website_news:2023031102

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ នៅខេត្តព្រះវិហារ

https://freshnewsasia.com/index.php/en/localnews/316420-2023-11-02-12-08-04.html 2023-11-02 07:08pm

(ព្រះវិហារ)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារតាមប្រព័ន្ធអនឡាញ»។

ពិធីមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី ប៉ាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងសាខាប្រតិបត្តិករផ្ដល់សេវាអុីនធឺណិត សរុបប្រមាណ ៩០រូប។

សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត អង្គភាពពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ ដោយផ្តោតលើប្រធានបទ៖

ការផ្សព្វផ្សាយអនុសាសន៍១២ ចំណុច របស់ សម្តេចអគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន និងអនុសាសន៍ ៦ចំណុចរបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្ត្រីក្នុងភាពជាអ្នកដឹកនាំ, ការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ, និងការជំរុញសកម្មភាពស្ត្រីក្នុងការចាប់យកជំនាញឌីជីថល។

នៅក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ការផ្តល់ឱកាសនិងការជំរុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិត និងឈានទៅសម្រេចឱ្យបានចំណាត់ថ្នាក់ ជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ស្របជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅរបស់មន្ត្រីរាជការនារី នៅក្នុងអង្គភាពរបស់ខ្លួនតាមរយៈ៖ ១).បន្តលើកកម្ពស់សមធម៌យេនឌ័រ ជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសេដ្ឋកិច្ច ក្នុងការបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពរបស់ស្ត្រីក្នុងការផ្តល់ឱកាសដល់ស្ត្រីឱ្យទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត និង ២).បន្តបង្កើនសមាមាត្រការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើនឡើង តាមរយៈការលើកកម្ពស់សិទ្ធិ និងឋានៈ របស់ស្ដ្រី ក្នុងគ្រប់ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា។

ឆ្លៀតឱកាសនេះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងដែលតែងតែឧបត្ថម្ភគាំទ្រក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយលោកជំទាវក៏បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជូនសិក្ខាកាម និងមានសង្ឈឹមថា សិក្ខាកាមទាំងអស់ នឹងបានយល់ដឹងបន្ថែមនូវចំណុចសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងបន្តផ្សព្វផ្សាយនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមជាតិយើងអោយកាន់តែរីកចម្រើនថែមទៀត៕

website_news/2023031102.txt · Last modified: 2023/11/03 08:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki