website_news:2023030502

ក្រសួងការបរទេស៖ កម្ពុជាបានស្នើឱ្យថៃឈប់ដាក់ខ្នោះច្រវ៉ាក់ពលករខ្មែរដែលឆ្លងដែនចូលប្រទេសថៃខុសច្បាប់តទៅទៀត

https://www.rfi.fr/km//20230429-?ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 29/04/2023 - 09:09

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា រូបភាពពលករជាប់ខ្នោះច្រវ៉ាក់ដែលបង្ហោះនៅបណ្តាញសង្គមនាពេលថ្មីៗនេះ គឺពិតជាពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។ អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុឃឿន យល់ថា ការដាក់ខ្នោះច្រវ៉ាក់ ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់របស់អាជ្ញាធរថៃបែបនេះ ជារូបភាពមិនសមរម្យព្រោះពលករខ្មែរមិនមែនជាឧក្រិដ្ឋជនឡើយ។

រូបភាពពលករខ្មែរ មានប្រុសមានស្រី ដែលដៃទាំងសងខាងកំពុងជាប់ខ្នោះច្រវ៉ាក់ចងផ្អឹបជុំគ្នានៅក្នុងឡាន លើបណ្តាញសង្គម នាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីពួកគេបានឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន។ តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុឃឿន បញ្ជាក់ថា អាជ្ញាធរថៃបានចាប់ដាក់ខ្នោះច្រវ៉ាក់ពលករខ្មែរចំនួន១៤នាក់នោះ ដោយសារបារម្ភខ្លាចពួកគេរត់គេចខ្លួន។

ដ្បិតថានៅពេលនេះ ពលករខ្មែរទាំងជាង១០នាក់នោះ ត្រូវបានអាជ្ញាធរថៃដោះខ្នោះច្រវ៉ាក់ចេញវិញ នៅពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ ក្រុងបាងកក រួចហើយក៏ពិតមែន ប៉ុន្តែក្រសួងការបរទេសកម្ពុជា យល់ថា ការដាក់ខ្នោះច្រវ៉ាក់បែបនេះ ចំពោះពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់របស់អាជ្ញាធរថៃ គឺជារូបភាពមិនសមរម្យ ព្រោះពលករខ្មែរមិនមែនជាឧក្រិដ្ឋជនឡើយ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើឱ្យថៃ បញ្ឈប់ការដាក់ខ្នោះច្រវ៉ាក់ពលករខ្មែរ ដែលឆ្លងដែនចូលប្រទេសថៃខុសច្បាប់បែបនេះតទៅទៀត។ ទន្ទឹមគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ក្រសួងការបរទេសថៃ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃបន្ថែមទៀត ដើម្បីជួយពន្លឿនការដោះលែងពលករទាំង១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើតាម លោក អាន សុឃឿន អ្នកនាំពាក្យក្រសួងការបរទេស អាជ្ញាធរថៃនឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំនិងបំពេញសំណុំឯកសារ ចប់សព្វគ្រប់។

គួរជម្រាបថា ពលករអន្តោប្រវេសន៍ខ្មែរ ដែលមិនមានឯកសារគ្រប់គ្រាន់ ឬពលករខុសច្បាប់ នៅតែព្យាយាមចូលទៅក្នុងប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើជារៀងរាល់ថ្ងៃ។ របាយការណ៍ក្រសួងការងារឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០២២ មានពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបជាង ១លាន៣សែននាក់ ក្នុងនោះប្រទេសថៃ មានចំនួនជាង ១លាន២សែននាក់។ ចំណែករបាយការណ៍របស់អង្គការសង់ត្រាល់ (Central) រកឃើញថា ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានជាងពីរលាននាក់៕

website_news/2023030502.txt · Last modified: 2023/05/03 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki