website_news:2023031002

ចាប់ខ្លួនបុរសស្វ៊ីសម្នាក់ ខណៈកុមារ ៣ នាក់ ត្រូវបានសង្គ្រោះពីរំលោភបំពានផ្លូវភេទ

https://www.postkhmer.com/national/2023-10-02-1646-254930.html ហុង រស្មី | Publication date 02 October 2023 | 16:46 ICT

ភ្នំពេញ: បុរសជនជាតិស៊្វីសម្នាក់ត្រូវបានចាប់ខ្លួន ខណៈ កុមារ ៣ នាក់ ត្រូវបានជួយសង្គ្រោះ ក្នុងប្រតិបត្ដិការ Task Force FOXTROT23 ដែលជាកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិង អង្គភាពការពារកុមារ(CPU)បន្ទាប់ពីស៊ើបអង្កេតអស់ពេល៣ខែលើការរំលោភបំពានផ្លូវភេទកុមារនិងការផលិតរូបភាពអាសអាភាសកុមារនៅភ្នំពេញ។ ប្រតិបត្តិការនេះ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារ និងការផលិតរូបភាពអាសអាភាសកុមារ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់បំផុតមួយរបស់ CPU ក្នុងប្រវត្តិសាស្ត្ររយៈពេល១ទសវត្សរ៍ ដែលជាការរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរលើកុមារនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។ នៅចន្លោះថ្ងៃទី២៦ និងថ្ងៃទី ២៨ ខែកញ្ញា អ្នកស៊ើបអង្កេតបានអនុវត្តដីកាស្វែងរកនៅទីតាំងជាច្រើន ដោយបង្ហាញភ័ស្ដុតាងដ៏គួរឱ្យព្រួយបារម្ភរួមមាន ទូរស័ព្ទ កាមេរ៉ា កុំព្យូទ័រយួរដៃ ស្ទូឌីយោថត សារធាតុរំអិល និងថ្នាំបង្កើនប្រសិទ្ធភាពផ្លូវភេទជាដើម។

លោក James McCabe នាយក CPU បានថ្លែងថា ករណីនេះជា«ទង្វើដ៏រំខានបំផុត» និងបង្ហាញអំពីបុគ្គលដែលពាក់ព័ន្ធក្នុងការថត និងផលិតរឿងអាសអាភាសកុមារ ជាឧក្រិដ្ឋកម្មដែលមានផលវិបាកជាសកល និងក្នុងតំបន់។ លោក McCabe បានឱ្យដឹងថា៖ «ក្នុងរយៈពេល១០ឆ្នាំ នេះជាលើកដំបូងដែល CPU បានជួបប្រទះការរៀបចំប្រកបដោយវិជ្ជាជីវៈបែបនេះ។ ពិតជាគួរឱ្យកោតសរសើរដល់នគរបាលជាតិកម្ពុជា ដែលពួកគេបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មបែបនេះ និងជួយសង្គ្រោះកុមារ»។

លោកបានថ្លែងអំណរគុណចំពោះអគ្គស្នងការនគរបាលជាតិលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ លោក ជី ប៉ូលី និងស្នងការរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ដែលបានណែនាំ និងដឹកនាំការងារស៊ើបអង្កេត។ ការស៊ើបអង្កេតដែលកំពុងបន្តនេះមានការចូលរួមរបស់ប៉ូលិសសហព័ន្ធស្វ៊ីសដែលកំពុងសហការជាមួយ Task Force FOXTROT23។ លោក James McCabe បានបន្ដថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ការស៊ើបអង្កេតនេះកំពុងបន្ត ហើយអ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវកំណត់អត្តសញ្ញាណ។ Task Force សហការជាមួយប៉ូលិសអន្តរជាតិ ដែលនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែមនុស្សទាំងអស់ដែលពាក់ព័ន្ធមិនថាពួកគេស្ថិតនៅក្នុងប្រទេសណានោះទេត្រូវបានកំណត់អត្តសញ្ញាណ»។

ក្នុងរយៈពេល១ទសវត្សរ៍កន្លងមក ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣ អង្គភាព CPU ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែលនេះរួមបញ្ចូលទាំងការដោះស្រាយបញ្ហារំលោភបំពានលើកុមារ២៦៩ករណីក្នុងឆ្នាំ២០២៣ ដែលកើនឡើងពី២៤២ករណី ក្នុងឆ្នាំ២០២២ នៅទូទាំង២៥ ខេត្ត-ក្រុង និងរាជធានី។ អង្គភាពនេះក៏បានរួមចំណែកយ៉ាងសំខាន់ ចំពោះការជំរុញឱ្យមានអត្រាការផ្តន្ទាទោសលើករណីជាប់ពាក់ព័ន្ធនឹងកុមារ ៦ដងផងដែរ ។ ក្នុងអំឡុងពេលនេះ CPU បានស៊ើបអង្កេតលើករណីឃាតកម្មលើអនីតិជនជាង៣០០ករណី ហើយបានបើកការស៊ើបអង្កេតចំនួន១១៨ករណីទៅលើការគំរាមកំហែងតាមអ៊ីនធឺណិត ដូចជា ការមើលកូនកំលោះ និងការចែកចាយរូបភាពអាសអាភាសរបស់កុមារ។ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបាននាំឱ្យមានការចាប់ខ្លួនចំនួន១ ៩៩៨ នាក់ ដែលបណ្តាលឱ្យមានការកាត់ទោសជាប់ពន្ធនាគារសរុបចំនួន ៥ ៨៩៦នាក់ ដែលរាប់បញ្ចូលទាំងទោស១ជីវិត ២០ករណី។

លើសពីនេះទៅទៀត CPU បានផ្តល់ការគាំទ្រដល់សមាជិកគ្រួសារជាង១ម៉ឺននាក់ និងជួយលើផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ជនរងគ្រោះចំនួន១ ១០១នាក់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ពួកគេចំពោះយុត្តិធម៌ និងសុខុមាលភាពរបស់ជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។ ខណៈការស៊ើបអង្កេតកំពុងបន្តកំណត់មុខសញ្ញានៃបទល្មើសដែលបានរកឃើញនៅក្នុងរាជធានីភ្នំពេញ ពិភពលោកកំពុងឃ្លាំមើលដោយរំពឹងថា Task Force FOXTROT23 និងអង្គភាពការពារកុមារ(CPU) នៅតែប្តេជ្ញាការពារកុមារ និងស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ៕

website_news/2023031002.txt · Last modified: 2023/10/03 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki