website_news:2023031001

ជួញដូរមនុស្សនៅឡាវ៖ នារីរងគ្រោះ៦នាក់ត្រូវបានសង្គ្រោះត្រៀមបញ្ជូនមកកម្ពុជាវិញ

https://www.rfi.fr/km//20231002utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 02/10/2023 - 08:26 ដោយ៖អោ ស្រីពេជ្រ

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានឱ្យដំណឹងអំពីករណីនារីខ្មែរ៧នាក់ ត្រូវបានជនខិលខូចបោកប្រាស់ទៅធ្វើការនៅតំបន់ត្រីកោណមាស ប្រទេសឡាវ ហើយដែលត្រៀមលក់បន្តទៅប្រទេសទី៣។ បច្ចុប្បន្ននេះ នារីរងគ្រោះ៦នាក់ត្រូវបានជួយសង្គ្រោះនិងត្រៀមបញ្ជូនមកកម្ពុជាវិញ ខណៈ១នាក់ទៀត នៅមិនទាន់អាចរត់គេចចេញបាន។

ក្នុងទំព័រហ្វេសបុក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ កាលពីថ្ងៃទី៣០ខែកញ្ញាកន្លងទៅ បានឱ្យដំណឹងអំពីករណីនារីខ្មែរ៧នាក់ ត្រូវបានជនខិលខូចបោកប្រាស់ទៅធ្វើការនៅខេត្តបូរកែវ តំបន់ត្រីកោណមាស ប្រទេសឡាវ ហើយដែលត្រៀមលក់បន្តទៅប្រទេសទី៣ បន្ទាប់ពីមានបញ្ហាជាមួយថៅកែ។ ដំណឹងនៃការជួញដូរមនុស្សឆ្លងដែននេះត្រូវបានស្ថានទូតកម្ពុជាដឹងតាមរយៈការបង្ហោះស្នើសុំជំនួយពីជនរងគ្រោះ នៅតាមបណ្តាញសង្គមហ្វេសបុករបស់ពួកគេ។ បន្ទាប់ពីអាចរត់គេចចេញពីកន្លែងធ្វើការបានដោយជោគជ័យ ជនរងគ្រោះ៦នាក់ ក្នុងចំណោម ៧នាក់ កំពុងត្រៀមបញ្ជូនមកកម្ពុជាវិញ ដោយមានការជួយសង្គ្រោះពីកងកម្លាំងប៉ូលីសឡាវ តាមរយៈការសម្របសម្រួលរបស់ស្ថានទូត។ ដោយឡែក ជនរងគ្រោះ១នាក់ទៀត ដែលនៅមិនទាន់អាចរត់គេចចេញបាន ដោយកត្តាសុខភាព ស្ថានទូតកម្ពុជានិងអាជ្ញាធរឡាវនឹងបន្តជួយសង្គ្រោះ បញ្ជូនមកកម្ពុជាដូចគ្នាដែរ នៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ។

ទាក់ទងនឹងរឿងនេះដែរ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មើលឃើញថា ការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម របស់ស្ថាប័នពាក់ព័ន្ធ ជុំវិញការជួញដូរមនុស្ស តួយ៉ាងរឿងរ៉ាវ នៃការជួញដូរមនុស្សឆ្លងដែននៅឡាវនេះ នឹងអាចប៉ះពាល់ដល់ទេសចរណ៍កម្ពុជា។ ប៉ះពាល់ក៏ព្រោះថា រូបភាពអវិជ្ជមាននៅក្នុងបណ្តាញសង្គមបែបនេះនឹងអាចត្រូវបានជនអគតិ យកទៅបំពុលពិភពលោក ធ្វើឱ្យគេលែងហ៊ានមកទស្សនាកម្ពុជាទៀត។ ជាយោបល់ លោកបណ្ឌិត សុខ ទូច យល់ថាហេតុការណ៍នេះគួរត្រូវដោះស្រាយនិងចាត់វិធានការពីក្រោយឆាក ដែលអាចមានប្រសិទ្ធភាពជាង៕

website_news/2023031001.txt · Last modified: 2023/10/03 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki