website_news:2023031003

អភិបាលរងខេត្តព្រះវិហារ អំពាវនាវឱ្យរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងរាល់ទំរង់នៃអំពើការជួញដូរមនុស្សដើម្បីការពារ និងលើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ

https://m.freshnewsasia.com/index.php/en/localnews/312441-2023-10-02-10-23-59.html 2023-10-02 05:23pm

(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសំរេចគោលដៅ អភិវឌ្ឍជាតិ ប្រកបដោយចីរភាព យើងរួមគ្នាប្រយុទ្ធប្រឆាំងរាល់ទំរង់នៃអំពើការជួញដូរមនុស្ស ដើម្បីការពារ និងលើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

ការថ្លែងរបស់លោកស្រី ប៉ាង រ៉ាវី ក្នុងឱកាសដែលលោកស្រី តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់អំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ និងការធ្វើចំណាកស្រុកដោយ សុវត្ថិភាព នៅស្រុកគូលេន នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកមេឃុំ មេភូមិ ជាច្រើនរូបទៀត។

នាឱកាសនោះ លោកស្រី ប៉ាង រ៉ាវី បានថ្លែងអំណរគុណក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចូលរួមគាំទ្រដល់សកម្មភាពការងារជួញដូរមនុស្ស យកស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច របស់ខ្លួនដែលថ្នាក់ដឹកនាំបានប្រគល់ជូន ហើយក៏សូមបន្តរក្សាភាពថ្លៃថ្នូរក្នុងនាមជាមន្រ្តីរាជការ ជាអ្នកដឹកនិងការអនុវត្តការងារមានភាពទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានលទ្ធផលល្អនិងមានប្រសិទ្ធភាពខ្ពស់ ។

លោកស្រីអភិបាលរងខេត្ត ក៏បានថ្លែងណែនាំដល់ក្រុមការងារលេខាធិការដ្ឋានរបស់យើងទាំងអស់ ជាពិសេសក្រុមដែលទទួលបន្ទុកវិស័យអប់រំ ទេសចរណ៏ បន្តធ្វើយ៉ាងណាជំរុញដល់គ្រឹះស្ថានសិក្សាដើម្បីបញ្រ្ជាបការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់ក្មួយៗសិស្សានុសិស្សតាមគ្រឹះស្ថាននានា តាមសាលារៀន ដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីកលល្បិចជនខិលខូចដែលតែងតែឃោសនា អូសទាញ តាមគ្រប់ទំរង់រូបភាពលួងលោមឱ្យក្មួយៗ បងប្អូនប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើក្នុងប្រទេសនិក្រៅប្រទេសទាំងប្រថុយប្រថានផងដែរ។

លោកស្រី ប៉ាង រ៉ាវី ក៏បានថ្លែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តជម្រុញនិងពង្រឹងអប់រំផ្សព្វផ្សាយណែនាំ ដល់បងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់យល់ច្បាស់ពីមុខរបរការងារដែលពួកគាត់ ចង់ធ្វើ។ ជាពិសេសផ្សព្វផ្សាយនូវគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីធ្វើយ៉ាងណាធ្វើឱ្យ ភូមិ ឃុំ របស់យើងមានសុវត្ថិភាពផងដែរ។បន្តពង្រឹងសកម្មភាពការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ពីគ្រប់មជ្ឈដ្ឋាន និងគំនិតថ្មី២ដើម្បីឱ្យពួកគាត់យល់ ដឹង និងរក្សាភាពរឹងមាំ មានសកមត្ថភាពក្នុងការប្រកួតប្រជែង រវាង ឃុំនិងឃុំ ភូមិនិងភូមិ ខ្នងផ្ទះនិងខ្នងផ្ទះ នេះជាគំរូល្អ សំរាប់ភូមិឃុំមានសុវត្ថិភាព។

អនុវត្តអនុសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការទប់ស្កាត់ការជួញដូរមនុស្ស ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន រួមទាំងចាត់វិធានការបង្រ្កាបល្បែងសីុសងខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាព។

លោកស្រី ប៉ាង រ៉ាវី បានថ្លែងយ៉ាងដូច្នេះទៀតថា ពុកម៉ែ បងប្អូន ក្មួយៗទាំងអស់បានដឹងហើយថា ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស តែងតែប្រើឧបបាយកលគ្រប់រូបភាពជាច្រើន ដូចនេះយើងទាំងអស់គ្នាត្រូវបង្កើន ការសើបអង្កេតតាមដានបង្រ្កាប ពង្រីកការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់លើការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀន ល្បែងសីសងខុសច្បាប់គ្រប់ប្រភេទ ដែលបង្កឱ្យមានអំពើហិង្សា និងការលួចឆក់ប្លន់ដែលនាំឱ្យមានអសន្តិសុខ ដល់សហគមន៍ និងជាកត្តារួមផ្សំបណ្តាលអោយមានអំពើជួញដូរមនុស្ស។

ជាមួយគ្នានេះដែរ ត្រូវបើកយុទ្ធនាការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរនិងរត់ពន្ធមនុស្ស ពលកម្មដោយបង្ខំ និង អជីវកម្មផ្លូវភេទឳ្យមានប្រសិទ្ធភាព។ទាំងអស់គ្នាត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីរួមគ្នាលុប់បំបាត់ គ្រឿងញៀន ល្បែងស៊ើសងដែលជាអបាយមុខខុសច្បាប់គ្រប់ប្រភេទ និងគ្រប់ទំរង់នៃការជួញដូរមនុស្ស ដោយត្រូវស៊ើបអង្កេតស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើសនិងបណ្តាញបក្សពួកមកផ្តន្ទាទោសតាមច្បាប់។ ត្រូវបង្ការទប់ស្កាត់បញ្ហាទាំងអស់នេះតាមរយះវិធានការផ្សព្វផ្សាយ អប់រំវិធានការច្បាប់កុំឱ្យកូនចៅរបស់យើងក្លាយជាអ្នករងគ្រោះដោយសាតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើអាជីវកម្មនិងធ្វើការគ្រប់គ្រងអាវុធឱ្យបានត្រឹមត្រូវ។

អាជ្ញាធរសមត្ថកិច្ចថ្នាក់ក្រោមជាតិ ត្រូវធ្វើសកម្មភាពបង្រ្កាបល្បែងសីសងខុសច្បាប់ជាប្រចាំដូចភ្លៀងរលឹមដើម្បីរួមចំណែកកាត់បន្ថយអំពើជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម។សហការគ្នាដើម្បីលុប់បំបាត់អំពើជួញដូរមនុស្ស ដែលចាប់ផ្តើមពីការផ្សព្វផ្សាយ អប់រំបង្ការទប់ស្កាត់ការពារជនរងគ្រោះ ធ្វើការស្វើបអង្កេតស្រាវជ្រាវ បង្រ្កាបនិងផ្តន្ទាទោសជនល្មើស ឱ្យបានមឺងម៉ាត់។ យើងរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសំរេចគោលដៅអភិវឌ្ឍជាតិប្រកបដោយចីរភាព យើងរួមគ្នាប្រយុទ្ធប្រឆាំងរាល់ទំរង់ នៃអំពើការជួញដូរមនុស្សដើម្បីការពារនិងលើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយើង៕

website_news/2023031003.txt · Last modified: 2023/10/03 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki