website_news:2023030505

អង្គការ ILO បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីយន្តការដោះស្រាយ បណ្ដឹងពលករចំណាកស្រុកដល់អ្នកពាក់ព័ន្ធក្នុងខេត្តចំនួន ៣

https://www.postkhmer.com/national/2023-05-01-1853-249585.html ជា សុខនី | Publication date 01 May 2023 | 18:53 ICT

ភ្នំពេញៈ អង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការជំនួយផ្នែកច្បាប់សម្រាប់កុមារ និងស្ត្រី នឹងរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីយន្តការដោះស្រាយបណ្ដឹងពលករចំណាកស្រុក ដល់មន្ត្រីរដ្ឋាភិបាល សហជីព និងអង្គការសង្គមស៊ីវិលក្នុងខេត្តចំនួន ៣ ដោយផ្ដោតលើវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ។

នេះបើតាមការលើកឡើងរបស់លោក សុខ សំបូរ អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិនៃគម្រោង Ship to Shore Rights South-East Asia នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣។ លោកបានសរសេរក្នុងប្រព័ន្ធតេឡេក្រាមរបស់លោកថា អង្គការ ILO ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការជំនួយផ្នែកច្បាប់សម្រាប់កុមារ និងស្ត្រី នឹងរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងយន្តការដោះស្រាយបណ្ដឹងពលករចំណាកស្រុកក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ ទៅកាន់មន្ត្រីរដ្ឋាភិបាល សហជីព និងអង្គការសង្គមស៊ីវិល ក្នុងខេត្តចំនួន៣ ដែលមានពលករធ្វើចំណាកស្រុកច្រើន រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង។

លោកថា កម្មវិធីនេះមានការគាំទ្រពីសហភាពអឺរ៉ុប ក្រោមជំនួយបច្ចេកទេសអង្គការ ILO ក្នុងគម្រោង Ship to Shore Rights South-East Asia ផ្នែកទេសន្តរប្រវេសន៍ការងារ ដោយផ្តោតលើផ្នែកនេសាទ និងការកែច្នៃអាហារសមុទ្រ។ លោកសុខ សំបូរ បញ្ជាក់ថា៖«វគ្គបណ្តុះបណ្តាលនេះនឹងពង្រីកលទ្ធភាពទទួលបានយុត្តិធម៌ និងដំណោះស្រាយសម្រាប់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងជួបប្រទះការរំលោភបំពានលើសិទ្ធិការងារ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រផងដែរ»។

លោកហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការ ILO ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗនៅថ្នាក់ខេត្ត ដើម្បីយល់កាន់តែច្បាស់ពីដំណើរការដោះស្រាយបណ្ដឹងសម្រាប់ពលករចំណាកស្រុកនៅកម្ពុជា។ លោកបានថ្លែងថា៖ «នៅមានការងារជាច្រើនទៀតដែលត្រូវការធានាឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យជនចំណាកស្រុកមានសិទ្ធិទទួលបានសំណងជាក់ស្តែង។វឌ្ឍនភាពជាច្រើនត្រូវបានបង្កើតឡើងក្នុងការរៀបចំយន្តការឆ្លើយតបដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា»។

ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិរបស់អង្គការ ILOប្រចាំនៅកម្ពុជា ក៏បានឱ្យដឹងដែរថា នៅក្នុងប្រទេសគោលដៅសំខាន់ៗ ឱនភាពការងារសមរម្យសំខាន់ៗនៅតែមានសម្រាប់ពលករចំណាកស្រុកកម្ពុជាដែលធ្វើការក្នុងវិស័យនេសាទនិងវិស័យកែច្នៃអាហារសមុទ្រ។ ការស្រាវជ្រាវថ្មីៗរបស់អង្គការអន្តរជាតិខាងការងារ(ILO)បានបង្ហាញពីភាពប្រសើរឡើងមួយចំនួននៅក្នុងលក្ខខណ្ឌការងារសម្រាប់អ្នកចំណាកស្រុកក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ៖ «ការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ក៏ត្រូវបានរកឃើញថានៅតែបន្តកើតមាន ដូចជា ការជំនួសកិច្ចសន្យា ការរក្សាទុកឯកសារអត្តសញ្ញាណ ការជាប់បំណុល ការធ្វើការលើសម៉ោង ការកិបកេងប្រាក់ឈ្នួល អំពើហិង្សា និងការបៀតបៀន ហើយនិងការបង្ខំឱ្យធ្វើការជាដើម»។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា មានជនចំណាកស្រុកកម្ពុជាជាង១,១លាននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេស ហើយរាប់ពាន់នាក់ទៀតត្រូវបានធ្វើការមិនច្បាស់លាស់ដោយស្ថានភាពមិនស្របច្បាប់។ភាគច្រើននៃពលករចំណាកស្រុកទាំងនេះត្រូវបានជួលធ្វើការងារសំខាន់ៗ រួមទាំងក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រផងដែរ។

សូមបញ្ជាក់ថា គម្រោង Ship to Shore Rights South-East គឺជាគំនិតផ្តួចផ្តើមជាច្រើនប្រទេសរបស់សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិដែលអនុវត្តដោយអង្គការអន្តរជាតិខាងការងារ(ILO)សហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)៕

website_news/2023030505.txt · Last modified: 2023/05/03 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki