website_news:2023030504

កម្ពុជាត្រៀមអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍ជនជាតិហ្វីលីពីន ចំនួន ៤ នាក់

https://www.postkhmer.com/national/2023-04-30-1829-249540.html ជា សុខនី | Publication date 30 April 2023 | 18:29 ICT

ភ្នំពេញៈ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសឱ្យដឹងថា សមត្ថកិច្ចជំនាញរបស់កម្ពុជា បានបញ្ជូនជនជាតិហ្វីលីពីនចំនួន៤នាក់ ទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ សេចក្តីប្រកាសបានឱ្យដឹងថា ក្រុមប្រតិបត្តិការ បានទទួលកំណត់ទូតពីស្ថានទូតហ្វីលីពីន ប្រចាំកម្ពុជាចំនួន ២លើក ដោយស្នើសុំជួយសង្គ្រោះប្រជាពលរដ្ឋហ្វីលីពីនលើករណីបង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជំរិតទារប្រាក់ នៅទីតាំងក្រុមហ៊ុនកាស៊ីណូមួយកន្លែង ស្ថិតក្នុងខេត្តកោះកុង ដោយលើកទី១ ស្នើសុំជួយសង្គ្រោះចំនួន៣០នាក់ និងលើកទី២ ស្នើសុំ ជួយសង្គ្រោះចំនួន ២០នាក់។ ប្រភពដដែលបានបន្តថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះស្រាវជ្រាវស្វែងរកជនជាតិហ្វីលីពីន តាម សំណើសុំអន្តរាគមន៍ទាំង២លើក ដោយលើកទី១ បានរកឃើញប្រជាពលរដ្ឋហ្វីលីពីនចំនួន ២០នាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ ដោយសារពួកគេស្នាក់នៅ និងធ្វើការស្របតាមច្បាប់នៃប្រទេសកម្ពុជា។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានឱ្យដឹងទៀតថា ក្រោយទទួលបានសំណើលើកទី២ សមត្ថកិច្ចជំនាញបានរកឃើញពលរដ្ឋហ្វីលីពីនចំនួន ៧នាក់ ដែលមានឈ្មោះ ប្រហាក់ប្រហែលនឹងឈ្មោះក្នុងសំណើសុំរបស់ស្ថានទូត ទើបសម្រេចអញ្ជើញពួកគេមកទីកន្លែងរបស់សមត្ថកិច្ចដើម្បីធ្វើការសាកសួរ។ គណៈកម្មាធិការនេះថា ៖ «តាមការបំភ្លឺនៅចំពោះមុខមន្ត្រីទូត ពួកគេបានចូលមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២២ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណងស្វែងរកការងារធ្វើ តាមរយៈភ្នាក់ងារ និងបានចូលធ្វើការរហូតមកដល់បច្ចុប្បន្ន ដោយទទួលបានអាហារគ្រប់គ្រាន់ កន្លែងស្នាក់នៅសមរម្យ ប្រាក់ខែទៀងទាត់ និងពុំធ្លាប់ត្រូវបានបង្ខាំងធ្វើទារុណកម្ម ឬបង្ខិតបង្ខំឱ្យធ្វើការ ខុសច្បាប់នោះទេ»។ ពួកគេក៏ពុំបានដឹងអំពីការប្ដឹង ឬស្នើសុំជំនួយទៅកាន់ស្ថានទូតនោះដែរ ហើយឈ្មោះ ដែលមានក្នុងកំណត់ទូតនោះ គឺជាឈ្មោះដែលពួកគេប្រើលើបណ្តាញសង្គមប៉ុណ្ណោះ។ នេះបើតាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សបញ្ជាក់បន្ថែម។ ដោយពិនិត្យឃើញ ភាពស្របច្បាប់ចំពោះការស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានសំណូមពរពីសាមីខ្លួន សមត្ថកិច្ចបានអនុញ្ញាតឱ្យជនជាតិហ្វីលីពីនចំនួន ៣នាក់ ត្រឡប់ទៅបន្តការងារវិញជាធម្មតា និង៤នាក់ ផ្សេងទៀត ស្ម័គ្រចិត្តលាឈប់ពីការងារត្រឡប់ទៅប្រទេសកំណើតវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង ៤ខែចុងឆ្នាំមុន គឺគិតពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានទទួលបញ្ជីតាមដានពាក់ព័ន្ធសំណើឱ្យជួយអន្តរាគមន៍ការជួញដូរមនុស្សជិត ៧០០សំណើ ក្នុងនោះមានជនបរទេសសរុបជាង ១ ៥០០នាក់ និងមាន ១៦សញ្ជាតិ។

យោងតាមព័ត៌មានដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ.ជ.ប.ជ បានទទួលបញ្ជីតាមដានពាក់ព័ន្ធសំណើ និងសំណូមពរ តាមរយៈហ្វេសប៊ុក និងប្រភពផ្សេងៗទៀត សរុបចំនួន ៦៦១សំណើ ជនបរទេស ១ ៥៩៦នាក់ (ស្រី ១៧២នាក់)ស្មើ១៦សញ្ជាតិ។ របាយការណ៍ថា ក្នុងចំណោមអ្នកដែលបានដាក់សំណើ និងសំណូមពរ សុំកិច្ចអន្តរាគមន៍នោះ រួមមាន ជនជាតិខ្មែរ៩នាក់ ចិន៦៦៨នាក់ ជប៉ុន១នាក់ ថៃ៩នាក់ នេប៉ាល់១នាក់ បង់ក្លាដែស២២នាក់ ប៉ាគីស្ថាន១នាក់ ម៉ាឡេស៊ី១៤៤នាក់ មីយ៉ាន់ម៉ា៥នាក់ វៀតណាម៤៦៦នាក់ សិង្ហបុរី១នាក់ ស្រីលង្កា៤នាក់ ហ្វីលីពីន២នាក់ ឥណ្ឌា៨៣នាក់ ឥណ្ឌូនេស៊ី១៧៨នាក់ និងអាមេរិក២នាក់៕

website_news/2023030504.txt · Last modified: 2023/05/03 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki