website_news:2023031101

ក្រសួងការងារ និងIOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍

https://www.kampucheathmey.com/local-news/606431 ថ្ងៃសុក្រ ៣ វិច្ឆិកា ២០២៣ Ngoeul Narath

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍នៅកម្ពុជា។

ក្នុងជំនួបដែលធ្វើឡើងនាថ្ងៃរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ សំខាន់ៗ ដែលអង្គការ IOM បានគាំទ្រទាំងកម្រិតកម្ពុជា និងកម្រិតតំបន់ទន្លេរមេគង្គដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណដល់អង្គការ IOM ដែលគាំទ្រដល់កម្ពុជាលើគម្រោង PROMISE ក៏ដូចជាគម្រោងផ្សេងៗទៀត ដើម្បីឱ្យពលករទេសន្តរប្រវេសន៍កម្ពុជាទទួលបានលក្ខខណ្ឌការងារល្អ មានការគោរពសិទ្ធិនិងការពង្រឹងសមត្ថភាពជំនាញជាដើម។

បន្ថែមពីនេះ លោក ហេង សួរ បានបង្ហាញទស្សនៈវិស័យរបស់ក្រសួងក្នុងអាណត្តិទី៧ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មក្នុងទីផ្សារដែលមានស្រាប់ ក៏ដូចជាការពង្រីកនូវការថែទាំសុខភាពតាមរយៈរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងសមាជិកក្នុងបន្ទុករបស់កម្មករនិយោជិតដែលជាយុទ្ធសាស្ត្រពង្រឹងសុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយ។

ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានគាំទ្រ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកស្រីថា បានគិតគូពីផលប្រយោជន៍ពលរដ្ឋ៕

website_news/2023031101.txt · Last modified: 2023/11/03 08:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki