website_news:2023030501

សម្ដេចក្រឡាហោម ស ខេង៖ បទល្មើសនៃការជួញដូរមនុស្សនៅកម្ពុជាជាង៩០ភាគរយ ប្រព្រឹត្តដោយជនបទេសដែលយកទឹកដីកម្ពុជាធ្វើសកម្មភាពឆបោកជនជាតិដូចគ្នា

https://www.information.gov.kh/articles/103065 ចេញផ្សាយ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថ្នាក់ដឹកនាំសាកលវិទ្យាល័យថា បទល្មើសនៃការជួញដូរមនុស្សនៅកម្ពុជា ជាង៩០ភាគរយ ប្រព្រឹត្តឡើងដោយជនបទេស ដែលយកទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តសកម្មភាពឆបោក ឬអូសទាញជនជាតិដូចគ្នា។ សម្ដេចក្រឡាហោមបានលើកឡើងថា ផ្អែកលើបទពិសោធន៍នៃការបង្ក្រាបបទល្មើសនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសពាក់ព័ន្ធពិតជាមានសារៈសំខាន់។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង។

សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូជាន់ខ្ពស់ ក៏បានទស្សនាសារមន្ទីរនៃសាកលវិទ្យាល័យ ដែលបានបង្ហាញពីការកសាង ការបង្កើតសាកលវិទ្យាល័យតាំងពីដំបូងរហូតដល់ពេលបច្ចុប្បន្ន និងបានបង្ហាញពីការវិវឌ្ឍន៍សាកលវិទ្យាល័យរហូតមកដល់បច្ចុប្បន្នផងដែរ។ ដំណើរទស្សនកិច្ចនេះដែរ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់លោកជំទាវ ZENG HAIYAN លេខាធិការគណៈកម្មាធិការបក្សប្រចាំសាកលវិទ្យាល័យ និងលោក Cao Shi Quan លេខាធិការបក្សរង និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកស្រី ZENG HAIYAN បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា មានមិត្តភាពយូរលុងណាស់មកហើយ និងថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាទំនាក់ទំនងគំរូមួយលើឆាកអន្តរជាតិ។ លោកស្រីបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេច នាឱកាសនេះ ទំនាក់ទំនងរវាងចិន និងកម្ពុជា នឹងឈានឡើងកម្រិតថ្មីមួយទៀត។ លោកស្រីក៏បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យបង្ក្រាបអំពើឧក្រិដ្ឋ ការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ព្រមទាំងអំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។ លោកស្រីបានកត់សម្គាល់ឃើញថា គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា តែងបានអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិផ្ដួចផ្ដើមដោយសាកលវិទ្យាល័យចិន និងថាសាកលវិទ្យាល័យក៏បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជាចំនួន ១១វគ្គ ស្មើនឹងមន្រ្តីជាង ១០០នាក់ លើការងារពង្រឹការអនុវត្តច្បាប់ និងតែងតែជ្រើសរើសមន្រ្តីនគរបាលកម្ពុជាចំនួន១១នាក់ មកសិក្សានៅក្នុងសាសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមតិដ៏មានតម្លៃរបស់លោកស្រី ហើយសម្ដេចក្រឡាហោមក៏លើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា បង្កើតឡើងប្រមាណ២០ឆ្នាំ ជារយៈពេលខ្លីមួយបើធៀបនឹងសាកលវិទ្យាល័យសន្តិសុខសាធារណចិន។ សម្ដេចក្រឡាហោមបន្តថា បណ្ឌិត្យសភាក៏មានទំនាក់ទំនងជាមួយសាលានគរបាល នៃប្រទេសមួយចំនួនផងដែរ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តី។ សម្ដេចក្រឡាហោមក៏បានឯកភាពចំពោះការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈវេទិកាអន្តរជាតិនានា រវាងមន្រ្តីនគរបាលកម្ពុជា និងចិន រួមទាំងជាមួយមន្រ្តីនគរបាលប្រទេសផ្សេងទៀត។ សម្ដេចក៏បានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា ដែលមានការធ្លាក់ចុះច្រើននារយៈពេលចុងក្រោយ៕ដោយ៖ រិទ្ធី

website_news/2023030501.txt · Last modified: 2023/05/03 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki