ICT ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា អំពើជួញដូរមនុស្ស គឺជាវិបត្តិសកលមួយ ដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានជួបប្រទះ ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ដើម្បីធានាការអភិវឌ្ឍន៍ផ្តល់ការងារសមស្រប សមភាព ប្រសិទ្ធភាព និងធានាឱ្យសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦ -២០៣០ រួមទាំងបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួលដល់ការអនុវត្តលិខិតបទដ្ឋានគតិយុត្តរួមទាំងគោលនយោបាយ និងផែនការសកម្មភាពលើការងារពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើកុមារ សំដៅការពារសិទ្ធិ និងផលប្រយោជន៍ដល់កុមារ។

លោកស្រីបន្ថែមថា ជាមួយនឹងការដាក់ផែនការទាំងនេះ ប៉ុន្តែក្នុងនោះក៏មានកុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួននៅឡើយដូចជា អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច ការជួញដូរកុមារ ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន កុមារបម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះហារូបត្ថម្ភ ជាដើម និងកុមាររងការរំលោភបំពានតាមប្រព័ន្ធអនឡាញ ដែលជាប្រព័ន្ធផ្តល់សេវាកម្មតាមបច្ចេកវិទ្យាកំពុងពេញនិយមដែលផ្តល់នូវទាំងផលវិជ្ជមាន និងផលអវិជ្ជមានផងដែរ។ ហើយបញ្ហាទាំងនេះ គឺតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោដៅ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាតំបន់ប៉ូលទី២ នៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ជាតិ ក៏ដូចជាខឿនសេដ្ឋកិច្ចជាតិ ដែលមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្តកើនឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងផលវិជ្ជមានពីសេវាកម្មទេសចរណ៍យើងក៏បានទទួលរងផលជាអវិជ្ជមានផងដែរ ពីអ្នកទេសចរណ៍មួយចំនួន ដែលមានបំណងទុច្ចរិត បានឆក់ឱកាសប្រព្រឹត្តបទល្មើសរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារតាមរូបភាពផ្សេងៗ និងការយកខេត្តសៀមរាប ជាខេត្តសម្រាប់ឆ្លងកាត់ការនាំចេញមនុស្សដោយខុសច្បាប់ និងកន្លែងសម្រាប់ប្រព្រឹត្តបទល្មើស។

ជាមួយគ្នានោះ លោកប្រធានមន្ទីរ ក៏បានស្នើដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ធ្វើការតាមដានត្រួតពិនិត្យ វាយតម្លៃ និងធ្វើបច្ចុប្បន្នកម្មជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់កុមារ ពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន ដើម្បីឲ្យកុមារដែលលទទួលរងនូវការរំលោភបំពានទទួលបាននូវការផ្តល់សេវា និងការយកចិត្តទុកដាក់ជាពហុវិស័យបន្ថែមទៀត មានន័យថាធ្វើសកម្មភាពផ្សេងៗគ្នា ដើម្បីឈានទៅសម្រេចគោលបំណងរួមតែមួយជូនសង្គមជាតិ និងធ្វើឱ្យមានសុខមាលភាពសង្គមជាតិ៕ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2023030406.txt · Last modified: 2023/04/03 09:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki