website_news:2023040403

សម្តេចក្រឡាហោមជំរុញឱ្យរដ្ឋបាលខេត្តបន្ដខិតខំប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន

https://www.btv.com.kh/article/21811 2023/04/01 12:51:49 pm

ព្រះសីហនុ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ “ជំរុញឱ្យរដ្ឋបាលខេត្តបន្ដខិតខំប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាព រារាំងនូវការវិនិយោគ និងវិស័យទេសចរណ៍” ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុនៅសណ្ឋាគារ សុខា ប៊ិច ក្រុងព្រះសីហនុកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

សម្តេចក្រឡាហោមមានប្រសាសន៍ថា សមិទ្ធផលដែលទទួលបានពីសន្និបាតជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តឆ្នាំ២០២៣ ហើយគប្បីយកចិត្តទុកដាក់បន្ថែមទៀត។ ទោះបីយើងសម្រេចបានលទ្ធផលការងារដោះស្រាយកង្វល់របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ទាក់ទងនឹងតួនាទី និងកិត្យានុភាពរបស់រដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើស ជួញដូរមនុស្ស ជួញដូរពលកម្ម ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាពខេត្ត ប៉ះពាល់មុខមាត់ព្រះរាជាណាចក្រកម្ពុជា វាហាក់បីរារាំងនូវការវិនិយោគក៏ដូចជាវិស័យទេសចរណ៍។ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច បើយើងមិនបានដោះស្រាយទាន់ពេលវេលា និងធ្លាក់ក្នុងបញ្ហាធ្ងន់ធ្ងរ យើងត្រូវធ្វើកិច្ចការជាច្រើនសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ពួកគាត់មិនទាន់វិលមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ។ ឆ្នាំ២០២២ យើងចាត់ទុកជាឆ្នាំអនុវត្តច្បាប់ជំហានដំបូង ហើយឆ្នាំ២០២៣ អនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ មតិជាតិ អន្តរជាតិ វិនិយោគចិន។ យើងខិតខំដោះស្រាយ គាំទ្រគោលការណ៍ វិធានការណ៍របស់រាជរដ្ឋាភិបាលដោយឯកភាពគ្នាប្រកបដោយតម្លាភាព ដើម្បីលើកស្ទួយកិត្យានុភាពខេត្តព្រះសីហនុ។

សម្តេចបន្តថា ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់កន្លងមក ព្រោះកម្ពុជាត្រូវបានគេយកធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរពលកម្ម ដូច្នេះយើងត្រូវការគាំទ្រពីប្រទេសជាសមាជិក អង្គការដៃគូក្នុងការទប់ស្កាត់បទល្មើសឲ្យខានតែបាន ហើយនេះជាកិច្ចការអាទិភាពរបស់ខេត្តព្រះសីហនុ ស្មើសុំឲ្យមន្ត្រីរបស់យើងខិតខំការពារសន្តិសុខ សុវត្ថិភាពការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន និងថ្នាក់ដឹកនាំប្រទេសជាតិ អនុវត្តកិច្ចការនេះឲ្យបានល្អ រក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រទេសរយៈពេល ៥ ចាប់ពីឆ្នាំ២០២៣-២០២៨ ដោយសេរី ប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ ប្រកួតប្រជែងបោះឆ្នោតដោយសេរី គ្មានអំពើហិង្សា សន្តិសុខល្អ ដើម្បីទាញការគាំទ្រការបោះឆ្នោតជាផ្លូវការឲ្យទទួលបានជោគជ័យ ធានាសុខសន្តិភាព ការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ម្យ៉ាងទៀតប៉ុស្តិ៍នគរបាលត្រូវពង្រឹងគុណភាពទទួលខុសត្រូវ និងមានវត្តមានធ្វើការជាប់ជាប្រចាំ ដើម្បីបំពេញចន្លោះប្រហោងដែលមានការយឺតយ៉ាវ។រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរកប្រភពចំណូល និងប្រើប្រាស់ប្រភពចំណូលរបស់ខ្លួនដូចជា ទី១.ចំណូលថវិការដ្ឋ ២.ចំណូលរកដោយខ្លួនឯងស្របច្បាប់ និងទី៣.ចំណូលពីសប្បុរសជន ដើម្បីឲ្យរដ្ឋបាលរបស់យើងរឹងមាំខ្លាំង ទន្ទឹមនោះបង្កើនរបបប្រជុំរវាងក្រុមប្រឹក្សា និងគណៈអភិបាលឱ្យបានទៀងទាត់តាមតួនាទីភារកិច្ច៕ អត្ថបទ៖ គង់ ប៊ុនថា

website_news/2023040403.txt · Last modified: 2023/04/04 09:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki