website_news:2023030701

ក្រសួងសង្គមកិច្ចបដិសេធសំណើអង្គការសិទ្ធិមនុស្សឲ្យបញ្ឈប់ការស្មុំកូនអន្តរប្រទេស

https://www.khmertimeskh.com/501316865/ តន វិបុល / Khmer Times June 30, 2023

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបដិសេធលើសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសិទ្ធិមនុស្ស ដែលស្នើឱ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលីបញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ដើម្បីទប់ស្កាត់ការកើតឡើងវិញនូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល។ អង្គការក្រៅរដ្ឋាភិបាលចំនួនបួនបានចេញសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃពុធ ដោយស្នើរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលីបញ្ឈប់សកម្មភាពនាំឱ្យមានការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ។ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ និងបណ្ដុំអង្គការអន្តរជាតិ Intercountry Adoptee Voices។

អង្គការសង្គមស៊ីវិលទាំងនេះ បាននិយាយថា កម្ពុជាបានផ្អាកការស្មុំកូនឆ្លងប្រទេសក្នុងឆ្នាំ២០០៩ ក្រោយពីមានសេចក្ដីរាយការណ៍ជាច្រើនអំពីអំពើខុសក្រមសីលធម៌ជាច្រើនទាក់ទងនឹងការស្មុំកូន។ ប្រទេសជាច្រើនបានហាមឃាត់ការស្មុំកូនពីកម្ពុជា ក្នុងកំលុងទសវត្សរ៍ឆ្នាំ២០០០។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ប្រទេសអីតាលី និងកម្ពុជាបានចាប់ផ្ដើមបោះជំហានទៅរកការបើកឱ្យមានការស្មុំកូនពីកម្ពុជាឡើងវិញ។ សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំនេះ ក្រសួងសង្គមកិច្ចបានឯកភាពដំណើរការបើកស្មុំកូនជាមួយអ៊ីតាលីឡើងវិញ ហើយភ្នាក់ងារស្មុំកូននៅអ៊ីតាលីចំនួនបីត្រូវបានអនុញ្ញាតឱ្យដំណើរការនៅប្រទេសកម្ពុជា។

សេចក្ដីថ្លែងការណ៍បន្តថា កម្ពុជានឹងរៀបចំជាផ្លូវការនូវបញ្ជីឈ្មោះកុមារដែលគ្រប់លក្ខខណ្ឌក្នុងការស្មុំកូន ប្រហែលជាក្នុងខែមិថុនា ឆ្នាំ២០២៣។ កុមារពីនាក់ក្នុងចំណោមភ្នាក់ងារមួយត្រូវបានរំពឹងថា នឹងត្រូវផ្គូផ្គងជាមួយគ្រួសារជនជាតិអ៊ីតាលីត្រឹមដំណាច់ឆ្នាំនេះ ហើយគណៈប្រតិភូប្រទេសកម្ពុជាត្រូវបានអញ្ជើញទៅកាន់ប្រទេសអ៊ីតាលី នៅឆ្នាំ២០២៤ ដើម្បីបន្តតាមដានកូនចិញ្ចឹមទាំងនោះ។ នៅលើគេហទំព័ររបស់គណៈកម្មាធិការស្មុំកូនអ៊ីតាលី ក៏បានបង្ហាញដែរថា នីតិវិធីស្មុំកូនចំនួន៩នាក់កំពុងរង់ចាំការសម្រេច។

បើតាមអង្គការសង្គមស៊ីវិលទាំងនេះ ទោះបីជាកម្ពុជាបានអនុម័តច្បាប់ថ្មីៗក្នុងការគ្រប់គ្រងការស្មុំកូនអន្តរប្រទេសចាប់តាំងពីឆ្នាំ២០០៩ ប៉ុន្តែនៅតែមានការខ្វះកិច្ចគាំពារប្រកបដោយសុវត្ថិភាពប្រឆាំងនឹងការកើនឡើងនៃអំពើពុករលួយ និងការក្លែងបន្លំដែលនាំឱ្យកើតមានការក្លែងបន្លំស្មុំកូនកន្លងមក។ អង្គការក្រៅរដ្ឋាភិបាលទាំងនេះបន្តថា៖ «ការបើកឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញដោយប្រថុយប្រថាន និងខ្វះការទទួលខុសត្រូវ ច្បាស់លាស់នេះ គឺជាការប្រឆាំងនឹងការអនុវត្តច្បាប់ជាតិនិងអន្តរជាតិ»។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយថា កម្ពុជាបានបើកការស្នើកូនឆ្លងប្រទេសឡើងវិញក្រោយពីការរៀបចំនីតិវិធីស្មុំកូនរួចរាល់ ហើយបានប្រកាសប្រាប់ប្រទេសទាំងអស់ ដែលមានបំណងស្មុំកូនត្រូវបើកភ្នាក់ងារនិងត្រូវសហការជាមួយអាជ្ញាធរកម្ពុជាស្របតាមលក្ខខណ្ឌនានាដែលបានកំណត់ដោយកម្ពុជា។ លោកបានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជាបើកដំណើរការស្មុំកូនឆ្លងប្រទេសរហូតមកទាល់នឹងពេលនេះ គឺនៅមិនទាន់មានប្រទេសណាមួយបានស្មុំកូនពីកម្ពុជានៅឡើយទេ។ តាមរយៈនេះលោកបានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាលទាំងនេះបង្ហាញពីភាពមិនប្រក្រតីនៃការស្មុំកូន។ លោកបានសង្កត់សម្ដីថា៖ «យើងគ្មានហេតុផលណាដែលត្រូវបញ្ឈប់ទេ»។ លោកបន្តថា៖ «កុមារដែលត្រូវបានស្មុំ ជាកុមារកំព្រា កុមារមានពិការភាព និងកុមារត្រូវបានការពារជាពិសេស គឺមិនមែនជាកុមារល្អទេ។ ដូច្នេះអ្នកឯងទទួលយកបានក៏យកទៅ ប្រសិនបើទទួលយកមិនបានទេ គឺខ្ញុំអ្នកចិញ្ចឹមដោយខ្លួនឯងក៏បាន»។

របាយកាណ៍របស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីកម្ពុជារៀបចំតាក់តែងច្បាប់ពាក់ព័ន្ធនឹងស្មុំកូនជាផ្លូវការ គឺរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យបើកដំណើរការស្មុំកូនឡើងវិញ នៅត្រីមាសទី១ ឆ្នាំ២០២០ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ត្រូវបានរាំងស្ទះការអាចអនុវត្តរហូតពន្យារដល់ខែឧសភា។

ក្នុងនីតិវិធីស្មុំកូនអន្តរប្រទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា លក្ខខណ្ឌកុមារ ដែលជាកម្មវត្ថុសម្រាប់ស្មុំកូន គឺជាកុមារមានសញ្ញាតិខ្មែរដែលមានលំនៅឋានជាអចិន្ត្រៃយ៍នៅកម្ពុជា និងត្រូវមានអាយុក្រោម៨ឆ្នាំ ព្រមទាំងជាកុមារកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា ឬរស់នៅក្រោមការទុកដាក់សមស្របផ្សេងទៀត ដែលត្រួតពិនិត្យដោយក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច។ នីតិវិធីស្មុំកូនអន្តរប្រទេសបន្ថែមថា ជាកុមារស្ថិតក្រោមអាណាព្យាបាលសម្រាប់អនីតិជន ឬកុមារស្ថិតនៅក្រោមអំណាចមេបាដែលមានស្ថានភាពលំបាកបំផុត និងជាកុមារត្រូវបានប្រកាសថា អាចសុំជាកូនចិញ្ចឹមបានដោយអនុលោមតាមមាត្រា១៣ នៃច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស។

របាយការណ៍បូកសរុបការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២១ ក្រសួងបានទទួលរបាយការណ៍ ស្ដីពីការវិវឌ្ឍរបស់កូនសុំចំនួន៣៤៣ករណី។ ក្នុងនោះមកពីប្រទេសអ៊ីតាលីចំនួន៣២៧ករណី អូទ្រីសចំនួន១៣ករណី និងម៉ាល់តាចំនួន៣ករណី។ ក្រសួងអះអាងថា តាមការវាយតម្លៃស្ថានភាពកូនមានលក្ខណៈល្អប្រសើរទាំងផ្នែកសុខភាព ការរស់នៅ និងការសិក្សា៕

website_news/2023030701.txt · Last modified: 2023/07/03 10:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki